ប្រធានាធិបតី​អាមេរិក​និង​រុស្ស៊ី​ចាប់​ផ្តើម​ជំនួប​កំពូល​ដែល​បាន​រង់​ចាំ​ជា​យូរ​មក​ហើយ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden (ឆ្វេង) និង​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ចូលរួម​ក្នុង​ជំនួប​មួយ​នៅ​ Villa La Grange ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោកJoe Biden និង​ប្រធានាធិបតី​រុស្សី​លោកVladimir Putin បាន​ចាប់​ផ្តើម​ជំនួប​កំពូល​ដែល​បាន​រង់​ចាំ​ជា​យូរ​មក​ហើយ​កាលពី​ថ្ងៃពុធ​នៅ​ក្នុង​ទី​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។ ទី​ក្រុង​ហ្សឺណែវ​ត្រូវ​បាន​ជ្រើស​រើស​ធ្វើ​ជា​ទីតាំង​នៃ​កិច្ច​ប្រជុំ​កំពូលរវាង​មេដឹកនាំទាំង​ពីរ​រូប​នេះ​ ដោយ​សារតែ​ប្រវត្តិ​អព្យាក្រឹតខាង​នយោបាយ​របស់ខ្លួន។

នៅ​មុន​ជំនួប​កំពូល​ចាប់​ផ្តើម​ឡើង មេដឹកនាំ​ទាំង​ពីរ​រូប​ បាន​ចាប់​ដៃគ្នា នៅ​ចំពោះ​មុខ​ក្រុម​អ្នក​សារព័ត៌មានអាមេរិក​និង​រុស្ស៊ី​ ដែល​កំពុង​ប្រជ្រៀត​រុញ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បីថត​យក​រូបភាព​នៃ​មេដឹកនាំទាំង​ពីរ​នេះ។

លោក Putin បាន​ថ្លែង​តាម​រយៈ​អ្នក​បក​ប្រែភាសាក្នុង​ជំនួប​នោះ​ថា៖ «ខ្ញុំ​សូម​អរគុណ​លោក​ប្រធានាធិបតី​ដែល​បាន​ផ្តើម​គំនិត​ឲ្យ​មាន​ជំនួប​កំពូល​នៅ​ថ្ងៃ​នេះ។ ខ្ញុំ​ដឹង​ថា​លោក​បាន​ធ្វើ​ដំណើរ​ក្នុង​ផ្លូវ​ដ៏​វែង​មួយ។ ទំនាក់​ទំនង​រវាងរុស្សី​និង​សហរដ្ឋ​អាមេរិក​ មាន​បញ្ហា​ជា​ច្រើន​ ដែល​តម្រូវ​ឲ្យ​មាន​ដោះស្រាយ​តាម​រយៈជំនួបកំពូល​នេះ​ហើយ​ខ្ញុំ​សង្ឃឹម​ថា ជំនួប​របស់​យើងនៅ​ថ្ងៃ​នេះ​ នឹង​ទទួល​បានលទ្ធផល​ល្អ​ប្រសើរ»។

ជា​ការ​ឆ្លើយ​តប​វិញ ប្រធានាធិបតី​អាមេរិក​លោកBidenបាន​និយាយ​ថា៖ «ខ្ញុំ​សូម​អរគុណ។ ដូច​ខ្ញុំ​បាន​និយាយ​នៅ​ខាង​ក្រៅ​មុន​នេះ​អញ្ចឹង​ ខ្ញុំ​គិត​ថា​ វា​តែងតែ​ជា​ការ​ប្រសើរ​ក្នុង​ការជួប​ទល់​មុខ​គ្នា​ដោយ​ផ្ទាល់​នោះ»។

ភាគី​ទាំងពីរ​ធ្លាប់​បាន​លើក​ឡើងក្នុង​ពេល​កន្លង​មក​ ស្តី​ពីឱកាស​នៃ​កិច្ច​សហប្រតិបត្តិការរួម​គ្នា​ ប៉ុន្តែ​មិនបាន​រំពឹង​ទុកនូវ​ភាព​ប្រសើរ​ណា​មួយ​ក្នុង​ទំនាក់​ទំនងដែល​មាន​ភាព​តាន​តឹង​រវាង​រដ្ឋាភិបាលក្រុង​មូស្គូ​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នោះ​ទេ។ ជំនួប​កំពូល​នេះ​ ត្រូវ​បាន​គេ​រំពឹង​ទុក​ថា នឹង​មាន​ការ មិន​ចុះ​សម្រុង​គ្នា​ច្រើន​ជាង​ការឈាន​ដល់​ការព្រមព្រៀង​សំខាន់​ៗ។

មន្ត្រី​ជាន់​ខ្ពស់អាមេរិក​ម្នាក់​បាន​ប្រាប់​វីអូអេ​និង​ក្រុម​អ្នក​យក​ព័ត៌មាន​ផ្សេងៗ​ទៀត​នៅ​លើ​យន្តហោះប្រធានាធិបតី Air Force One ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ស្វីស​ថា «យើង​មិន​រំពឹង​ទុកថា នឹង​ទទួល​បានលទ្ធផល​ធំ​ដុំ​ណា​មួយពី​ជំនួប​កំពូល​នេះទេ»។

យន្តហោះ​របស់​ប្រធានាធិបតី​រុស្សី​បាន​ចុះ​ចតក្នុង​ទី​ក្រុង​ហ្សឺណែវ​ ហើយ​លោកPutin បាន​ធ្វើ​ដំណើរទៅ​ដល់​ទី​កន្លែង​សម្រាប់​ជំនួប​កំពូល​នៅ​ Villa La Grange ប្រហែល​ជាម៉ោង​១​រសៀល​ម៉ោងក្នុងប្រទេស​ស្វីស។ ចំណែក​លោក Biden បាន​ទៅ​ដល់​ទី​តាំងប្រជុំ​កំពូល​នោះ​ នៅ​ក្រោយ​លោកPutin បន្តិច​ដែលនេះ​ជាគម្រោង​ការ​ទូត​មួយរបស់​សេតវិមាន​ ​ក្នុង​ការ​ជៀស​វាង​នូវ​អ្វី​ដែល​កើត​មាន​ឡើងក្នុង​ជំនួបកំពូល​កាល​ពី​ឆ្នាំ​២០១៨ រវាង​លោក​ Putin ​និង​អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ក្នុង​ទីក្រុង Helsinki ប្រទេស​ហ្វាំងឡង់ ដែល​កាល​នោះលោក​ Trump​ ត្រូវ​អង្គុយ​ចាំ​លោក Putin ដែល​មក​យឺត​រហូត​ដល់​៣០​នាទី​ឯណោះ។

លោកPutinនិង​លោក Biden បាន​ចាប់​រលាក់​ដៃ​គ្នា​នៅ​ខាង​ក្រៅ​បន្ទប់ មុន​ពេលដើរ​ចូល​ទៅ​ក្នុង​បន្ទប់​ប្រជុំ​រួម​គ្នា។

កិច្ច​ប្រជុំ​កំពូល​នេះ​នឹង​បញ្ចប់​នូវ​ដំណើរ​ទស្សនកិច្ច​ទៅ​ក្រៅ​ប្រទេសជា​លើក​ដំបូង​របស់​លោកJoe Biden ចាប់​តាំង​ពី​លោក​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​មក។ ក្នុង​សប្តាហ៍​នេះ លោក​ Biden បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំក្រុម​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​ជឿន​លឿន ​ឬ​G-7 និង​ចូល​រួម​កិច្ច​ពិភាក្សា​ជា​មួយអង្គការ​អូតង់ ​និងមេដឹកនាំ​សហភាព​អឺរ៉ុប ​ដើម្បី​ជំរុញ​នូវ​ទំនាក់​ទំនង​ក្នុងចំណោម​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​ និងពិភាក្សា​ជា​មួយ​ពួក​គេ​ស្តី​ពីកិច្ច​ប្រជុំ​កំពូល​រវាងអាមេរិក និង​រុស្ស៊ី​នោះ។​

ក្នុង​បទ​សម្ភាសន៍​មួយ​ ជា​មួយ​ទូរទស្សន៍NBC News លោក Putin និយាយ​ថា៖ «ទំនាក់​ទំនងរវាង​រុស្ស៊ី​និង​សហរដ្ឋ​អាមេរិក បាន​ធ្លាក់​ដល់​ចំណុច «​ដ៏​ទាប​បំផុតមួយ​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំថ្មីៗ​ចុង​ក្រោយ​នេះ»៕