លោកស្រី Hillary Clinton ដែលបានត្រូវសន្មតថាជាបេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សប្រជាធិបតេយ្យនឹងមានការប្រជុំឃោសនាបោះឆ្នោតមួយនៅថ្ងៃអង្គារនេះនៅក្នុងក្រុង Portsmouth រដ្ឋ New Hampshire នាប៉ែកឦសានស.រ.អា.។ ការជួបជុំនេះនឹងមានការចូលរួមដោយលោក Bernie Sanders គូប្រជែងរបស់លោកស្រីខាងគណបក្សប្រជាធិបតេយ្យនិងជាសមាជិកព្រឹទ្ធសភាស.រ.អា.។
ក្រុមអ្នកឃោសនាបោះឆ្នោតជូនលោកស្រី Clinton បាននិយាយថា បេក្ខជនទាំងពីរនាក់នេះនឹងពិភាក្សាគ្នាអំពីការប្តេជ្ញារបស់លោកនិងលោកស្រីក្នុងការកសាងជាមួយគ្នានូវប្រទេសអាមេរិកមួយដែលខ្លាំងជាងមុន និងសេដ្ឋកិច្ចមួយដែលដែលមានប្រយោជន៍សម្រាប់មនុស្សគ្រប់ៗគ្នា មិនមែនសម្រាប់តែពួកជននៅកម្រិតខ្ពស់ប៉ុណ្ណោះទេ។
មានការនិយាយស្មានៗជាច្រើនថា លោក Sanders អាចគាំទ្រលោកស្រី Clinton នៅក្នុងការប្រជុំនេះ។ លោក Sanders មិនបានមានប្រសាសន៍ថា លោកនឹងគាំទ្រលោកស្រី Clinton ទេ ក៏ប៉ុន្តែលោកបាននិយាយប្រាប់ពួកអ្នកកាសែតកាលពីថ្ងៃសៅរ៍ថា លោកស្រីនិងលោកនឹងមកជាមួយគ្នាហើយចូរចាំស្តាប់ដំណឹងនេះ។
ការប្រជុំឃោសនានៅក្នុងរដ្ឋ New Hampshire ធ្វើឡើងក្រោយការពិភាក្សាគ្នាជាផ្លូវឯកជនបីបួនដងរវាងក្រុមអ្នកគាំទ្របេក្ខជនទាំងពីរនាក់នេះអំពីបញ្ហាគោលនយោបាយ។ នៅក្នុងរដ្ឋនេះ លោក Sanders ធ្លាប់មានជ័យជម្នះលើលោកស្រី Clinton ២២ភាគរយនៅក្នុងការបោះឆ្នោតបឋមកាលពីខែកុម្ភៈ។
លោក Snaders បានជំរុញឱ្យមានកិច្ចព្រមព្រៀងគ្នាអំពីគោលនយោបាយលើការសិក្សានៅឧត្តមសិក្សា ការថែរក្សាសុខភាព និងប្រាក់កម្រៃសហព័ន្ធទាបបំផុតចំនួន១៥ដុល្លារក្នុងមួយម៉ោង។ សំណើខាងគោលនយោបាយខ្លះរបស់លោក Sanders បានត្រូវបញ្ចូលទៅក្នុងសេចក្តីព្រាងមួយនៃកម្មវិធីនយោបាយរបស់គណបក្សប្រជាធិបតេយ្យកាលពីដំណាច់សប្តាហ៍មុននេះ៕