កាលពីថ្ងៃចន្ទ ប្រធានាធិបតីយូរអង្វែងរបស់ប្រទេសបេឡារុសត្រូវបានប្រកាសថាទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតជាតិកាលពីថ្ងៃអាទិត្យ ហើយលោកបានប្ដេជ្ញាថា នឹងបង្ក្រាបនូវរាល់បាតុកម្មណាដែលប្រឆាំងនឹងជ័យជម្នះរបស់លោក។
ក្រុមមន្ត្រីរៀបចំការបោះឆ្នោតនៅក្នុងប្រទេសបេឡារុសបានប្រកាសថា ប្រធានាធិបតីផ្ដាច់ការដែលកាន់តំណែងរយៈពេលជាច្រើនឆ្នាំនៅក្នុងប្រទេសនេះ ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីម្ដងទៀត នៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ។
លោក Lukashenko ដែលបានកាន់អំណាចអស់រយៈពេល ២៦ ឆ្នាំមកហើយ បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមបាតុករដែលប្រឆាំងនឹងប្រឈមមុខនឹងការបង្ក្រាបយ៉ាងខ្លាំងក្លា។ លោកបានហៅពួកគេថាជា «ចៀម» ដែលត្រូវបានពង្វក់ដោយមេខ្លោងបរទេស។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ប្រទេសបេឡារុសបានឱ្យដឹងកាលពីថ្ងៃចន្ទថា ក្រោយពីសន្លឹកឆ្នោតទាំងអស់ត្រូវបានរាប់ លទ្ធផលបង្ហាញថា ប្រធានាធិបតីបច្ចុប្បន្ន លោក Alexander Lukashenko ទទួលបានការគាំទ្រចំនួន ៨០,២៣% នៃសន្លឹកឆ្នោតសរុប ហើយគូប្រជែងសំខាន់ខាងគណបក្សប្រឆាំងគឺអ្នកស្រី Sviatlana Tsikhanouskaya ទទួលបានសន្លឹកឆ្នោតគាំទ្រចំនួន ៩.៩%។
ស្របពេលជាមួយគ្នានេះដែរ អង្គការសិទ្ធិមនុស្សបានឱ្យដឹងថា មនុស្សម្នាក់បានស្លាប់ ហើយមនុស្សជាច្រើនទៀតរងរបួសនៅក្នុងការបង្ក្រាបរបស់ប៉ូលិសទៅលើបាតុកម្ម ដែលត្រូវបានធ្វើឡើង ក្រោយពីការបោះឆ្នោតបញ្ចប់កាលពីថ្ងៃអាទិត្យ។ បាតុករមួយចំនួនត្រូវបានចាប់ខ្លួន។ ប៉ូលិសបានប្រើគ្រាប់បែកផ្សែង ឧស្ម័នបង្ហូរទឹកភ្នែក និងម៉ាស៊ីនបាញ់ទឹក ដាក់បាតុកររាប់ពាន់នាក់ ដែលបាននាំគ្នាទៅធ្វើការតវ៉ានៅតាមដងផ្លូវក្នុងរដ្ឋធានី Minsk កាលពីល្ងាចថ្ងៃអាទិត្យ។
ក្រុមអ្នកគាំទ្រគណបក្សប្រឆាំង ដែលជឿថា លទ្ធផលនៃការបោះឆ្នោតត្រូវបានបន្លំ គ្រោងនឹងជួបជុំគ្នាដើម្បីរៀបចំការតវ៉ាថែមទៀតនៅរដ្ឋធានី Minsk នៅល្ងាចថ្ងៃចន្ទ ម៉ោងក្នុងប្រទេស។
ថ្លែងពីទីស្នាក់ការរបស់ខ្លួន អ្នកស្រី Tsikhanouskaya និយាយថា អ្នកស្រីមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះទេ៕