នៅថ្ងៃអាទិត្យនេះ រដ្ឋាភិបាលចិនបានបញ្ជាក់ថា ខ្លួននឹងស្វាគមន៍ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោក Steven Mnuchin ដែលលោកបាននិយាយថា លោកកំពុងពិចារណាធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិភាក្សាអំពីជម្លោះពាណិជ្ជកម្មដែលគេមើលឃើញថាជាការគំរាមកំហែងដល់សេដ្ឋកិច្ចសាកលលោក។
ភាពតានតឹងរវាងមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីរនៅលើពិភពលោកបានបំពុលដល់បរិយាកាសជួបប្រជុំគ្នារបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃបណ្ដាប្រទេសនានានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដែលអ្នកទាំងនោះមានការព្រួយបារម្ភថា សង្គ្រាមពាណិជ្ជកម្មអាចបំផ្លាញដល់ការវិវឌ្ឍទៅមុខនៃសេដ្ឋកិច្ចសាកលលោក។
លោក Steven Mnuchin បាននិយាយកាលពីថ្ងៃសៅរ៍ម្សិលមិញនៅក្នុងអំឡុងពេលកិច្ចប្រជុំរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF និងធនាគារពិភពលោកនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកថា លោកកំពុងពិចារណាធ្វើដំណើរទៅកាន់ប្រទេសចិន។
ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា៖ «រដ្ឋាភិបាលចិនបានទទួលព័ត៌មានថា ភាគីខាងសហរដ្ឋអាមេរិកចង់ធ្វើដំណើរមកកាន់ទីក្រុងប៉េកាំងដើម្បីពិភាក្សាអំពីសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ រដ្ឋាភិបាលចិនស្វាគមន៍លើរឿងនេះ»។
កាលពីខែមុន ប្រធានាធិបតីអាមេរិកលោក Donald Trump បានសម្រេចយកពន្ធគយខ្ពស់លើទំនិញនានារបស់ចិនដែលនាំចូលមកកាន់សហរដ្ឋអាមេរិកក្នុងទឹកប្រាក់រាប់ម៉ឺនលានដុល្លារអាមេរិក។ ចំណែកឯរដ្ឋាភិបាលចិនវិញ បានដាក់កំហិតពន្ធគយលើទំនិញកសិកម្មនាំចេញសំខាន់ៗរបស់សហរដ្ឋអាមេរិក និងបានគំរាមធ្វើដូចគ្នានេះដែរចំពោះឧស្សាហកម្មសណ្ដែកសៀងរបស់សហរដ្ឋអាមេរិក៕