ការ​ចាប់​ខ្លួន​ប្រធាន​វិទ្យុ​ប៉ះពាល់​ដល់​ដំណើរការ​ផ្សាយ​វិទ្យុ​សំបុកឃ្មុំ

លោកស្រី ឌីន ផាន់ណារ៉ា ភរិយា​របស់​លោក ម៉ម សុណង់ដូ និង​លោក ជា បំរុង អនុប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ពិភាក្សា​ពី​ស្ថានភាព​ចុង​ក្រោយ​និង​ការ​លំបាក​ទាក់ទង​នឹង​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​សំបុក​ឃ្មុំ ក្នុង​កម្មវិធី​ហេឡូវីអូអេ កាល​ពី​ថ្ងៃ​ ១៣ សីហា ២០១២។

ភ្នំពេញ៖ ការ​ចាប់​ឃាត់​ខ្លួន​លោក​ ម៉ម សុណង់ដូ ទំនង​ជា​បាន​ជះ​ឥទ្ធិពល​អាក្រក់​មួយ​ផ្នែក​ដល់​វិទ្យុ​សំបុក្រឃ្មុំ​របស់​លោក។ ភរិយា​របស់​នាយក​វិទ្យុ​សំបុក​ឃ្មុំ អ្នកស្រី ឌីន ផាន់ណារ៉ា មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​ហេឡូវីអូអេ​ កាល​ពី​រាត្រី​ថ្ងៃច័ន្ទ​ថា​ វិទ្យុ​នេះ​មិន​អាច​ផលិត​កម្មវិធី​ដែល​មាន​ប្រជាប្រិយភាព​មួយ​ចំនួន​ដូច​ជា​បទ​សម្ភាសន៍​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តាម​ទី​ជនបទ​ ការ​សន្ទនា​តាម​ទូរស័ព្ទ​ដែល​ប្រជាពលរដ្ឋ​អាច​ទូរស័ព្ទ​ចូល​ហើយ​បញ្ចេញ​ទស្សនៈ​ដោយ​សេរី​ជា​ដើម។

«លោក​ប្រធាន​ ម៉ម សុណង់ដូ ជា​បេះដូង​នៃ​វិទ្យុ​សំបុកឃ្មុំ​ ហើយ​អវត្តមាន​របស់​គាត់​គឺ​ធ្វើ​ឲ្យ​កម្មវិធី​ទាំង​នេះ​នៅ​ចន្លោះ​ក្រហត»។

លោកស្រី​ ឌិន ផាន់ណារ៉ា បញ្ជាក់​យ៉ាង​ដូច្នេះ​ដើម្បី​ពិពណ៌នា​ពី​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​បន្ទាប់​ពី​ការ​ចាប់​ខ្លួន​លោក ម៉ម សុណង់ដូ កាល​ពី​ពាក់​កណ្តាល​ខែ​កក្កដា។ រដ្ឋាភិបាល​បាន​ចោទ​រូប​លោក​ថា បាន​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​ធ្វើ​អបគមន៍​នៅ​ក្នុង​ខេត្ត​ក្រចេះ។

លោក​ ម៉ម សុណង់ដូ ក៏​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ​ផង​ដែរ។ សមាគម​របស់​លោក​មាន​សមាជិក​ជាង​ ១៣០.០០០​នាក់។

ដោយ​ឡែក​លោក​ ជា បំរុង អនុប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​មាន​ប្រសាសន៍​ថា៖ «ក្រោយ​ពី​ការ​ចាប់​ខ្លួន​លោក​ម៉ម សុណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​មក​ យើង​មាន​ការ​ភិត​ភ័យ​និង​ទទួល​បាន​ការ​គំរាមកំហែង​តាម​ផ្លូវចិត្ត​និង​តាម​កាយវិការ​ខ្លះ»៕