ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ ម៉ម សុណង់ដូ​រៀបចំ​ខ្លួន​រួចរាល់ដើម្បី​តតាំង​តាម​ផ្លូវ​ច្បាប់​

  • ហេង រស្មី

ពលរដ្ឋ​តវ៉ា​ឲ្យ​ដោះលែង​លោកម៉ម សុណង់ដូ។
ភ្នំពេញ៖ លោក​ម៉ម សូណង់​ដូ​នាយក​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ​និង​ជា​ប្រធាន​សមា​គម​អ្នក​ប្រជា​ធិបតេយ្យ​បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​លោក​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បីតតាំង​តាម​ផ្លូវ​តុលាការ​ក្នុង​ការ​ចោទ​ប្រកាន់​ថា​លោក​ជាប់​ពាក់​ព័ន្ឋ​និង​ការ​បង្កើត​តំបន់​អបគមន៍​ខុស​ច្បាប់​ក៏ប៉ុន្តែ​លោក​បាន​សំណូមពរ​ឲ្យ​តុលាការ​ប្រកាន់​ជំហរ​អព្យាក្រិត​ដើម្បី​ចៀស​វាង​អ្នក​ដែល​ឆ្លើយ​ទម្លាក់​កំហុស​ដាក់​លោក។

ការ​បញ្ចេញ​ប្រតិកម្ម​របស់​លោកម៉ម សូណង់​ដូ​បាន​កើត​មាន​ឡើង​ក្រោយ​ពី​ប្រសាសន៍​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន ដែល​បាន​រាំង​ខ្ទប់​យុទ្ឋនា​ការ​ផ្តិត​មេដៃ​ដើម្បី​ស្នើ​សុំ​ឲ្យ​ដោះ​លែង​លោក​ឲ្យ​មាន​សេរី​ភាព​ឡើង​វិញ​។​

កាលពី​ថ្ងៃ​ពុធលោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​បាន​រាំង​ខ្ទប់​ញត្តិ​ស្នាម​ផ្តិត​មេដៃ​ដើម្បី​ស្នើ​សុំ​ឲ្យ​ដោះ​លែង​លោក​ម៉ម សូណង់ដូ ដោយ​លោក​ហ៊ុន​ សែន​បាន​និយាយ​ថា ស្នាម​ផ្តិត​មេដៃ​ទាំង​នេះ​មិន​អាច​ជួយ​លោក​ម៉ម​ សូណង់​ដូ​បាន​ទេ​ពី​ព្រោះ​នេះ​ជា​កិច្ច​ការ​របស់​តុលាការ។​

ឆ្លើយ​ប្រាប់​តាម​រយៈ​មន្ត្រី​អង្កការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ដែល​បាន​ចូល​ជួប​លោក​ម៉ម សូណង់​ដូ​ក្នុង​មាន​ជាមិត្ត​ភក្តិ​ដែល​ធ្លាប់​ស្គាល់​គ្នា​នៅ​ថ្ងៃ​ព្រហ​ស្បតិ៍​នេះ។ លោក​អំ សំអាត​ មន្ត្រី​ស៊ើប​អង្កេត​ការ​រំលោភ​សិទ្ឋិ​មនុស្ស​របស់​អង្កការ​លីកាដូ បាន​បញ្ជាក់​ថា លោកម៉ម សូណង់​ដូ​បាន​បង្ហាញ​ថា លោក​ជា​មនុស្ស​ស្អាត​ស្អំ​និង​ទាម​ទារ​ឲ្យ​តុលាការរក​យុត្តិ​ធម៌​ជូន​លោក​។​

«គិត​ថា​គាត់​អត់​បាន​ធ្វើ​អ្វី​ខុស​ទេ។ បើ​គាត់​ធ្វើ​អ្វី​ខុស គាត់​មិន​បាន​ត្រឡប់​មក​វិញ​ឲ្យ​គេ​ចាប់​នោះ​ទេ។​អញ្ចឹង​គាត់​សង្ឃឹម​ថា នឹង​ធ្វើ​ការ​តទល់​គ្នា និង​ស្វែង​រក​យុត្តិ​ធម៌​ចំពោះ​មុខ​ច្បាប់»។

លោក​ម៉ម សូណង់​ដូរ​ នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជា​ធិ​បតេយ្យ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​រួច ហើយ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំ​ពេញ​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​កាល​ពី​ខែ​កក្កដា​ក្រោម​បទ​ចោទ​ប្រកាន់ចំនួន​បួន​ចំណុច​ធំៗ​ពាក់​ព័ន្ឋ​និង​ការ​បង្កើត​តំបន់​អបគម​ន៍​ខុស​ច្បាប់​ប្រឆាំង​នឹង​រដ្ឋា​ភិបាល​ដែល​គ្រប់​គ្រង​ដោយ​លោក​ហ៊ុន​ សែន។​

លោក​សុខ​ សំអឿន​មេធាវី​ការ​ពារ​ក្តី​លោក​ម៉ម សូណង់​ដូ​កាល​ពី​ថ្ងៃ​អង្គារ​បាន​ដាក់​ពាក្យ​សុំ​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ដើម្បី​ស្នើ​សុំ​ឲ្យ​ដោះ​លែង​កូន​ក្តី​របស់​លោក​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​។​

លោក​សុខ​ សំអឿន​បាន​ថ្លែង​ការពារ​កូន​ក្តី​របស់​លោកថា តាម​អង្គហេតុ​នៃ​ការ​ចោទ​ប្រកាន់ តុលាការ​មិន​មាន​ភស្តុតាង​គ្រប់​គ្រាន់​ដើម្បី​ឈាន​ទៅ​រក​ការ​ឃុំ​ខ្លួន​កូន​ក្តី​របស់​លោក​ទេ។​

«ដូច​ជា​មិន​អាច​គ្រប់​គ្រាន់​បាន​ទេ។ ដូច​ជា​ពាក្យ​គ្រាន់​តែ​ថា​ ឮ​គេ​ថា។ ហើយ​តាម​រយៈ​ប៊ុន ឆន​ក្តី ប៊ុន រដ្ឋា​ក្តី​ដែល​បាន​និយាយ​តាម​វិទ្យុ​គេ​និយាយ​ថា អ្វី​ដែល​គេ​ធ្វើ​នោះ​មិន​ជាប់​ពាក់​ព័ន្ឋ​នឹង​លោក​ម៉ម សូណង់​ដូ​ទេ»។​

សមាគមអ្នក​ប្រជា​ធិបតេ្យ​របស់​លោក​ម៉ម​ សូណង់​ដូ​នៅ​ថ្ងៃ​ព្រ​ហស្បតិ៍​នេះ​បាន​ធ្វើ​ពី​ធី​បុណ្យ​សូត្រ​មន្ត​តាម​ជំនឿ​ប្រពៃ​ណី​ខ្មែរ​ដើម្បី​បួង​សួង​ឲ្យ​លោក​បាន​ឆាប់​ដោះ​លែង​ចេញ​ពី​ពន្ឋនាគារ​។

ការ​ចាប់​ខ្លួន​លោក​ម៉ម​ សូណង់​ដូ​បាន​កើត​មាន​ឡើង​ក្រោយ​ពី​មាន​ការ​បង្ក្រាប​ដោយ​អំពើ​ហឹង្សា​មួយ​ ពាក់​ព័ន្ឋ​នឹង​ការ​ទន្ទា្រន​ចាប់​យក​ដី​ធ្លី​ក្នុង​ភូមិ​ប្រម៉ា​ ឃុំ​កំពុង​ដំរី​ ស្រុក​ឆ្លូង​ខេត្ត​ក្រចេះ​ កាល​ពី​ខែ​ឧសភា។​

រដ្ឋា​ភិ​បាល​កម្ពុជា​បាន​ប្រើ​ប្រាស់​កង​កម្លាំង​ជា​ច្រើន​រាប់​រយ​នាក់​ប្រដាប់​ ដោយ​អា​វុធ​ស្វ័យ​ប្រវត្តិ​ ដោយ​បូក​រួម​ទាំង​ឧទ្ឋម្ភាគ​ចក្រ​ចំ​នួន​ពីរ​គ្រឿង ​បាន​បណ្តាល​ឲ្យ​កុមារី ​ម្នាក់​ឈ្មោះ​ហេង ចាន់​ថា​អាយុ​១៤​ឆ្នាំ​ត្រូវ​បាន​សម្ថកិច្ច​បាញ់​សម្លាប់។

មាន​ជន​សង្ស័យ​ចំនួនប្រាំពីរ​នាក់​ត្រូវ​បាន​អា​ជ្ញាធរ​ប្រកាស​ស្វែង​រក​ចាប់​ខ្លួន។ លោក​ហ៊ុន សែន​កាល​ពី​ថ្ងៃ​ពុធ​បាន​អះ​អាង​ថា​មាន​ជន​សង្ស័យ​បួន​នាក់​យ៉ាង​តិច​ក្នុង​ចំណោម​ប្រាំពីរ​នាក់​បាន​ចេញ​សារ​ភាព​ហើយ​លោក​កំពុងប្រកាសស្វែង​រក​ ​លោក​ប៊ុន រដ្ឋា​ដែល​ជា​មេគំនិត​ក្នុង​រឿង​នេះ​ឲ្យ​ចេញ​សារភាព៕​
XS
SM
MD
LG