អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Barack Obama និងលោកស្រី Michelle Obama ដែលជាភរិយារបស់លោក បានផ្តល់ការគាំទ្រដល់អ្នកស្រី Kamala Harris ជាបេក្ខជនប្រធានាធិបតីខាងបក្សប្រជាធិបតេយ្យ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានAP។
ការគាំទ្រនេះ ដែលបានប្រកាសកាលពីព្រឹកថ្ងៃសុក្រនៅក្នុងវីដេអូមួយដែលបង្ហាញអំពីអ្នកស្រី Harris ទទួលការហៅទូសព្ទរួមគ្នាពីលោក Obama និងភរិយា បានធ្វើឡើងនៅពេលដែលអ្នកស្រី Harris បន្តបង្កើនសន្ទុះគាំទ្រដើម្បីទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្ស បន្ទាប់ពីលោកប្រធានាធិបតី Joe Biden បានសម្រេចដកខ្លួនចេញពីការបោះឆ្នោតនិងផ្តល់ការគាំទ្រចំពោះអ្នកស្រីឱ្យតទល់នឹងបេក្ខជនប្រធានាធិបតីខាងបក្សសាធារណរដ្ឋលោក Donald Trump។
លោក Obama បានប្រាប់អ្នកស្រី Harrisថា៖ «ពួកយើងហៅទូរសព្ទដើម្បីនិយាយថា Michelle និងខ្ញុំមានមោទនភាពយ៉ាងខ្លាំងក្នុងការគាំទ្រអ្នកស្រីហើយនឹងធ្វើអ្វីៗដែលយើងអាចធ្វើបានដើម្បីជួយអ្នកស្រីឱ្យទទួលបានជោគជ័យក្នុងការបោះឆ្នោតនេះនិងក្លាយជាប្រធានាធិបតី»។
លោកស្រី Michelle Obamaបាននិយាយថា៖ «ខ្ញុំចង់និយាយទៅកាន់អ្នកស្រី Kamala [Harris] ថា ខ្ញុំមានមោទនភាពចំពោះអ្នកស្រី»។
អ្នកស្រី Harrisដែលបានស្គាល់លោក Obama និងភរិយាតាំងពីមុនពេលដែលលោក Obama បានជាប់ឆ្នោតក្លាយជាប្រធានាធិបតីនៅឆ្នាំ ២០០៨ បានថ្លែងអំណរគុណអ្នកទាំងពីរចំពោះមិត្តភាព និងបាននិយាយថាអ្នកស្រីទន្ទឹងរង់ចាំដើម្បី «ឱ្យបានទៅដល់គោលដៅនោះ» ហើយនឹងធ្វើការជាមួយអ្នកទាំងពីរនៅក្នុងរយៈពេល ៣ ខែខាងមុខនេះមុនថ្ងៃបោះឆ្នោតចូលមកដល់នៅថ្ងៃទី ៥ ខែវិច្ឆិកា។
យោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មាន AP អ្នកស្រី Harris បានទទួលបានការគាំទ្រពីប្រតិភូភាគច្រើននៃសន្និបាតជាតិគណបក្សប្រជាធិបតេយ្យ ដែលសន្និបាតនេះនឹងចាប់ផ្តើមនៅថ្ងៃទី ១៩ ខែសីហាខាងមុខនៅក្នុងទីក្រុង Chicago រដ្ឋ Illinois។
គណៈកម្មាធិការជាតិបក្សប្រជាធិបតេយ្យរំពឹងនឹងធ្វើការការបោះឆ្នោតតែងតាំងអ្នកស្រី Harris តាមអនឡាញនៅថ្ងៃទី ៧ ខែសីហាខាងមុខ៕