ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អំពី​ការ​សម្រេច​ចិត្ត​របស់​លោក Biden ត្រូវបាន​ចែក​ចាញ​នៅ​លើ​បណ្តាញ​សង្គម​របស់​ចិន​យ៉ាង​ខ្លាំង


មនុស្សដើរកាត់កញ្ចក់អេក្រង់ដែលផ្សាយព័ត៌មានអំពីការចុះចេញពីការប្រកួតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។
មនុស្សដើរកាត់កញ្ចក់អេក្រង់ដែលផ្សាយព័ត៌មានអំពីការចុះចេញពីការប្រកួតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។

ព័ត៌មាន​នៃ​ការសម្រេចចិត្ត​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ដើម្បី​បញ្ចប់​យុទ្ធនាការ​ឈរឈ្មោះ​បោះឆ្នោត​ម្តង​ទៀត​របស់​លោក​ បាន​ក្លាយ​ជា​ប្រធានបទ​ដ៏​ខ្លាំង​នៅ​លើ​បណ្តាញ​ព័ត៌មាន​សង្គម​ចិន​កាលពី​ថ្ងៃ​ចន្ទ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​រសៀលថ្ងៃ​អាទិត្យ​ម៉ោង​នៅ​សហរដ្ឋ​អាមេរិក លោក Biden បាន​ប្រកាស​ពី​ការ​សម្រេចចិត្ត​របស់​លោក​មិន​ឈរ​ឈ្មោះ​អាណត្តិ​ទី ២ ​ហើយ​បាន​សន្យា​នឹង​ផ្តោតលើ​ថាមពល​របស់​លោក​លើ​ការបំពេញ​តួនាទី​របស់​លោក​ជា​ប្រធានាធិបតី។

រហូត​មក​ទល់ពេល​នេះ រដ្ឋាភិបាល​ចិន​នៅតែ​រក្សា​ការ​ស្ងៀមស្ងាត់​អំពី​ការ​សម្រេចចិត្ត​នេះ។ នៅ​ឯ​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ​កាលពី​ថ្ងៃ​ចន្ទ អ្នក​នាំពាក្យ​ក្រសួង​ការបរទេសចិន​អ្នកស្រី Mao Ning បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ ហើយ​បាន​និយាយ​ថា៖ ​«ការ​បោះឆ្នោត​ប្រធានាធិបតី​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​សហរដ្ឋ​អាមេរិក»។

ទោះ​ជា​យ៉ាង​ណាក៏ដោយ នៅ​លើ​ប្រព័ន្ធ​អនឡាញ ប្រធានបទ ​«លោក Biden ដកខ្លួន​ចេញ​ពី​ការបោះឆ្នោត»​ បាន​ទាក់ទាញ​អ្នក​មើល​ជាង​៤០០​លាន​នៅលើ​បណ្តាញ​មីក្រូ​ប្លុក Weibo របស់​ចិន​និង​អត្ថាធិប្បាយ​រាប់​ពាន់។

ប្រធានបទ​ផ្សេង​ទៀត​ក៏​ត្រូវ​ចែកចាយ​យ៉ាង​ខ្លាំង​ដែរ។ ប្រធានបទ​នានា​ដូចជា​ «លោក Zelenskyyគោរព​ការសម្រេចចិត្ត​របស់​លោក Biden ដើម្បី​ដក​ខ្លួន​ចេញ​ពី​ការបោះ​ឆ្នោត» លោក​ស្រី Harrisសរសើរ​លោក Biden» ​និង​«លោក Trump គិត​ថា​លោក​ស្រី Harris ងាយស្រួល​ដើម្បី​ផ្តួល​ជាង»​ ដែល​ទាំង​អស់​នេះ​ជា​ប្រធានបទ​ធំៗ​បំផុត​ចំនួន​ ២០ ​នៅ​ក្នុង​ស្វែងរកកាល​ពី​ថ្ងៃ​ចន្ទ​នៅ​លើ​បណ្តាញ​សង្គម Weibo ដែល​មាន​លក្ខណៈ​ស្រដៀងគ្នា​ទៅនឹង​បណ្តាញ​សង្គម X។

បណ្តាញ​ព័ត៌មាន​សង្គម​ជាច្រើន​នៅ​ក្នុង​ប្រទេស​ចិន រួមមាន​ទីភ្នាក់ងារ​ព័ត៌មាន​ដែល​រៀបចំ​ចាត់ចែង​ដោយ​រដ្ឋ​ស៊ីនហួ People's Daily និង Global Times បាន​រាយការណ៍​ពី​ការដកខ្លួន​របស់​លោក Biden ពី​ការប្រកួត​ប្រជែង​នេះ។

ពលរដ្ឋ​ចិន​ជា​ច្រើន​បាន​សម្តែង​នូវ​ទស្សនៈ​ថា ​ការ​សម្រេចចិត្ត​របស់​លោក Biden ប្រាកដជា​នឹង​ធ្វើ​ឱ្យ​លោក Trump ឈ្នះ​ការបោះឆ្នោត​នៅ​ក្នុង​ខែ​វិច្ឆិកា ខណៈដែល​អ្នក​ខ្លះ​ទៀត​និយាយ​ថា ​អ្វីៗ​បាន​ផ្លាស់ប្តូរ​ភ្លាមៗ​សម្រាប់​ប្រទេស​អ៊ុយក្រែន ដែល​យោងដល់​ការរិះគន់​ម្តង​ហើយ​ម្តង​ទៀត​របស់​លោក Trump ដល់​ជំនួយ​យោធា​របស់​សហរដ្ឋ​អាមេរិក​ដល់​អ៊ុយក្រែន។ ពលរដ្ឋ​ចិន​ម្នាក់​ឈ្មោះ Yo-Huai-To-Bi មក​ពី​ខេត្ត Shandong ភាគ​ឦសាន្ត​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម Weibo ថា​«យប់​នេះ​នឹង​ក្លាយ​ជា​យប់​ដេក​មិន​លក់​សម្រាប់​លោក Zelenskyy»។

ពលរដ្ឋ​ចិន​ផ្សេង​ទៀត​បាន​ជជែក​ឱ្យ​ហេតុផល​ថា​ សហរដ្ឋ​អាមេរិក នឹង​បន្ត​ប្រកួត​ប្រជែង​ជាមួយ​ចិន​ហើយ​នឹង​ព្យាយាម​ខ្ទប់​ការ​ងើបឡើង​របស់​ចិន ទោះ​ជា​នរណាឈ្នះ​ការបោះឆ្នោត​នៅ​ក្នុង​ខែ​វិច្ឆិកា​ក៏ដោយ។

ពលរដ្ឋ​ម្នាក់​ហៅ​ថា «BIGTREE33» ​មក​ពី​ខេត្ត Fujian ភាគ​ខាង​អាគ្នេយ៍​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម Weibo ថា៖ «យើង​មិន​គួរ​សប្បាយ​រីករាយ​អំពី​ព័ត៌មាន​នេះ​ទេ ពីព្រោះ​លោក Trump ទំនង​នឹង​បន្ត​យុទ្ធសាស្ត្រ​របស់​លោក Biden ចំពោះ​ប្រទេស​ចិន ហើយ​លោក​ប្រហែល​ដាក់ចេញ​វិធានការ​កាន់តែ​ខ្លាំង​ឡើង»។

អ្នក​ធ្វើ​អត្ថាធិប្បាយ​ចិន​ខ្លះ​បាន​និយាយ​ថា ​គណបក្ស​ប្រជាធិបតេយ្យ​នឹង​មាន​ឱកាស​តិចតួច​បំផុត​ដើម្បី​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ក្នុង​ខែ​វិច្ឆិកា​ ដោយ​គ្មាន​លោក Biden ។

អ្នកស្រី Jia Min ជា​អ្នក​ស្រាវជ្រាវ​នៅឯ​មូលនិធិ​ស្រាវជ្រាវ​អភិវឌ្ឍន៍​ក្រុង​សៀងហៃ​ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន Shanghai Morning News នៅ​ក្នុង​វីដេអូ​មួយ​ថា៖ «មិន​មាន​ភាគី​ណាមួយ​នៅ​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​អាច​ស្ថាបនា​ឡើង​វិញ​នូវ​យុទ្ធនាការ​មួយ​ដែល​អាច​ប្រកួត​ប្រជែង​លោក Trump នៅ​ក្នុង​ពេល​ដ៏​ខ្លី បន្ទាប់ពី​លោក Biden បាន​ដក​ខ្លួន​ចេញ​ពី​ការប្រកួត​ប្រជែង ពួក​គណបក្ស​ប្រជាធិបតេយ្យ​នឹង​វិលត្រឡប់​ទៅកាន់​ស្ថានភាព​បែកបាក់​យ៉ាង​ខ្លាំង»។

លោក Hu Xijin ជា​អតីត​និពន្ធ​នាយក​កាសែត Global Times របស់​រដ្ឋ​ចិន​ បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម X ថា ​នរណា​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​ក៏​ដោយ នឹង​ធ្វើ​ឱ្យ​មាន​ការប្រែប្រួល​បន្តិចបន្តួចប៉ុណ្ណោះ​ដល់​ការប្រកួត​ប្រជែង​ប្រធានាធិបតី​នៅ​ក្នុង​ខែ​វិច្ឆិកា។

លោក​បាន​សរសេរ​ទៀត​ថា៖ «ពីព្រោះបុគ្គលិក​លក្ខណៈ​របស់​លោក Trump មាន​លក្ខណៈ​លេច​ធ្លោ​យ៉ាង​ខ្លាំង ពួក​អ្នក​បោះឆ្នោត​អាមេរិកាំង​ឥឡូវនេះ​ត្រូវ​បាន​បែងចែក​ទៅជា ២ ក្រុម​គឺ​ក្រុម​ស្រឡាញ់​លោក Trump និង​ក្រុម​អ្នក​ស្អប់​លោក Trump។ ការបោះឆ្នោត​នៅ​ក្នុង​ខែ​វិច្ឆិកា​នឹង​ក្លាយ​ជា​ការជ្រើសរើស​រវាង​លោក Trump ឬ​ «បេក្ខជន​ណា​ម្នាក់​ទៀត»។

លោកស្រី Harris តទល់​នឹងលោក Trump

ក្រោយ​ពី​លោក Biden បាន​ផ្តល់​ការគាំទ្រ​ដល់អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ស្រី Kamala Harris ដើម្បី​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​មក ហើយ​លោក​ស្រី Harris បាន​សន្យា​នឹងទទួលបាន​ការតែងតាំង​ជា​បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មក ប្រធានបទ​«តើ​លោកស្រី Harris អាច​ផ្តួល​លោក Trump ដែរ​ឬ​ទេ» ភ្លាមៗ​ បាន​ក្លាយ​ជា​ប្រធានបទ​ដ៏​ពេញនិយម​មួយ​នៅ​លើ​បណ្តាញ​សង្គម Weibo។

ពលរដ្ឋ​ចិន​កាន់តែ​ច្រើន​ឡើង​ហាក់​ដូចជា​ជឿ​ថា​ លោក​ស្រី Harris មាន​ឱកាស​តិចតួច​ដើម្បី​ផ្តួល​លោក Trump នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី។ ពលរដ្ឋ​ចិន​ម្នាក់​ដែល​បាន​ដាក់​ឈ្មោះ​ថា​ «Falling in Love with Jia-tze-hu»​ មកពី​ខេត្ត Shandong បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម Weibo ថា​៖ «ប្រសិន​បើ​លោកស្រី Hillary Clinton មិន​អាច​ផ្តួល​លោក Trump នៅ​ពេល​នោះផង​ នោះ​លោក​ស្រី Harris គ្រាន់តែ​ជា​ការ​កំប្លែង​ប៉ុណ្ណោះ»។

អ្នក​វិភាគ​ចិន​ខ្លះ​បាន​និយាយ​ថា ​លោក​ស្រី Harris ខ្វះ​បទពិសោធន៍​និង​ថ្វីដៃ​ដើម្បី​ធ្វើ​ជា​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋ​អាមេរិក។

លោក Sun Chenghao ជា​អ្នក​ស្រាវជ្រាវ​នៅ​ឯ​មជ្ឈមណ្ឌល​សម្រាប់​សន្តិសុខ​និង​យុទ្ធសាស្ត្រ​អន្តរជាតិ​នៅឯ​សាកលវិទ្យាល័យ Tsinghua ក្នុង​ទី​ក្រុង​ប៉េកាំង​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​អនឡាញ​ដែល​មាន​ឈ្មោះ Paper ថា៖ «បើ​ក្រឡេក​មើល​ប្រវត្តិ​ទាំង​អស់​របស់​លោក​ស្រី Harris ការ​បំពេញ​ការងារ​របស់​លោក​ស្រី​ជា​អនុ​ប្រធានាធិបតី​មិនមាន​អ្វី​ល្អ​ប្រសើរ​នោះ​ទេ ហើយ​លោក​ស្រី​មិន​បាន​បញ្ចេញ​ថ្វីដៃ​ផ្តល់​លទ្ធផល​គាប់​ប្រសើ​នោះ​ទេ»៕

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG