ខេត្តបន្ទាយមានជ័យត្រូវបានរកឃើញថាជាខេត្តមួយដែលបានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេដោយសារគ្រោះទឹកជំនន់សម្រាប់ឆ្នាំ២០២១នេះខណៈព្យុះទី១៧ដែលមិនទាន់ត្រូវបានកំណត់ឈ្មោះ និងដែលបានបក់បោកចេញពីប្រទេសហ្វ៊ីលីពីនចូលទៅក្នុងសមុទ្រចិនខាងត្បូងបានជះឥទ្ធិពលខ្លាំងដោយបង្កឲ្យមានភ្លៀងធ្លាក់ច្រើនមកលើប្រទេសកម្ពុជា។
គ្រោះទឹកជំនន់ដែលបន្តគំរាមកំហែងខេត្តបន្ទាយមានជ័យក៏បណ្តាលមកពីការច្រាលនៃទឹកជំនន់ពីប្រទេសថៃ។ ប៉ុន្តែអាជ្ញាធរទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយអះអាងថាមិនសូវជាមានការព្រួយបារម្ភចំពោះការជន់លិចសារជាថ្មីនេះទេព្រោះកម្ពស់ទឹកត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះជាបណ្តើរៗ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក ឃុន សុខាបានប្រាប់វីអូអេនៅថ្ងៃចន្ទនេះថាស្ថានភាពទឹកជំនន់នៅប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២១នេះមិនអាក្រក់ដូចស្ថានភាពទឹកជំនន់កាលពីឆ្នាំ២០២០ទេ ប្រសិនបើប្រៀបធៀបក្នុងរយៈពេលដូចគ្នានេះ។
លោកបានសម្គាល់ថាខេត្តបន្ទាយមានជ័យដែលមានព្រំប្រទល់ជាប់ប្រទេសថៃជាខេត្តមួយដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ និងខេត្តមួយចំនួននៅជាប់ព្រំប្រទល់ប្រទេសជិតខាងក៏ទទួលផលប៉ះពាល់ផងដែរ។ លោកលើកឡើង កត្តាធំៗ២យ៉ាងដែលបណ្តាលឲ្យខេត្តបន្ទាយមានជ័យរងគ្រោះខ្លាំងជាងគេគឺកត្តាអាកាសធាតុនិងកត្តាទឹកជំនន់ពីប្រទេសថៃឆ្លងចូលមកកម្ពុជា។
លោកថ្លែងថា៖ «ពេលនឹងគឺយើងមានអាជ្ញាធរថ្នាក់ក្រោមជាតិ ថ្នាក់ខេត្តថ្នាក់ស្រុកហើយនិងកងកម្លាំងដែលយើងបានហ្វឹកហ្វឺនហើយរួច។ គាត់បានទៅឈរជើងនៅទីនោះដើម្បីជម្លៀសប្រជាពលរដ្ឋហើយនិងត្រួតពិនិត្យស្ថានភាពនៅទីនោះ ហើយនិងថ្នាក់ដឹកនាំនៃគណៈកម្មការជាតិឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានចុះទៅប្រចាំការនៅទីកន្លែងកើតហេតុធ្ងន់ធ្ងរនឹងតាមដានសភាពការណ៍ហើយនិងពិគ្រោះឆ្លើយតបជួយប្រជាពលរដ្ឋដែលជន់លិចនឹង»។
ទៅមុខទៀតចាប់ពីខែតុលានេះទៅអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយរូបនេះជឿថា គ្រោះទឹកជំនន់នឹងមិនមែនជាបញ្ហាដែលត្រូវព្រួយបារម្ភនោះទេព្រោះបរិមាណទឹកភ្លៀងនឹងមានការថយចុះនៅចុងឆ្នាំនេះបើការសង្កេតកម្ពស់ទឹកស្ទឹងអូរនានា ដែលមានការស្រកចុះនោះ។
យោងតាមព្រឹត្តិប័ត្រព័ត៌មាននិងការព្យាករណ៍កម្ពស់ទឹកដែលបានបង្ហោះលើគេហទំព័រផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រឹកថ្ងៃចន្ទនេះបានបង្ហាញថាកម្ពស់ទឹកទន្លេបាននឹងកំពុងថមថយចុះថេរជាបណ្តើរៗចាប់ពីថ្ងៃចន្ទទី១១ខែតុលានេះគ្រាទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែងមានកម្រិតកម្ពស់ទឹកថយចុះចំនួន៤ថ្ងៃជាប់ៗគ្នាគួរឲ្យកត់សម្គាល់។
ប៉ុន្តែទីតាំងវាស់កម្ពស់ទឹកទន្លេចំនួន៦កន្លែងផ្សេងៗទៀតរួមមានទន្លេមេគង្គ-ក្រចេះទន្លេមេគង្គ-កំពង់ចាមទន្លេបាសាក់-ចតុមុខទន្លេមេង្គ-អ្នកលឿងទន្លេបាសាក់-កោះខែលទន្លេសាប-ព្រែកក្តាមនឹងមានការឡើងចុះកម្រិតទឹកមិនស្មើគ្នាចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ ខែតុលានេះ។ នេះបើតាមទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី។
បើតាមព័ត៌មានបឋមស្តីផលប៉ះពាល់សរុបដោយសារគ្រោះទឹកជំនន់នៅខេត្តបន្ទាយមានជ័យ គិតត្រឹមយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ដែលបានផ្សាយដោយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថាមានក្រុង-ស្រុកចំនួន៦ ស្មើ៣៨ឃុំ-សង្កាត់ធ្វើឲ្យប៉ះពាល់ដល់ប្រជាជនប្រមាណ១៨.៧១៥គ្រួសារនិងជម្លៀសទៅទីទួលសុវត្ថិភាពប្រមាណ១.១៥០ គ្រួសារ ព្រមទាំងស្រូវប្រមាណ២៥.២២៣ ហិកតា និងដំណាំរួមផ្សំប្រមាណ៣០១ ហិកតា ត្រូវបានលិចលង់ដោយសារទឹកជំនន់ និងសាលារៀន ២៦ កន្លែងវត្ត ៩ កន្លែង និងមណ្ឌលសុខភាព២ កន្លែង។
វីអូអេមិនទាន់អាចសុំការអធិប្បាយពីអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមលោកចាន់ យុត្ថា បានទេនៅថ្ងៃចន្ទនេះ។
ប្រធានមន្ទីរព័ត៌មាននិងអ្នកនាំពាក្យខេត្តបន្ទាយមានជ័យលោក សេក សុខុម បានប្រាប់វីអូអេនៅថ្ងៃចន្ទនេះថាជារៀងរាល់ឆ្នាំខេត្តបន្ទាយមានជ័យតែងតែរងផលប៉ះពាល់ដោយទឹកជំនន់។ លោកបន្ថែម គ្រោះទឹកជំនន់បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាងប្រាំពាន់គ្រួសារ។ប៉ុន្តែទំហំនៃការខូចខាតគឺអាស្រ័យលើកម្រិតនៃការជន់លិចទឹកនៅតាមតំបន់នីមួយៗក្នុងខេត្ត។
លោកថ្លែងទៀតថា៖ «ប្រាំពាន់គ្រួសារហ្នឹងមិនមែនរងគ្រោះទេណាគ្រាន់តែប៉ះពាល់ដោយទឹកជំនន់ ជួនកាលទឹកហូរកាត់ក្រោមផ្ទះគាត់ ទឹកហូរកាត់មុខផ្លូវអញ្ចឹងមិនមែនរងគ្រោះទឹកជំនន់ដោយសារទឹកជំនន់ហ្នឹងទេបានន័យថាគ្រាន់តែប៉ះពាល់ដោយទឹកទំនន់។ អញ្ចឹងទឹកជំនន់វាធម្មតាទេ ឡើងមកវាប៉ះផ្លូវ ប៉ះអីអញ្ចឹងទៅ។ អញ្ចឹងសម្រាប់ខេត្តបន្ទាយមានជ័យខ្ញុំគិតថាមិនធ្ងន់ធ្ងរពេកទេ សម្រាប់ឆ្នាំនេះ ឆ្នាំ២០២១នេះ»។
លោកបានបញ្ជាក់ថាមូលហេតុដែលធ្វើឲ្យទឹកជន់ងាយស្រកទៅវិញឆាប់រហ័សជាងឆ្នាំមុន ដោយសារតែមានផ្លូវទឹកហូរប្រព័ន្ធស្រោចស្រពប្រឡាយជាដើមត្រូវបានរៀបចំត្រឹមត្រូវ និងមានការរួមសហការពីអាជ្ញាធរប្រទេសថៃក្នុងការផ្តល់ដំណឹងជាមុនដើម្បីឲ្យអាជ្ញាធរពាក់ព័ន្ធនៅតំបន់អាចត្រៀមលក្ខខណៈបានខ្ពស់ទុកជាងមុនក្នុងការបញ្ចៀសទឹកដែលជន់ចូលមក។
ទឹកជំនន់នៅខេត្តបន្ទាយមានជ័យនេះមិនបានសម្លាប់ជីវិតមនុស្សទេ។ នេះបើតាមលោក សេក សុខុម។
អ្នកនាំពាក្យខេត្តបន្ទាយមានជ័យរូបនេះបានអះអាងថាកុមារពីរនាក់ដែលបានស្លាប់នៅស្រុកម៉ាឡៃ និងម្នាក់ទៀតដែលបានស្លាប់នៅក្រុងសិរីសោភណ្ឌមិនជាប់ពាក់ព័ន្ធនឹងគ្រោះទឹកជំនន់នោះទេ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបន្ទាយមានជ័យលោក ស៊ុំ ចន្ទគាយល់ថាល្បឿននៃកាឆ្លើយតបរបស់រដ្ឋាភិបាលក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋករណីរងគ្រោះដោយសារទឹកជំនន់នេះ អាចទទួលយកបានក្នុងកម្រិតសមរម្យដោយមិនមានភាពយឺតយ៉ាវពេកឬឆាប់រហ័សពេកដែរ។
លោកសង្កេតឃើញថាមានស្រុកចំនួន៤ ត្រូវបានរងផលប៉ះពាល់ច្រើនជាងគេ ក្នុងនោះរួមមានស្រុកមង្គលបុរី ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះនិងស្រុកថ្មភក់។
លោកបញ្ជាក់ថា៖ «អ្វីដែលសំខាន់យើងគ្រាន់តែថានៅពេលចំពោះមុខនេះគឺចំណុចមើលទី១ គឺទាក់ទងទៅលើសុខភាពនៅពេលទឹកស្រកទឹកអីចឹងទៅ ទាក់ទងទៅនឹងរឿងទឹកនឹងគឺច្រើនតែមានប្រជាពលរដ្ឋគាត់ប្រើប្រាស់ទឹកប្រើប្រាស់អីរាករូស។ ទី២ ទាក់ទងទៅនឹងស្បៀងគឺត្រូវពិនិត្យមើលថាតើពួកគាត់កសិផលត្រូវលិចលង់ចឹងស្បៀងត្រូវការចាំបាច់ណាស់សម្រាប់ជួយដល់ពួកគាត់»។
លោកបន្ថែមថា៖«ទី៣ពិនិត្យទៅលើស្រូវពូជសម្រាប់ពួកគាត់ ចែកជូនពួកគាត់សម្រាប់ធ្វើទាំងស្រូវប្រាំងនិងវស្សានិងត្រូវសិក្សាឲ្យបានច្បាស់ថាតើដីរបស់ពួកគាត់នឹងគួរតែប្រើស្រូវប្រាំងឬស្រូវវស្សាដើម្បីជួយ[ពិគ្រោះ]ដល់ពួកគាត់ដើម្បីទទួលបាននូវស្បៀងអាចធ្វើកសិផលបានសម្រាប់បម្រើការងារចិញ្ចឹមជីវិតប្រចាំថ្ងៃដល់គ្រូសាររបស់គាត់ដោះស្រាយជីវភាពប្រចាំថ្ងៃ»។
បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃនេះស្ថានភាពទឹកតាមច្រកព្រំប្រទល់កម្ពុជា-ថៃបានវិលត្រឡប់មកស្ថានភាពធូរស្រាលនៃច្រកទឹកទាំង៤ដោយក្នុងនោះច្រកក្បាលស្ពាន ទឹកអូរស្រកដល់ស្ថានភាពដើមវិញហើយ៕