ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយ​ការណ៍​ក្រសួង​កសិកម្ម៖ គ្រោះ​រាំង​ស្ងួត​បំផ្លាញ​​ស្រូវ​ជាង​១៧​ម៉ឺន​ហិកតា​ក្នុង​រយៈ​ពេល​៨​ខែ​​​​​​


រូប​ឯកសារ៖ ដី​ស្រែ​ក្នុង​ភូមិ​បឹងរាំង ឃុំ​អូរម៉ាល់ ខេត្ត​បាត់ដំបង ប្រឈម​នឹង​កង្វះ​ទឹក​ស្រោចស្រព កាល​ពី​​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២០។ (ស៊ុន ណារិន/វីអូអេ)

គ្រោះ​រាំងស្ងួត​ដែល​បាន​កើតឡើង​ក្នុង​រយៈពេល​៨​ខែ​នៅឆ្នាំ​២០២១​នេះ​បាន​បង្កការ​ខូចខាត​លើ​ផ្ទៃ​ដី​ដំណាំ​ស្រូវជាង​១៧ម៉ឺន​ហិកតា​នៅ​ទូទាំង​ប្រទេស។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទដែល​វីអូអេ​បាន​ទទួល​ក្នុងសប្តាហ៍​នេះ។​

របាយ​ការណ៍ដែល​ផ្តល់​ដោយ​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​បាន​បង្ហាញថា​គិត​ត្រឹម​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២១ ដំណាំ​ស្រូវ​នៅ​រាជធានី​និង​ខេត្ត​ចំនួន​៨ គឺ​ខេត្ត​បន្ទាយ​មានជ័យ​កំពង់ស្ពឺ​ កំពង់ធំ​ កណ្តាល​ រាជ​ធានី​ភ្នំពេញ ពោធិ៍សាត់​ សៀមរាប​ និង​ខេត្ត​តាកែវ​បាន​បន្ត​រង​ផល​ប៉ះពាល់​និង​ខូចខាត​ដោយ​គ្រោះ​រាំង​ស្ងួត។

ដំណាំ​ស្រូវដែល​ទទួល​រង​ផល​ប៉ះ​ពាល់​មាន​ចំនួន​សរុប​១៧៣.១២៥​ហិកតា​ដែល​ក្នុង​នោះ​អន្តរាគមន៍បូម សង្គ្រោះផ្ទៃដី​ប៉ះ​ពាល់​បានចំនួន១.៨៤៦​ហិកតា ដែល​ស្មើ​នឹង​៦,៣៧%​នៃ​ផ្ទៃដី​ដំណាំ​ស្រូវ​អនុ​វត្ត​បាន​ទូទាំង​ប្រទេស។

យោង​តាម​របាយការណ៍​ដដែល​របស់​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​គិតត្រឹមចុងខែសីហា ស្ថាន​ភាពការងារ​បង្ក​បង្កើន​ផល ដំណាំស្រូវ​រដូវ​វស្សា​មានសភាពលឿនជាង​ឆ្នាំមុន​ដោយ​សម្រេចបាន​ប្រមាណ​ជិត២​លាន​៧​សែន​ហិកតា​ស្មើ​នឹង​១០៣% នៃ​ផែនការ​ដាំ​ដុះ ដែល​ឆ្នាំ​មុន​សម្រេច​បាន​តែ​៩៨,៤៣% បើ​ប្រៀប​ធៀបរយៈ​ពេល​ដូចគ្នា។

អ្នក​នាំពាក្យ​របស់​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​ និងនេសាទ​លោក ស្រី វុឌ្ឍី​ ប្រាប់​វីអូអេតាម​សារ​ឆ្លើយឆ្លង​Telegram​ ក្នុងន័យ​ដើម​ថា៖ «ក្នុង​ពេលមាន​គ្រោះ​រាំងស្ងួត​ក្រសួង​កសិកម្ម​ចុះ​ធ្វើ​អន្តរាគមន៍​ជួយ​ដល់​កសិករ​ដែល​រង​គ្រោះ​តាម​រយៈ​ការ​ផ្តល់​គ្រាប់​ពូជដំណាំ​និង​ផ្តល់​បច្ចេកទេស​ផលិតកម្ម។ ការ​ធ្វើ​អន្តរាគមន៍​សង្គ្រោះ​ដោយ​បូម​បាច​ទឹក​គឺ​ក្រសួង​ធនធាន​ទឹក​ជា​អ្នក​អនុវត្ត​ព្រមគ្នា​តាម​យន្តការ​ប្រមូល​ផ្តុំ​កម្លាំង​ក្រោម​យន្តការ​អនុវត្ត​នៃ​អាជ្ញាធរ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​របស់​ជាតិ»។

ប្រឡាយទឹកតូចមួយនៅក្នុងឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលប្រជាជនរអ៊ូថាមិនមានទឹកហូរមកពីលើ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។ (ស៊ុន ណារិន/វីអូអេ)
ប្រឡាយទឹកតូចមួយនៅក្នុងឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលប្រជាជនរអ៊ូថាមិនមានទឹកហូរមកពីលើ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។ (ស៊ុន ណារិន/វីអូអេ)

លោក ​សំ វិទូ អតីត​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិក្សានិង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​(CDAC) និង​ជា​ទី​ប្រឹក្សា​ឯករាជ្យ​ខាង​កសិកម្ម​កត់​សម្គាល់​ថា​ការ​បម្រែបម្រួល​អាកាសធាតុ​ជា​កត្តា​សំខាន់​មួយ​ដែល​បណ្តាល​ឲ្យមាន​គ្រោះ​រាំងស្ងួត ស្រប​ពេល​រចនាសម្ព័ន្ធ​ប្រព័ន្ធ​ធារាសាស្រ្ត​នៅ​មិន​ទាន់​ត្រូវ​បានរៀបចំ​ឲ្យ​មាន​នៅគ្រប់​តំបន់ដែល​មានការ​ខ្វះ​ខាតទឹក​ស្រោច​ដំណាំ​ក្នុង​អំឡុង​ពេល​រាំង​ស្ងួត។​

លោក​បន្ថែម​ថា​បើ​គិត​តាម​ឆ្នាំ​ចន្ទគតិ​របស់​កម្ពុជា​ដែលមាន​រយៈពេល​១៣ខែ​ការ​ធ្វើស្រូវ​នៅ​រដូវ​វស្សា​អាច​មាន​ការ​ពន្យារ​ពេល​ផងដែរ​ដែល​តោង​ឲ្យ​ប្រជាកសិករ​ត្រៀម​ពូជ​ស្រូវ​ដែល​មិន​ប្រកាន់​រដូវ ដើម្បី​បន្ត​ការ​ដាំដុះ។

លោក​ជឿ​ថា​រដ្ឋាភិបាល​ក៏ដូច​មន្ទីរកសិកម្មទៅតាម​បណ្តា​ខេត្តបាន​ត្រៀម​រួចជា​ស្រេចពូជ​ស្រូវ​របៀបនេះ​ដើម្បី​ចែកជូន​កសិករ​ដើម្បី​ឲ្យពួក​គាត់​មាន​លទ្ធភាព​ស្តារ​ដើមទុន​ដែល​ខាត​បង់​ទៅក្នុង​ដំណាំ​ស្រូវ​ខូចខាត​ដោយ​សារ​គ្រោះ​រាំងស្ងួត។

ប៉ុន្តែ​អ្នកជំនាញ​កសិកម្ម​រូបនេះ​និយាយ​ថា​វិធានការ​ឆើ្លយ​តប​ខាង​លើគ្រាន់​តែ​ជា​មធ្យោបាយ​ទប់ទល់​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ហើយ​រដ្ឋាភិបាល​គួរ​ពិចារណា​កែ​លម្អ​ឬ​ពង្រីកប្រព័ន្ធ​ធារាសាស្ត្រ​តូចៗ​ឲ្យបាន​ច្រើន​ថែម​ទៀត បន្ថែម​ទៅ​លើ​ប្រព័ន្ធ​ធារាសាស្ត្រ​ធំៗ​ដែល​មាន​ស្រាប់​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​រាំងស្ងួត​សម្រាប់​រយៈ​ពេល​វែង​និង​មធ្យម។

លោក​សំ វិទូ ថ្លែង​ថា៖ «ការ​រៀប​ចំ​ហេដ្ឋារចនា​សម្ពន្ធ​ប្រព័ន្ធ​ធារាសាស្ត្រ​ហ្នឹង​ឲ្យ​បាន​គ្រប់​គ្រាន់​ព្រោះ​បើសិន​ជា​យើង​ប្រៀបធៀប​រវាង​ប្រទេស​កម្ពុជា​យើង​ជាមួយ​ប្រទេស​វៀតណាម​ជាមួយ​ប្រទេស​ថៃ​គឺ​យើង​មាននៅតិច​ជាង​គេ​ណាស់។ ហើយ​ប្រព័ន្ធ​ធារាសាស្ត្រ​របស់​យើង​ដែល​យើង​មាន​ យើង​ឃើញ​ថា​ខ្ញុំបាន​ដើរ​ទៅ​ខាង​ដូច​ខេត្តព្រៃ​វែង​ទៅ​ខាង​ត្បូងឃ្មុំ​ឬក៏ទៅ​ខាង​តំបន់​ទំនាបផ្សេងៗ​ទៀត​យើង​ឃើញ​ភាគច្រើន​ គឺ​យើង​មាន​តែ​នៅ​ក្នុង​រដូវ​វស្សា​ហើយ​អីចឹង​រដូវប្រាំង​គឺ​ទឹករបស់​យើង​ពិបាក​ក្នុង​ការ​បូម​ណាស់​លើក​លែងតែតំបន់​ដែល​នៅ​ក្បែរ​បឹង​គៀក​នឹង​បឹង​ខ្លាំង​ឬក៏គៀក​នឹង​ទន្លេ​ខ្លាំង​ដែល​គាត់​អាច​បូម​ទឹក​ពី​បឹង​ឬ​ក៏​ពី​ទន្លេ»។

កសិករ​ម្នាក់​កំពុង​ប្រមូល​ទិន្នផល​ស្រូវ ដែល​ត្រូវបាន​ដាក់​ហាល​នៅ​លើ​ផ្លូវ​លំ​មួយ​នៅ​ខេត្ត​បន្ទាយ​មានជ័យ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ​ឆ្នាំ​២០១៩។
កសិករ​ម្នាក់​កំពុង​ប្រមូល​ទិន្នផល​ស្រូវ ដែល​ត្រូវបាន​ដាក់​ហាល​នៅ​លើ​ផ្លូវ​លំ​មួយ​នៅ​ខេត្ត​បន្ទាយ​មានជ័យ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ​ឆ្នាំ​២០១៩។

លោក​បន្ថែមថា​ការ​ពង្រីក​ប្រព័ន្ធ​ស្តុក​ទឹក​តាម​តំបន់​វាល​ស្រែ​ដោយ​ការ​ភ្ជាប់​ទឹក​ពីប្រឡាយ​មេ​អាចបើក​ផ្លូវ​កសិករ​ឲ្យ​សង្គ្រោះ​ដំណាំ​ស្រូវ​ចេញ​ពី​ស្ថានភាព​រាំងស្ងួត។

លោក​ពន្យល់​យ៉ាង​ដូច្នេះ៖​«ប្រព័ន្ធ​ជើង​ក្អែក​ចេញ​ពីប្រឡាយ​មេ​ទៅ​តាម​ស្រែ​កសិករ​អីហ្នឹង​ឬ​ក៏មាន​ប្រព័ន្ធ​ស្រះស្តុក​ទឹក​នៅ​តាម​ស្រែ​កសិករ​ដើម្បី​ឲ្យ​កសិករ​អាច​ថា​បូម​សង្គ្រោះ​នៅ​ពេល​ដែល​គាត់​ជួប​បញ្ហា​រាំង​ស្ងួត​ល្មមៗ​គាត់​អាចបូម​ពីស្រះ​របស់​គាត់​ដើម្បី​សង្គ្រោះ​ឬ​ក៏អាច​ស្រះ​ហ្នឹង​អាច​ក្លាយ​ទៅជា​ទីកន្លែង​សម្រាប់​ស្តុក​ពូជត្រី​ជាដើម​ចឹង។ អាហ្នឹង​គឺ​ជួយ​ល្អ​ដើម្បី​ជួយ​ឲ្យ​កសិករ​អាច​ពេល​ដែល​គាត់​មិន​បាន​ផល​ស្រូវ​ក៏គាត់​អាចបាន​ផល​ត្រី​អី​ចឹង​ដែរ»។

​អ្នកនាំពាក្យ​ក្រសួង​កសិកម្មលោក ស្រី វុឌ្ឍី មិន​ផ្តល់​ការ​អធិប្បាយ​ទៅ​សំណួរពាក់​ព័ន្ធ​នឹង​ការ​បង្កើត​ប្រព័ន្ធ​ធារាសាស្ត្រដើម្បី​ជួយ​ដល់​ប្រជា​កសិករ​ដែល​រង​ផល​ប៉ះពាល់​ពី​គ្រោះ​រាំង​ស្ងួត។

វីអូអេ​មិន​ទាន់​អាច​សុំការ​អធិប្បាយ​ពីអ្នក​នាំពាក្យ​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​លោក ​ចាន់ យុត្ថា បាន​ទេ​នៅ​ថ្ងៃពុធ​នេះ។

អ្នកនាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​លោក​ឃុន សុខា​ប្រាប់​វីអូអេ​នៅ​ថ្ងៃពុធ​នេះ​ថា​កូន​រដូវ​ប្រាំង​មួយ​ដែល​បាន​លេចឡើង​ក្នុងរដូវ​វស្សានេះ​បាន​បង្ក​ឲ្យមាន​ស្ថានភាព​រាំង​ស្ងួត​មួយ​រយៈ​ពេល​ដែល​ស្ថានភាព​នេះ​អាច​នឹង​ប្រែប្រួល​ទៅ​វិញ​ខណៈ​ពេល​នេះភ្លៀង​ចាប់​ផ្តើម​ធ្លាក់​មកវិញ។

លោក​បន្ថែម​ថា​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ពាក់​ព័ន្ធ​របស់​ក្រសួងរដ្ឋ​រួម​មាន​មន្ត្រី​ធនធាន​ទឹក​មក​ធ្វើ​អន្តរាគមន៍​ក្នុង​តំបន់​រាំង​ស្ងួត ហើយ​អ្វីដែល​ជាការ​បារម្ភ​នោះ​គឺ​ទឹកជំនន់​ព្រោះបើ​តាមការ​ព្យាករ​ភ្លៀង​អាច​នឹង​ធ្លាក់​ខ្លាំង​ក្នុងប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត។

លោក​ឃុន សុខា បញ្ជាក់​ថា៖ «រាជរដ្ឋាភិបាល​សម្តេច​តេជោ​គាត់​បាន​បញ្ជូន​ជំនាញ​ខាង​ក្រសួងពាក់​ព័ន្ធ​ជាពិសេស​ធនធាន​ទឹក​ហ្នឹង​គេ​ចុះ​ធ្វើ​អន្តរាគមន៍​បានមួយ​ចំនួន​ហើយ។ ហើយ​ឥឡូវ​ហ្នឹង​គឺ​ការងារ​រាំង​ស្ងួត​ហ្នឹង​គឺ​បាន​មាន​ភ្លៀង​ធ្លាក់​បន្ត​បន្ទាប់​មក​វិញ​ហើយ។ ឥឡូវ​ហ្នឹង​យើង​ឈាន​ដល់​តំណាក់​កាល​ខ្លាចតែ​មាន​ទឹក​ជំនន់​ទឹក​ភ្លៀង​ទៀត។ បាទ​ដោយសារ​តែ​មាន​ការ​ព្យាករ​ក្នុង​ប៉ុន្មាន​ថ្ងៃ​នេះ​នឹង​មាន​ធ្លាក់​ភ្លៀង​ធ្លាក់​ខ្លាំង​ ច្រើន​ថ្ងៃ​ជាប់​គ្នា»។

បើ​តាម​លោក​ឃុន សុខា ​ប្រទេស​កម្ពុជា​និង​ប្រទេស​ជាច្រើន​ទៀត​ក្នុង​សាកល​លោក​អាច​នឹង​ងាយ​រង​ហា​និភ័យ​ពីគ្រោះ​មហន្តរាយ​ធម្មជាតិ​ផ្សេងៗ​ដែល​បណ្តាល​មក​ពីបម្រែ​បម្រួល​អាកាសធាតុ​ដូចយ៉ាង​គ្រោះ​ទឹក​ជំនន់​ដែល​បាន​កើត​ឡើង​ដ៏កម្រ​នៅ​ប្រទេស​អាល្លឺម៉ង់​ឥណ្ឌា ​ចិនកាលពី​អំឡុង​ខែកក្កដា​និង​ខែសីហា​ឆ្នាំ​នេះនិងភ្លើង​ឆេះព្រៃ​ក៏បាន​កើត​ឡើង​នៅ​ប្រទេស​ជាច្រើន​ដែរ​នៅ​ឆ្នាំនេះ ដោយ​សារ​តែការកើន​ឡើង​នៃ​កម្តៅ​ផែនដី។

​កម្ពុជា​ជា​ប្រទេស​ដែល​ងាយ​រង​គ្រោះ​មួយ ដោយ​សារ​វិបត្តិ​បម្រែ​បម្រួល​អាកាសធាតុ។ កាល​ពី​ឆ្នាំ​២០១៥ កម្ពុជា​បាន​រង​ផល​ប៉ះពាល់​ពី​គ្រោះរាំង​ស្ងួត​ខ្លាំង​បំផុត​នៅ​ក្នុង​រយៈ​ពេល​៥០​ឆ្នាំចុង​ក្រោយ​នេះ​ដែលប្រជា​ជន​ប្រមាណ​២,៥​លាន​នាក់នៅ​ទូទាំង​ប្រទេស​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ។ បម្រែ​បម្រួល​អាកាស​ធាតុ​នេះ ភាគ​ច្រើន​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​លើ​ប្រជា​ជន​ដែល​ប្រកប​របរ​ក្នុង​វិស័យ​កសិកម្ម និង​នេសាទ៕​

XS
SM
MD
LG