ធនាគារ​​កណ្តាល​អង់គ្លេស​​ផ្អាក​​ការ​បង្កើន​អត្រា​ការ​ប្រាក់​​​ដូច​ធនាគារ​​កណ្តាល​​​អាមេរិក​ដែរ ​ ​ក្រោយ​អតិផរណា​បាន​ថមថយ

រូបឯកសារ៖ បុរស​ម្នាក់​ដើរ​កាត់​ធនាគារ​អង់គ្លេស​នៅ​សង្កាត់​ហិរញ្ញវត្ថុ​ក្នុង​ទីក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។

ធនាគារ​កណ្តាល​ចក្រភព​អង់គ្លេស​ (Bank of England) បាន​ផ្អាកការ​បង្កើន​ការប្រាក់ជិត​ពីរ​ឆ្នាំ​ ក្រោយពីអតិផរណា​នៅ​ចក្រភព​អង់គ្លេសបានចុះ​ថយ​ នាំ​ឱ្យ​មាន​ការ​បន្ថយ​កង្វល់​អំពីល្បឿន​នៃ​ទំនិញ​ឡើង​ថ្លៃ។

នៅ​ក្នុងព្រឹត្តិការណ៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី២១ ខែ​កញ្ញា ​ដែល​មាន​មនុស្ស​តិចតួច​បាន​ទស្សន៍ទាយ​កាល​ពីពីរ​ថ្ងៃ​មុន​នេះ ធនាគារ​កណ្តាល​អង់គ្លេសបាន​រក្សាទុក​អត្រា​ការប្រាក់​ឱ្យ​នៅ​ដដែល គឺ​៥,២៥%ដែលជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​១៥ឆ្នាំ។ ការណ៍​នេះ​បាន​នាំ​ឱ្យមាន​ការធូរចិត្តសម្រាប់​ក្រុម​ម្ចាស់ផ្ទះ​រាប់​លាន​នាក់​ដែលប្រឈម​នឹងអត្រា​ប្រាក់​បង់​រំលោះខ្ពស់បង់​រាល់​ខែ​សម្រាប់​ទិញ​ផ្ទះ។

សេចក្តី​សម្រេច​នេះមានការ​ខ្វែង​មតិ​គ្នា ដោយ​សមាជិក​៤នាក់​ក្នុង​បណ្តា​សមាជិក​៩នាក់នៃ​គណៈកម្មាធិការ​គោលនយោបាយ​ហិរញ្ញវត្ថុ​បានបោះឆ្នោត​ឱ្យ​មានការ​បង្កើន​ការប្រាក់។​

ធនាគារកណ្តាល​នៅ​ជុំវិញ​ពិភពលោក​ហាក់​ដូច​ជាជិត​បញ្ចប់ការ​បង្កើន​ការប្រាក់ដើម្បី​បន្ធូរអតិផរណា​បណ្តាល​មក​ពីការចាកចេញពី​វិបត្តិការ​រាតត្បាតជំងឺ​កូវីដ១៩និងសង្គ្រាម​រុស្ស៊ីនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ ធនាគារ​កណ្តាល​សហរដ្ឋ​អាមេរិកបាន​រក្សាទុក​អត្រា​ការប្រាក់​ឱ្យ​នៅ​ដដែល​កាល​ពី​ថ្ងៃ​ពុធ ទី២០ ខែកញ្ញា។

អ្វីដែល​មានឥទ្ធិពល​យ៉ាង​ជាក់​ច្បាស់​ទៅលើសេចក្តី​សម្រេច​របស់ធនាគារ​កណ្តាល​អាមេរិក​គឺ​អតិផរណាបានចុះថយ​មកនៅ​ត្រឹម​៦,៧%កាលពី​ខែ​សីហា​ ដែល​ជា​កម្រិត​ទាប​បំផុត​ចាប់​តាំងពី​រុស្ស៊ី​បានលុកលុយ​អ៊ុយក្រែន​កាលពីខែកុម្ភៈ​ឆ្នាំ២០២២។​

តែ​យ៉ាង​ណា​ក៏​ដោយ ក៏អតិផរណា​នៅ​តែ​ខ្ពស់​ជាង​អត្រា​ទីដៅ​របស់​ធនាគារកណ្តាល​នេះ ដែល​នោះគឺ២% ហើយខ្ពស់​ជាង​អត្រានៅ​ក្នុង​ប្រទេសឯទៀត​នៃ​ពួក​ប្រទេស​មាន​សេដ្ឋកិច្ចធំជាង​គេទាំង​៧​ក្នុង​ពិភពលោក។

អត្រា​ការប្រាក់​ខ្ពស់ ដែល​ធ្វើ​ឱ្យសេដ្ឋកិច្ចបន្ថយ​ល្បឿន​បន្តិចដោយធ្វើ​ឱ្យ​ការ​ខ្ចី​លុយ​ថ្លៃ​ជាង​មុន​ បានរួមចំណែកក្នុង​ការ​ធ្វើ​ឱ្យ​អតិផរណា​ចុះថយ​នៅ​ទូទាំង​ពិភពលោក។

ប៉ុន្តែ​សម្រាប់​ម្ចាស់​ផ្ទះអង់គ្លេស​ជា​ច្រើន នឹង​មាន​ការ​ពិបាកច្រើន​ជាង​មុន។ ខុស​ពី​នៅសហរដ្ឋ​អាមេរិក​ ម្ចាស់ផ្ទះ​ភាគច្រើននៅអង់គ្លេស​អាច​រក្សាទុកអត្រា​ការប្រាក់បង់​រំលោះតែ​ពីរ​បី​ឆ្នាំ ដូច្នេះ​ក្រុម​ម្ចាស់ផ្ទះ​ដែល​មាន​កិច្ចសន្យា​ការ​ប្រាក់​ផុត​ពេលកំណត់​ក្នុង​ពេល​ឆាប់ៗ​នេះ ​ដឹង​ថា​ពួក​គេ​ប្រឈម​នឹងសោហ៊ុយ​ខ្ចី​ប្រាក់​ច្រើនជាង​មុន​ដោយសារកំណើនអត្រា​ការប្រាក់​ខ្លាំង​កាល​ពី​ពីរ​បី​ឆ្នាំ​កន្លង​ទៅ​នេះ៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ