នៅថ្ងៃអាទិត្យនេះ អាជ្ញាធរបង់ក្លាដែសបានចាត់វិធានការដាក់កំហិតចំពោះលំហូររបស់ជនភៀសខ្លួន Rohingya កាន់សាសនាឥស្លាម ដែលគេចចេញពីអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា ចូលមកក្នុងជំរំនានានៅតាមព្រំដែនដែលណែនតាន់តាប់រួចទៅហើយ និងបានចាប់ផ្ដើមចាក់វ៉ាក់សាំងការពារជំងឺនានាដល់កុមារ Rohingya រាប់ម៉ឺននាក់។
ប្រទេសបង់ក្លាដែសបានទទួលជនភៀសខ្លួន Rohingya ជាង ៤ សែននាក់ ដែលជនទាំងនោះបានគេចចេញពីផ្ទះសម្បែងរបស់ពួកគេនៅក្នុងរយៈពេល ៣ សប្ដាហ៍ចុងក្រោយនេះ ស្របពេលមានវិបត្តិកើតឡើង ដែលវិបត្តិនោះត្រូវបានអង្គការសហប្រជាជាតិហៅថាជាការបោសសម្អាតជាតិសាសន៍។
នាយករដ្ឋមន្ត្រីបង់ក្លាដែសលោកស្រី Sheikh Hasina ដែលរិះគន់ខ្លាំងៗលើរដ្ឋាភិបាលមីយ៉ាន់ម៉ាចំពោះអំពើឃោរឃៅទាំងនេះ នៅពេលដែលលោកស្រីធ្វើទស្សនកិច្ចទៅកាន់ជំរំនានានៅតាមព្រំដែនកាលពីសប្ដាហ៍មុន បានចាកចេញពីរដ្ឋធានី Dhaka ដើម្បីចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។
លោក Abdus Salam ប្រធានគ្រប់គ្រងនៃមន្ទីរពេទ្យរដ្ឋប្រចាំសង្កាត់ Bazar នៃទីក្រុង Cox របស់ប្រទេសបង់ក្លាដែស បាននិយាយថា កុមារ Rohingya ប្រហែល ១ សែន ៥ ម៉ឺននាក់ នឹងត្រូវទទួលបានវ៉ាក់សាំងនៅក្នុងអំឡុងពេល ៧ ថ្ងៃខាងមុខនេះ ដើម្បីការពារពីជំងឺកញ្ជ្រឹល ជំងឺស្អូច និងជំងឺស្វិតដៃជើង។ អង្គការសហប្រជាជាតិបានឲ្យដឹងថា មានកុមារ Rohingya ប្រមាណ ២ សែន ៤ ម៉ឺននាក់ កំពុងរស់នៅក្នុងស្ថានភាពយ៉ាប់យ៉ឺនជាទីបំផុត។
ជំរំពីរដែលមានស្រាប់នៅក្នុងប្រទេសបង់ក្លាដែសបានកម្រិតក្នុងការទទួលយកជនភៀសខ្លួន Rohingya ហើយ។ ចំណែកឯជនភៀសខ្លួន Rohingya ដែលទើបធ្វើដំណើរមកដល់ប្រទេសបង់ក្លាដែស បានស្នាក់នៅតាមសាលារៀន កន្លែងស្នាក់នៅបណ្ដោះអាសន្នដ៏ណែនណាន់តាន់តាប់នានា ដែលគ្មានបង្គន់ប្រើប្រាស់នៅតាមដងផ្លូវ និងនៅតាមទីវាលផ្សេងៗ៕