ប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដេសបានព្រមព្រៀងគ្នាធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅប្រទេសដែលពួកគេបានភៀសខ្លួនចេញ នៅខណៈមានការព្រមានពីសំណាក់អង្គការសហប្រជាជាតិថា អំពើប្រល័យពូជសាសន៍នៅបន្តកើតឡើងលើក្រុមជនភៀសខ្លួនទាំងនោះ។
រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ការងារជួយង្រ្គោះ និងតាំងទីលំនៅរបស់ប្រទេស មីយ៉ាន់ម៉ា លោក Win Myat Aye បានប្រាប់ VOA សេវាភាសាភូមាថា កាលបរិចេ្ឆទនៃការចាប់ផ្តើមធ្វើមាតុភូមិនិវត្តន៍ត្រូវបានគេកំណត់ជាបណ្តោះអាសន្នគឺនៅថ្ងៃទី១៥ ខែវិចិ្ឆកាខាងមុខនេះ។ លោករដ្ឋមន្ត្រីក៏បានប្រាប់បន្ថែមទៀតថា ជនភៀសខ្លួនជាង ៥.០០០នាក់ត្រូវបានផ្ទៀងផ្ទាត់ ដើម្បីបញ្ចូនត្រឡប់ទៅវិញ។
ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមជាង៧២០.០០០នាក់បានភៀសខ្លួនចេញពីរដ្ឋ Rakhineប្រទេសមីយ៉ាន់ម៉ាកាលពីខែសីហាឆ្នាំមុន បន្ទាប់ពីក្រុមសកកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ាបានវាយប្រហារទប់ទល់នឹងការបង្ក្រាបរបស់ទាហានរដ្ឋាភិបាល។ ក្រុមជនភៀសខ្លួន និងអ្នកសារព័ត៌មានបានរាយការណ៍អំពីការរីករាលដាលនៃការកាប់សម្លាប់ ការចាប់រំលោភសេពសន្ថេវៈ និងការដុតបំផ្លាញភូមិរបស់ជនជាតិរ៉ូហ៊ីងយ៉ា។
រដ្ឋាភិបាលមានបំណងបញ្ជូនជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលមានវត្តមាននៅប្រទេសបង់ក្លាដេសឲ្យត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញជាយូរមកហើយ គឺចាប់តាំងពីពេលស្វាគមន៍រហូតដល់មានភាពចម្រូងចម្រាស ដោយសារតែចំនួនជនភៀសខ្លួនទាំងនេះប៉ះពាល់ដល់ធនធានរបស់ប្រទេសក្រីក្រមួយនេះ។
កាលពីសប្តាហ៍មុនប្រធានបេសកកម្មស្វែងរកការពិតក្នុងប្រទេសមីយ៉ាន់ម៉ារបស់អង្គការសហប្រជាជាតិបានព្រមានថាជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់នៅតែភៀសខ្លួនទៅប្រទេសបង់ក្លាដេស និងថា ចំពោះអ្នកដែលបន្តស្នាក់នៅក្នុងភូមិនៅតែទទួលរងការគំរាមកំហែង និងការបង្រ្កាបនានាពីសំណាក់ក្រុមយោធា៕