បម្រាម​ធ្វើ​នយោបាយ​ជិត​ផុត​កំណត់ ​ប៉ុន្តែ​មន្រ្តី​បក្ស​ប្រឆាំង​នៅ​បន្ត​ជាប់​បណ្តឹង​នៅ​តុលាការ

រូបឯកសារ៖ ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ ដែល​គណបក្ស​នេះ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ។

បើ​ទោះ​នឹង​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ក្នុង​រយៈ​៣​ខែ​ទៀត​ ប៉ុន្តែ​មន្រ្តី​គណបក្ស​ប្រឆាំង​មួយ​ចំនួន​នៅ​តែ​បន្ត​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​ ដែល​ជា​ការ​រឹត​ត្បិត​សកម្ម​ភាព​នយោបាយ​របស់​ពួក​គេ​បន្ត​ទៀត។ ​

មន្រ្តី​ ​ថ្នាក់​ដឹកនាំ ​និង​សមាជិក​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន​១១៨​នាក់​ត្រូវ​បាន​កាត់​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ ​កាល​ពី​ថ្ងៃទី​១៦ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧ ​នៅ​ពេល​ដែល​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល។​

​មក​ដល់​ពេល​នេះ ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ ​មាន​តែ​អ្នក​នយោបាយ​ជាង​២០​នាក់​ប៉ុណ្ណោះ​បាន​ទទួល​សម្បទាន​ធ្វើ​នយោបាយ​ឡើង​វិញ ​ដោយ​ខ្លះ​ទៅ​បង្កើត​គណ​បក្ស​ថ្មី។ ​អ្នក​នយោបាយ​ខ្លះ​ ដែល​មិន​ទាន់​ទទួល​បាន​សម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ​ កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​របស់​តុលាការ ​ក្នុង​សំណុំរឿង​ផ្តួល​រលំ​រដ្ឋាភិបាល ​និង​រួម​គំនិត​ក្បត់។​

លោក ​ជា ជីវ ​អតីត​ប្រធាន​ប្រតិបត្តិ​ប្រចាំ​ខេត្ត​បាត់​ដំបង​របស់​គណបក្ស​សង្រ្គោះ​ជាតិ ​ដែល​រង​បម្រាម​នយោបាយ​ បាន​សម្តែង​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង ​នៅ​ពេលជិត​ដល់​ថ្ងៃ​ផុត​បម្រាម​ ប៉ុន្តែ​បែរ​ជា​មាន​ការ​ចោទ​ប្រកាន់​រូប​លោកពាក់​ព័ន្ធ​រួម​គំនិត​ក្បត់​ ​និង​ការ​បង្ក​អសន្តិសុខ​វឹ​កវរ​ក្នុង​សង្គម​ ដែល​លោក​ត្រូវ​បាន​បង្គាប់​ឱ្យ​ចាប់​ខ្លួន​ និងជាប់​ពន្ធនាគារ​រយៈ​ពេល​៦​ឆ្នាំ។​

លោក​ ជា ជីវ ​ដែល​បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​កាល​ពីពេលថ្មី​ៗនេះ ​យល់​ឃើញ​ថា​ នេះមិន​មែន​ជា​ការ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ​ទេ ​ប៉ុន្តែ​វា​ជា​ការ​បំបិទ​សិទ្ធិ​សេរី​ភាព​អ្នក​នយោ​បាយ​ដែល​គាំទ្រ ​តស៊ូ​ជាមួយ​លោក ​សម រង្ស៊ី ​និង​ជាមួយគណបក្ស​សង្គ្រោះ​ជាតិ។​

លោក​ថ្លែង​ថា៖​«មិន​បាច់​មាន​ច្បាប់​ទេ ​មិន​បាច់​មាន​លិខិត​បទដ្ឋាន​ទេ​ មិន​បាច់​មាន​ឯកសារ​យោង​នេះ​ យោង​នោះ​ទេ។ ​ហើយ​មាន​តែច្បាប់​មួយ​ទៅ ​គឺ​នីតិមាត់​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ព្រោះ​ប្រសិនបើ​គ្មាន​ការ​អនុញ្ញាត​ ឬ​ក៏​មិន​មាន​ការ​ឯក​ភាព​របស់​នាយក​រដ្ឋមន្ត្រី​ គ្មាន​អ្នក​ណា​ហ៊ាន​ធ្វើ ​គ្មាន​អ្នក​ណា​ហ៊ាន​សម្រេច​ជួស​ច្បាប់​ ជួស​លិខិត​បទ​ដ្ឋាន​នោះ​ទេ»។​

ចំណែក​លោក​ ម៉ន​ ​ផល្លា ​សមាជិក​គណៈ​កម្មាធិការ​នាយក​របស់គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​បើ​ទោះ​បី​ជា​ផុត​បម្រាម​នយោបាយ​យ៉ាង​ណា​ក្តី ​ក៏​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រឈម​បញ្ហា​ទោស​ព្រហ្ម​ទណ្ឌ​ ដែល​លោក​ថា ​នេះ​ជា​ការ​គាប​សង្កត់​សិទ្ធិ​នយោបាយ។​ លោក​បន្ថែម​ថា បើ​សិន​ជា​លោក​នាយក​រដ្ឋមន្ត្រី​មាន​ចិត្ត​សឿង​ គួរ​តែ​ទម្លាក់​បទ​ចោទ​ប្រកាន់​ទាំង​អស់​លើ​មន្ត្រី​គណ​បក្ស​សង្គ្រោះជាតិ ​ហើយ​ត្រូវ​បើកផ្លូវ​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើភាព​គ្នា ​និង​ដោយ​ភាព​ស្មោះ​ត្រង់​ដើម្បី​ដឹង​ថា ​ប្រជាព​លរដ្ឋ​ពេញ​ចិត្ត​ឱ្យ​អ្នក​ណា​គ្រប់​គ្រង​ប្រទេស។​

លោក​បញ្ជាក់​ថា៖ ​«សូម​លើក​ទឹក​ចិត្ត​លោក​ ហ៊ុន សែន ​បើ​គិត​ថា ​លោក​ក្លាហាន ​លោក​ស្មោះ​ត្រង់​ចំពោះ​ជាតិ​ចំពោះ​ប្រជាពល​រដ្ឋ​ពិត​ប្រាកដ​ លោក​បើក​ផ្លូវ​ឱ្យ​ពួក​យើង​ទាំង​អស់​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​ដើម្បី​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរ​ការ​ឡើង​វិញ»។​

ចំណែក​លោក ​ជូង ជូងី ​ជា​មេធាវី ​និង​ធ្លាប់​ជា​សមាជិក​គណៈ​កម្មាធិការ​នាយ​ក​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែ​ល​ជាប់​បម្រាប​នយោបាយ​ដែរ​នោះ ​ប្រាប់​វីអូអេ​ថា​ លោក​ធ្លាប់​ស្នើសុំ​សិទ្ធិ​សម្បទា​នយោបាយ​ឡើង​វិញ​ពី​ក្រសួង​មហាផ្ទៃ ​កាល​ពី​ឆ្នាំ​មុន ប៉ុន្តែ​មិន​ទទួល​បាន​ដំណឹង​អ្វីនោះ​ទេ។​

លោក​ថ្លែង​ថា៖ «ក្រសួង​មហាផ្ទៃ​អត់​មាន​ឆ្លើយ​តប​ជា​ផ្លូវ​ការ​មក​ខ្ញុំ​ទេ ​ប៉ុន្តែ​តាម​បណ្តាញ​សង្គម​ផ្សេងៗ​ក្នុង​ន័យ​ថា​មិន​អនុញ្ញាត​ហើយ។​ ហើយ​ខ្ញុំ​ក៏​អត់​មាន​សុំ​ អត់​មាន​ពន្លឿន​អី​ទៀត ​អត់​មាន​ធ្វើ​អី​ទេ ​គឺ​ចាំ​ឱ្យ​ចប់​៥​ឆ្នាំ​អ៊ីចឹង​ទៅ»។​

អ្នក​នាំពាក្យគណបក្ស​ប្រជាជន​កម្ពុជា ​លោក ​សុខ​ ឥសាន​ ប្រាប់វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ អតីត​មន្ត្រី​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុងជាប់​បម្រាប​នយោបាយ​អាច​ធ្វើ​សកម្ម​ភាព​នយោបាយ​របស់​ខ្លួន​បាន​ឡើង​វិញ​ជា​ធម្មតា​ ក្រោយ​ពី​ផុត​បម្រាមក្នុង​ខែវិច្ឆិកាខាង​មុខ ​ប៉ុន្តែ​មិន​មែន​ធ្វើ​ជាមួយ​បក្សសង្គ្រោះ​ជាតិ​វិញ​ទេ ​ព្រោះ​តុលាការ​បាន​រំលាយ​បាត់​ទៅ​ហើយ។​

លោក​ថ្លែងថា៖ ​«ច្បាប់​បា​ន​ផ្អាក​នីតិ​សម្បទា​ធ្វើ​នយោបាយ​របស់​គាត់​៥​ឆ្នាំ ​ឥឡូវ​នៅ​សល់​៣​ខែ​ទៀត ​អាហ្នឹង​គាត់​អាច​ចូល​មក​វិញ​បាន​ហើយ​ វា​អត់​មាន​បញ្ហា​អ្វីទេ»។ ​

ប៉ុន្តែលោក​ថា​ បុគ្គល​មួយ​ចំនួន​ដែល​ជាប់​ក្តី​ក្តាំ​ក្នុង​សំណុំរឿង​ផ្តួល​រលំ​រដ្ឋាភិបាល​ និង​សំណុំ​រឿង​រួម​គំនិត​ជា​ដើម ​ត្រូវ​តែ​ប្រឈម​មុខ​ជាមួយ​តុលាការ​ជា​មុន​សិន។ ​លោក​ក៏​បានឌឺដងទៅ​ឱ្យ​លោក​ សម រង្ស៊ី ​ដែល​លោក​ហៅ​ថា​ជា​«មេ​ឧទ្ទាម​ក្រៅ​ច្បាប់»​ថា ​បើ​ចិត្ត​សឿង​ឱ្យ​ចូល​មក​កម្ពុជា​មក។​

លោក​បន្ថែម​ថា៖​«តាម​សាល​ក្រម ​សាលដី​របស់​តុលាការ​កន្លង​ទៅ​ ទណ្ឌិត​មេ​ឧទ្ទាម​ក្រៅ​ច្បាប់​ហ្នឹង​ត្រូវ​ជាប់​គុក​ប្រហែល​ជា​១៦០​ឆ្នាំ»។​

លោក ​សុខ ឥសាន ​បន្ថែម​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ខ្លាច​វត្តមាន​របស់​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​សម្រាប់​ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ខាង​មុខ។​ ហើយ​លោក​ថា ទោះបី​ជា​មាន​ការ​រួប​រួមគ្នា​ឡើង​វិញ​នៃ​គណបក្ស​ប្រឆាំង​ក៏មិន​អាច​ប្រៀប​ផ្ទឹម​គណ​បក្ស​ប្រជា​ជន​បាន​ដែរ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកស្រី ​ម៉ៅ ធីតា ​អ្នក​នាំពាក្យ​តុលាការ​កំពូល​បាន​នៅ​ឡើយ​ទេ។ ​

លោក​ កន សាវាង្ស​ មន្ត្រី​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល ​យល់​ថា ​រដ្ឋាភិបាល​ត្រូវ​ធានា​ថា​សកម្ម​ជន​នយោបាយ​អាច​ចូលរួម​ការ​បោះឆ្នោត ​ដោយ​ពុំ​មាន​ការ​បំភិត​បំភ័យ។​

លោក​ថ្លែង​ថា៖ ​«រឿង​សំខាន់​ទៀត​គឺ​ផ្តល់​លទ្ធភាព​ឱ្យ​គាត់​បាន​ចូលរួម​ ដោយ​ពេញ​លេញ​ ដោយ​មិន​មាន​ការ​រំខាន​ដោយ​ផ្លូវ​តុលាការ​ ឬ​ដោយ​ការ​បំភិត​បំភ័យ​ពី​អាជ្ញាធរ​មូលដ្ឋាន​ ឬ​ក៏​សមត្ថ​កិច្ច​ផ្សេងៗ​ហ្នឹង»។​

កាល​ពី​ខែ​មុន​ អតីត​មន្ត្រីជាន់​ខ្ពស់ ​និង​ជា​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ រួម​មាន​លោក ​អ៊ូ ច័ន្ទ​ឫទ្ធិ ​លោក​គង់​ សភា ​និងលោក​ ហេង ដាណារ៉ូ ​បាន​ធ្វើ​លិខិត​មួយ​ច្បាប់​ ចុះ​ថ្ងៃ​ទី​២៥​ ខែ​កក្កដា​ស្នើ​សុំ​ដោយ​ផ្ទាល់​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី ​ឱ្យជួយ​ធ្វើ​អន្តរាគមន៍​ទម្លាក់​រាល់​បទ​ចោទ​ប្រកាន់​ទាំង​អស់​លើពួក​គេ​ដើម្បី​អាច​វិលមក​កម្ពុជា​វិញ។​

ពួកគេ​បញ្ជាក់​គោល​បំណង​ក្នុង​លិខិត​នោះ​ថា​ ពួក​គេពុំ​មាន​ឧបាយ​កល​ទុច្ចរិត​ណា​មួយ ​ដូច​ការ​ចោទ​ប្រកាន់​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នោះ​ទេ ​ដោយ​គ្រាន់​ចង់​ស្តារ​ឱ្យ​មាន​លទ្ធិ​ប្រជា​ធិបតេយ្យ ​សិទ្ធិ​សេរី​ភាព​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ពេញ​លេញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ស្រប​តាមរដ្ឋ​ធម្មនុញ្ញ​តែ​ប៉ុណ្ណោះ។​

ពួកគេ​ទទូច​ថា៖​«សូម​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​មេត្តា​ជួយ​ធ្វើ​កិច្ច​អន្តរាគមន៍​ដើម្បី​ឱ្យ​មាន​ការ​លើក​លែង​ទោស ​និង​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​ទាំង​អស់​ដល់​ពួក​ខ្ញុំ​ ដើម្បី​ឱ្យ​ពួក​ខ្ញុំទាំង​បី​នាក់​មាន​សេរី​ភាព​វិល​ត្រឡប់​ទៅ​រួម​រស់​ក្នុង​ប្រទេស​កម្ពុជា​វិញ​ ក្នុង​នាម​ជា​ប្រជា​ពល​រដ្ឋ​ខ្មែរ​ ដូចប្រជា​ពលរដ្ឋ​ទូទៅដទៃ​ ដោយ​អនុគ្រោះ»