ស្នងការ​នគរបាល​ក្រុង​បាល់ទីម័រ​ថ្លែង​ថា​​មាន​ស្ថិរភាព​ឡើង​វិញ

បាតុករ​ម្នាក់​ប្រឈម​មុខ​នឹង​ប៉ូលីស​ក្នុង​ការអនុវត្ត​បំរាម​គោចរ​ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា​ ឆ្នាំ​២០១៥​ ក្នុង​ទីក្រុង​បាល់ទីម័រ។​

ស្នងការ​ប៉ូលីស​ក្រុង​បាល់ទីម័រ​ (Baltimore) បាន​ថ្លែង​ថា​ ទីក្រុង​នៅ​ក្នុង​ភាគ​ខាង​កើត​នៃ​ស.រ.អា.​មួយ​នេះ ​«មាន​ស្ថិរភាព​ឡើង​វិញ»​ ​ខណៈ​ពេល​ដែល​អាជ្ញាធរ​ដាក់​បំរាម​គោចរ​នៅ​ពេល​យប់​ បន្ទាប់​ពី​មាន​កូដកម្ម​ដោយ​សារ​មរណភាព​របស់​យុវជន​ស្បែក​ខ្មៅ​ម្នាក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​ឃុំឃាំង​របស់​ប៉ូលីស​នៅ​ដើម​ខែ​នេះ។​

ភ្នាក់ងារ​ប៉ូលីស​ពាក់​ឯកសណ្ឋាន​ការពារ​កូដកម្ម​បាន​ប្រឈម​មុខ​ជា​មួយ​បាតុករ​មួយ​ក្រុម​តូច​ ដែល​នៅ​ជួប​ជុំ​គ្នា​តាម​ផ្លូវ​ប្រឆាំង​នឹង​បំរាម​គោចរ​ ដែល​ត្រូវ​ចូល​ជា​ធរមាន​នៅ​ម៉ោង​ ១០​ យប់​ ថ្ងៃ​អង្គារ។​ នៅ​ពេល​ដែល​ប៉ូលីស​បាន​បញ្ជា​ឲ្យ​ក្រុម​បាតុករ​បំបែក​ជួរ​ មាន​មនុស្ស​ខ្លះ​បាន​ចោល​ដប​និង​ចំអក​ដាក់​ភ្នាក់​ងារ​ប៉ូលីស​ តែ​មួយ​ម៉ោង​ក្រោយ​មក​ បាតុករ​ភាគ​ច្រើន​បាន​ដើរ​ចេញ​ពី​ទីក្រុង​នោះ។​

អ្នក​ក្រុង​បាន​នាំ​គ្នា​ចេញ​ទៅ​សំអាត​ទីក្រុង​កាល​ពី​ថ្ងៃ​អង្គារ​ រើស​សំរាម​ ស្រក់​ទឹក​ភ្នែក​ និង​ឃើញ​ហាង​ដែល​ត្រូវ​គេ​ដុត​ និង​ផ្សារ​ដែល​មាន​មនុស្ស​ចូល​ទៅ​លួច​អីវ៉ាន់។​

នៅ​ពេល​ថ្ងៃ​លិច​ថ្ងៃ​អង្គារ​ ផ្លូវ​ដែល​មាន​ពោរ​ពេញ​ទៅ​ដោយ​ក្រុម​កូដករ​កាល​ពី​ ២៤​ ម៉ោង​មុន​ ឥឡូវ​មាន​តូរ្យតន្ត្រី​ ការ​រាំរែក​ និង​មនុស្ស​អោប​គ្នា​យ៉ាង​រីករាយ។​

អភិបាល​ក្រុង​ លោក​ស្រី​ Stephanie​ Rawlings-Blake​ បាន​ចេញ​ទៅ​មើល​ទី​កន្លែង​ធ្វើ​បាតុកម្ម​ ហើយ​ថា​លោក​ស្រី​បាន​ឃើញ​លក្ខណៈ​ពិត​ជាក់​ស្តែង​របស់​ទីក្រុង​បាល់ទីម័រ​ គឺ​អ្នក​ក្រុង​បាន​ទាម​ទារ​និង​ផ្សះផ្សា​ទី​ក្រុង​របស់​គេ​ឡើង​វិញ។​

អ្នក​ស្រី​ Victoria​ Macchi​ នៃ​វីអូអេ​រាយការណ៍​ថា​ បន្ទាប់​ពី​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​មួយ​រយៈ​ខ្លី​ក្នុង​ភាគ​មួយ​នៃ​ទីក្រុង​នេះ​ ក្រុម​បាតុករ​បាន​ចេញ​ទៅ​ឈរ​ជា​របាំង​រវាង​ក្រុម​ប៉ូលីស​និង​ក្រុម​បាតុករ​ដែល​មាន​កំហឹង៕