កញ្ចប់​សុវត្ថិភាព​«ក»​មកពី​​ខេត្ត​សៀមរាប​មាន​ភាព​មិន​ប្រក្រតី​ច្រើន

  • ​គង់ ​សុឋានរិទ្ធ

លោកហ៊ឺ រ៉ុង (កណ្តាល)​​​ ប្រធាន​នាយក​ដ្ឋាន​​ប្រតិបត្តិ​គ.ជ.ប.​​និង​​​សហការី​​បើក​​កញ្ចប់​​សុវត្ថិភាព​«ក» ​បង្ហាញ​អ្នកយក​​ព័ត៌មាន​​និង​​តំណាង​គណបក្ស​​នយោបាយ។​

ការ​បើក​កញ្ចប់​សន្លឹក​ឆ្នោត​ដែល​ហៅ​ថា​ កញ្ចប់​សុវត្ថិភាព​«ក»​ក្នុង​ការិយាល័យ​បោះឆ្នោត​ចំនួន​១២​ក្នុង​ខេត្ត​សៀមរាបដោយ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.)​នៅ​ថ្ងៃ​សុក្រ​នេះ​បង្ហាញ​ថា​ ចំនួន​សន្លឹកឆ្នោត​មិន​បានការ​មាន​តួលេខ​ខ្ពស់​និង​កញ្ចប់សុវត្ថិភាព​មិន​បាន​បិទជិត​គឺជា​បញ្ហា​សំខាន់​បំផុត​ពីរ​ដែល​ត្រូវ​បាន​រក​ឃើញ។​ ​ការិយាល័យ​បោះ​ឆ្នោតទាំង​១២​នេះ​ស្ថិត​ក្នុង​ក្រុង​សៀមរាប​និង​នៅ​ស្រុក​ពួក​ភាគ​ខាងលិច​ទីរួម​ខេត្ត​សៀមរាប។​
គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.)​បាន​បើក​កញ្ចប់​សុវត្ថិភាព​«ក»​នេះ​តាម​ការ​បង្គាប់​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដោយ​មាន​បណ្តឹង​ពី​គណបក្ស​សង្រ្គោះ​ជាតិ។

កញ្ចប់​សុវត្ថិភាព​ចំនួន​ប្រាំពីរ​ក្នុង​ចំណោម​១២​បើក​ចំហ​ ហើយ​សន្លឹក​ឆ្នោត​មិន​បាន​ការ​បាន​ប្រែប្រួល​ពី​២០​រហូត​ដល់​១៣៧​សំឡេង​ ហើយ​មាន​តែ​ការិយាល័យ​តែ​មួយគត់​ក្នុង​ចំណោម​ការិយាល័យ​បោះឆ្នោត​ទាំង​១២​ដែល​មាន​សន្លឹក​ឆ្នោត​មិន​បាន​ការ​ចំនួន​មួយ​សន្លឹក។

លោក​គួយ ប៊ុនរឿន ​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​បោះឆ្នោត​ បាន​ថ្លែង​ប្រាប់ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​ថា​ ភាព​មិន​ប្រក្រតី​ដែល​បាន​រក​ឃើញ​ធ្វើ​ឲ្យ​លទ្ធផល​បោះឆ្នោត​មិន​អាច​ទុកចិត្ត​និង​ទទួល​យក​បាន។​

លោក​និយាយថា៖​ «ដូច​ជា​ការិយាល័យ​០៦៧៣ ​សន្លឹកឆ្នោត​បាន​ការ​ក្នុង​ទម្រង់​១១០២​មានតែ​២៧២។​ ដល់ពេល​សន្លឹក​ឆ្នោត​បាន​ការ​ក្នុងទំរង់​១១០៨​មាន​២៩៧។​ នេះ​ជា​បញ្ហា។​ មិនមែន​ខុសតែ​តួលេខ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទួល​ជាមួយ​គ.ជ.ប.​ទេ​ ប៉ុន្តែ​គ.ជ.ប.​ខ្លួនឯង​មាន​តួលេខ​២​ខុសគ្នា​ទៅ​ហើយ។​នេះ​ហើយ​ជា​បញ្ហា​ដ៏ធ្ងន់ធ្ងរ​ដែល​យើង​មិនអាច​ទទួល​យក​បាន​អំពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ទេ»។​

ព្រះ​អង្គម្ចាស់​នរោត្តម ​ចក្រពង្ស់ ​និង​អ្នកស្រី​ចែម ​វេយ្យរិទ្ធ​ សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ មិន​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​ដល់​អ្នក​កាសែត​ទេ។​

អ្នកស្រី​វេយ្យរិទ្ធ ​មាន​ប្រសាសន៍​យ៉ាង​ខ្លីថា ​អ្នកស្រី​មិនមែន​ជា​អ្នក​នាំពាក្យ​ទេ។

​«ខ្ញុំមិនមែន​អ្នក​នាំ​ពាក្យ​ទេ ​ចា៎»។​

យ៉ាងណា​ក៏​ដោយ​មន្ត្រី​គ.ជ.ប.​បាន​ឲ្យ​បង្ហាញ​ថា​ រាល់​ឯកសារដែល​ត្រូវ​យក​មក​ផ្ទៀង​ផ្ទាត់​ទាំងនេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដឹង​ឮ​ដោយ​ភ្នាក់ងារ​គណបក្ស​នយោបាយ​នៅ​តាម​ការិយាល័យ​និមួយៗ។

លោក​ទេព នីថា ​អគ្គ​លេខាធិការ​គ.ជ.ប.​ធ្លាប់​បាន​ប្រកាស​ថា​ ការ​ខុស​តួលេខ​គឺជា​បញ្ហា​បច្ចេកទេស​ ហើយ​វា​នឹង​មិន​ធ្វើ​ឲ្យ​ប្រែប្រួល​ចំនួន​អាសនៈ​ទេ។​

ដោយឡែក​លោក​គួយ​ ប៊ុនរឿន​អះអាង​ថា ​គណបក្ស​សង្រ្គោះ​ជាតិ​អាច​នឹង​ទទួល​បាន​មួយ​អាសនៈ​បន្ថែម​ទៀត​នៅ​ក្នុង​ខេត្ត​សៀមរាប ​ប្រសិន​បើ​មាន​ការ​បោះឆ្នោត​បាន​ត្រឹម​ត្រូវ។

យោងតាម​តួលេខ​ក្រៅ​ផ្លូវការ​ឲ្យ​ដឹង​ថា​ គណបក្សប្រជាជន​កម្ពុជា​ឈ្នះ​បាន​៤​អាសនៈ​នៅ​ខេត្ត​សៀមរាប ​និង​គណបក្ស​ជំទាស់​ទទួល​បាន​ពីរ​អាសនៈ។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្តឹង​ឲ្យមាន​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ និង​ផ្តល់​សុពលភាព​សន្លឹកឆ្នោត​មិន​បាន​ការ​ក្នុង​ការិយាល័យ​បោះ​ឆ្នោត​ចំនួន​២០០​នៅ​ក្នុង​ខេត្ត​សៀមរាប សុំ​ឲ្យ​ផ្ទៀងផ្ទាត់​សន្លឹក​ឆ្នោត​ក្នុង​ការិយាល័យ​បោះឆ្នោត​ចំនួន​៧៥ ​និង​សុំ​ឲ្យ​បោះឆ្នោត​ឡើង​វិញ​ក្នុង​ការិយល័យ​បោះឆ្នោតចំនួន​១៦។​

ប៉ុន្តែ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្ទៀង​ផ្ទាត់​លទ្ធផល​បោះឆ្នោត​ត្រឹមតែ​១២​ការិយាល័យ​តែ​ប៉ុណ្ណោះ។​

នៅ​ថ្ងៃ​នេះ​ដែរ​ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​សម្រេច​ឲ្យ​មាន​ការ​បើក​កញ្ចប់​សុវត្ថិភាព​«ក»​នៅ​ខេត្ត​កណ្តាលចំនួន​ប្រាំបី​ការិយាល័យ​បន្ត​ទៀត​សម្រាប់​ថ្ងៃទី​១​ខែ​កញ្ញា។​

ដោយ​ឡែក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​សម រង្ស៊ី​ បាន​បោះ​មួយ​ជំហាន​ទៀត​នៅ​ថ្ងៃ​នេះ​ ដោយ​បាន​សរសេរ​លិខិត​ទៅ​កាន់​លោក​ជា ស៊ីម​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ស្នើឲ្យ​មាន​ការ​ចរចា​កម្រិត​មេ​ដឹកនាំ​កំពូល​នៃ​គណបក្ស​ឈ្នះ​ឆ្នោត​ទាំងពីរ​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ។​

ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ទទួល​បាន​ចម្លើយ​ពី​គណបក្ស​ប្រជាជន​កម្ពុជានៅ​ឡើយ​ទេ៕​