ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​ធ្វើ​មហា​បាតុកម្ម​អហិង្សា​មិន​មាន​គម្រោង​​រំលំ​រដ្ឋាភិបាល​ទេ


លោក សម រង្ស៊ី (កណ្តាល)​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្លែង​​​ក្នុង​សន្និសីទ​​កាសែត​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី២៩ ខែសីហានេះ ​ក្នុង​ទី​ក្រុងភ្នំពេញ។​ភ្នំពេញ។
លោក សម រង្ស៊ី (កណ្តាល)​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្លែង​​​ក្នុង​សន្និសីទ​​កាសែត​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី២៩ ខែសីហានេះ ​ក្នុង​ទី​ក្រុងភ្នំពេញ។​ភ្នំពេញ។
ភ្នំពេញ៖ គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ការ​ធ្វើ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី​៧​ខែ​កញ្ញា​ខាង​មុខ​នេះមិន​មែន​ដើម្បី​ផ្តួល​រំលំ​រដ្ឋា​ភិបាល​នោះ​ទេ ​ប៉ុន្តែ​គឺ​ជា​គោលដៅ​បង្ហាញ​កម្លាំង​គាំទ្រ​នយោបាយ​តែ​ប៉ុណ្ណោះ។

សេចក្តី​ថ្លែងការណ៍​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ក្រសួង​មហាផ្ទៃ​បាន​បញ្ជូន​ឯកសារ​ទៅ​កាន់​ស្ថានទូត​នានា ទៅ​កាន់​អង្គការ​សង្គម​ស៊ីវិល​ និង​គណបក្ស​នយោបាយ​មួយ​ចំនួន ដោយ​ស្រង់សម្តីមេដឹក​នាំ​គណបក្ស​ជំទាស់​ថា​ ការ​ធ្វើ​មហា​បាតុកម្ម​គឺ​ដើម្បី​ផ្តួល​រំលំ​រដ្ឋា​ភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន។​

លោក​សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រកាស​ក្នុង​សន្និសីទកាសែត​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ថា​ ការ​ធ្វើ​មហា​បាតុកម្ម​គឺ​ដើម្បី​បង្ហាញ​កម្លាំង​គាំ​ទ្រ​របស់​ប្រជា​ពលរដ្ឋ​ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះ​ស្រាយ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត​តែ​ប៉ុណ្ណោះ។​

លោក​និយាយថា៖​ «បំណង​របស់​យើង​ចង់​ឲ្យ​មតិ​ជាតិ​ និង​អន្តរ​ជាតិ​ឃើញ​ថា អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ឃើញ​ច្រើន ​គឺ​ចប់។ ​ដូច្នេះ​អ្វីៗ​ដែល​យើង​និយាយ​និង​ទាមទារ​មាន​តម្លៃ។ ​ដូច​ខ្ញុំ​បញ្ជាក់​អញ្ចឹង​ នៅ​ប្រទេស​បារាំង ​គ្មាន​អ្នក​ណា​ចង់​រំលំ​រដ្ឋាភិបាល​អី​ទេ។​ គេ​ចង់​បាន​ដំណោះ​ស្រាយ​ត្រឹម​ត្រូវ​លើ​បញ្ហា​អី​មួយ។​ គឺ​យើង​ចង់​ឃើញ​កា​រគាំ​ទ្រ​ច្រើន​ ចប់»។​

លោក​សម ​រង្ស៊ី​បាន​លើក​ឧទាហរណ៍​ការ​ធ្វើ​បាតុកម្ម​នៅ​ប្រទេស​បារាំង​ដែល​មាន​កម្លាំង​មហាជន​អាច​កើន​រហូត​ដល់​៥០​ម៉ឺន​នាក់​ ឬ​កន្លះ​លាន​នាក់​ដែល​នឹង​បង្ហាញ​ថា​ ចលនា​ប្រជាជន​មាន​កម្លាំង​ខ្លាំង​ក្នុងការ​ទាមទារ​អ្វី​មួយ​ដែល​ពួក​គេ​ចង់​បាន។ ​ដោយ​ឡែក​សម្រាប់​ប្រទេស​កម្ពុជា​ មេ​ដឹក​នាំ​គណបក្ស​ជំទាស់​គិត​ថា​បាតុករ​ចំនួន​ដប់​ម៉ឺន​នាក់​អាច​ជា​កម្លាំង​តំណាង​ឲ្យ​មតិ​ភាគ​ច្រើន​សម្រាប់​ប្រជាពល​រដ្ឋ​១៤​លាន​នាក់​ក្នុង​ប្រទេស។​

លោក​សម ​រង្ស៊ី​ថ្លែង​ធានា​ថា​ នឹង​មិន​មាន​ការ​បង្ក​ហិង្សា​ក្នុង​បាតុកម្ម​នេះ​ទេ​ ដោយ​លោក​ទាត់​ចោល​ការ​ចូល​រួម​ណាមួយ​ពី​លោក​សួន​ សេរី​រដ្ឋា ​មេ​ដឹកនាំ​ចលនា​អំណាច​ប្រជាពលរដ្ឋ ដែលមាន​មូលដ្ឋាន​នៅសហ​រដ្ឋ​អាមេរិក​នោះ។​

លោក​និយាយថា៖​ «អត់​មាន​ទៅ​វាយ​អ្នក​ណា​ទេ។ ​អត់​មាន​គប់​ដុំ​ថ្ម ​អត់​ដុត​ឡាន ​គឺ​អត់​សោះ។ ​យើង​នឹង​មាន​កម្លាំង​សន្តិ​សុខ​របស់​យើង​ត្រួត​ពិនិត្យ​យ៉ាង​ម៉ឺង​ម៉ាត់​ហើយ​យើង​ក៏​សុំ​សហការ​ជាមួយ​រដ្ឋ​អំណាច​ដែរ»។​

យ៉ាងណាក៏ដោយ​ គម្រោង​ធ្វើ​បាតុកម្មទំនង​ជា​គ្រាន់​តែ​ស្ថិត​ក្នុង​លក្ខខណ្ឌ​សម្រាប់​ត​ថ្លៃ​ឲ្យ​មាន​ការ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោតនិង​ការ​បង្កើត​គណៈ​កម្មការ​ពិសេស​សម្រាប់​ដោះស្រាយ​បញ្ហា​នេះ​តែ​ប៉ុណ្ណោះ។ ​លោក​សម រង្ស៊ី​គូស​បញ្ជាក់​ក្នុង​សន្និសីទកាសែត​ថា​ ប្រសិន​បើ​ការ​ទាមទារ​នេះ​ត្រូវ​បាន​ឆ្លើយ​តប ​នោះ​គម្រោង​ធ្វើ​មហា​បាតុកម្ម​នឹងត្រូវ​លុបចោល។

គម្រោង​បាតុកម្ម​របស់​គណបក្ស​ជំទាស់​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​មុន​នឹង​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវការ​ដោយ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​(គ.ជ.ប.) ​ដែល​គ្រោង​នឹង​ប្រកាស​លទ្ធ​ផល​បោះឆ្នោត​នេះ​នៅ​ថ្ងៃ​ទី​២៨​ខែ​កញ្ញា។ ​ប៉ុន្តែ​លោក​សម រង្ស៊ី​ប្រកាស​ទុក​ជាមុន​ថា នឹង​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​នោះ​ទេ​ ប្រសិន​បើ​ភាព​មិន​ប្រក្រតី​មិន​ត្រូវ​បាន​ដោះស្រាយ​ និង​គណៈ​កម្មការ​ពិសេស​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​មិន​ត្រូវ​បាន​បង្កើត​ទេ​នោះ។ ​ហើយ​លោក​បាន​ទទូច​លើ​ការទាមទារ​របស់​គណ​បក្ស​ជំទាស់។ លោក​និយាយថា៖​

«ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​ទៅ។​ បើ​គណបក្ស​ប្រជាជន​ឈ្នះ​មែន​ គឺ​ឈ្នះ​ដោយ​កិត្តិយស។ ​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ចាញ់​គឺ​ចាញ់​ដោយ​អស់​ចិត្ត។ ​នោះ​ទើប​បញ្ចប់​រឿង។ ​តែ​ដើម្បី​ឲ្យ​គណបក្ស​ណាមួយ​ឈ្នះ​ដោយ​កិត្តិយស​ឬ​ចាញ់​ដោយ​អស់​ចិត្ត ​ត្រូវ​រាប់​(សន្លឹកឆ្នោត)​ឡើង​វិញ ​ឬផ្ទៀងផ្ទាត់​ឡើង​វិញ។​ ដំណោះ​ស្រាយ​ប្រកប​ដោយ​តម្លាភាព​ ឲ្យ​គេ​មើល​ឃើញ​ខុស​ត្រូវ​ទាំង​អស់​សមធម៌ ​យុត្តិធម៌​ នោះ​ទើប​សមហេតុ​សម​ផល»។​

គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ដណ្តើម​ឈ្នះ​រៀង​ខ្លួន​ពី​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣​នេះ​ បាន​ជួប​ប្រជុំ​ទ្វេភាគី​ចំនួន​ពីរ​លើក​កន្លង​មក​ហើយ ប៉ុន្តែ​មិន​បាន​ឈាន​ដល់​ចំណុច​ព្រមព្រៀង​សម្រាប់​បង្កើត​គណៈ​កម្មការ​ពិសេស​ដែល​ស្នើ​ដោយ​គណបក្ស​ជំទាស់​នោះ​ទេ។​

កាល​ពី​ថ្ងៃ​ពុធ ​លោក​សម​ រង្ស៊ី​បាន​ស្នើ​ឲ្យ​លោក​ជា ​ស៊ីម ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ការចរចា​រវាងគណបក្ស​ទាំង​ពីរ​ឡើង​វិញ។​

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក​ជា ​ស៊ីម​បាន​ឆ្លើយ​តប​មកវិ​ញ ​ដោយ​រៀបរាប់​ថា​គ.ជ.ប. ​និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កំពុង​ដំណើរការ​ដោះស្រាយ​បណ្តឹង​នានា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ពេល​នេះ។​

ប៉ុន្តែ​លោក​ជា ​ស៊ីម ​អះអាង​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មាន​ជំហរ​ «បន្ត​ការ​ចរចា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែល​នៅ​សេស​សល់​ដោយ​ឈរ​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត»។​

លោក​យឹម​ សុវណ្ណ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ថា ​លិខិត​របស់​ប្រមុខ​គណ​បក្ស​ប្រជាជនកម្ពុជា​មិន​បាន​បង្ហាញ​ពី​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការដោះ​ស្រាយ​បញ្ហា​នោះ​ទេ។ ​ដូច្នេះ​គណបក្ស​ជំទាស់​នឹង​ធ្វើ​មហា​បាតុកម្ម​ជា​ជម្រើសចុង​ក្រោយ។​

ដំណាល​គ្នា​នេះ​ដែរ​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ទៀត​ដោយ​ចាត់ទុក​ថា​ ការ​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវភាព​រស់​នៅ​ និង​សន្តិ​សុខ​របស់​ប្រជាពល​រដ្ឋ​ និង​គឺ​ជា​ការ​ប្រឆាំង​នឹង​ឆន្ទៈ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ រួម​ទាំង​ជា​ចេតនា​បំផ្លាញ​ការ​បោះឆ្នោត​ផង​ដែរ។

គណបក្ស​ប្រជាជន​កម្ពុជា​ថែម​ទាំង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​អត់ធ្មត់​និង​រក្សាភាព​ស្ងប់ស្ងាត់​ដើម្បី​រួម​ចំណែក​ថែរក្សា​សន្តិភាព​និង​ស្ថិរភាព​សង្គម។​

ទោះជា​បែប​នេះ​ក្តី​ មន្ត្រី​គណបក្ស​ជំទាស់​ឲ្យ​ដឹង​ថា​ គណបក្ស​នេះ​មិន​ទាន់​បាន​ជូន​ដំណឹង​ដល់​សាលា​រាជធានី​ភ្នំពេញ​អំពី​ការ​ធ្វើ​មហា​បាតុ​កម្ម​របស់​ខ្លួន​នៅ​ឡើយ​ទេ។​

វីអូអេ​បាន​ព្យាយាម​ទាក់ទង​សុំការ​បំភ្លឺពី​អ្នកនាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ​ គឺ​លោក ​ឡុង​ ឌីម៉ង់ ​និង​លោក​ឧត្តម​សេនីយ៍​ឯក​ខៀវ ​សុភ័គ​ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ តែ​មិន​អាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ៕
XS
SM
MD
LG