ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប.​បើក​កញ្ចប់​សុវត្ថិភាព​ពី​ខេត្ត​បាត់ដំបង​ តែ​មិនមាន​ភាព​មិន​ប្រក្រតី​ច្រើន​ទេ


មជ្ឈមណ្ឌល​​កុំព្យូទ័រ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នៅ​រាជធានី​ភ្នំពេញ។
មជ្ឈមណ្ឌល​​កុំព្យូទ័រ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នៅ​រាជធានី​ភ្នំពេញ។
ភ្នំពេញ៖ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​បើក​កញ្ចប់​សុវត្ថិភាព​ «ក»​ ចំនួន៨​ការិយាល័យ​បោះ​ឆ្នោត​នៅ​ខេត្ត​បាត់​ដំបង​នៅ​ថ្ងៃ​ពុធ​នេះ។

ការ​បើក​កញ្ចប់​«ក»​នេះ​បង្ហាញ​ថា​ មាន​ភាព​មិន​ប្រក្រតី​តិច​ជាង​ករណី​នៅ​ខេត្ត​ក្រចេះ។ ​ទោះ​បី​ជា​យ៉ាង​ណា ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​ចាត់​ទុក​ថា​លទ្ធផល​នេះខ្វះ​មូលដ្ឋាន​គ្រប់គ្រាន់​ដើម្បី​អាច​ទទួល​យក​បាន​តាម​ផ្លូវ​ច្បាប់​ និង​ទទូច​ឱ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​អនុញ្ញាត​ឱ្យបើក​កញ្ចប់​សុវត្ថិភាព​ពី​ការិយាល័យបោះឆ្នោត​ជា​ច្រើន​ផ្សេង​ទៀត​ដែល​ខ្លួន​សង្ស័យ​ថា​ មាន​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ។​

ភាព​មិនប្រក្រតី​នៅតែ​ត្រូវ​បាន​រកឃើញ​ ក៏​ប៉ុន្តែ​ស្ថិត​ក្នុង​កម្រិត​តិច​ជាង​មុន​ ​ នេះ​បើយោង​តាម​លទ្ធផល​ពីការ​ពិនិត្យ​ផ្ទៀងផ្ទាត់​កញ្ចប់​សុវត្ថិភាព​«ក»​ ក្នុង​ការិយាល័យ​បោះឆ្នោត​ទាំង​៨នៅ​ក្រុង​បាត់​ដំបង ​ខេត្ត​បាត់​ដំបង ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។​

ការ​ផ្ទៀងផ្ទាត់​លើ​កញ្ចប់សុវត្ថិ​ភាព​ «ក»​ ដែល​ស្ថិត​នៅ​ក្រោម​ការឃ្លាំ​មើល​របស់​តំណាង​អង្គការ​ជាតិ​ និង​អន្តរជាតិ ​រួម​ទាំង​បណ្តាញ​ផ្សព្វ​ផ្សាយ​ផង​ដែរ​នេះ​ បង្ហាញថា ​មានភាព​ខុសគ្នា​នូវ​តួលេខ​នៃសំឡេង​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​និងគណបក្ស​សង្គ្រោះជាតិ​ចំ​នួន​មួយ​សំឡេង បើធៀប​នឹង​ឯកសារ​ដែល​មាន​ក្នុង​ដៃ​គណបក្ស​ជាប់ឆ្នោត​ទាំង​ពីរ ​និង​មាន​ការ​ចុះ​ហត្ថលេខា​លើ​ក្រដាស​ដែល​មិន​មាន​ទិន្នន័យ។ ប៉ុន្តែ​ក្នុង​ពេល​នោះ​ដែរ​មន្ត្រី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.)​មិន​បាន​បង្ហាញ​ចំនួន​តួលេខ​នៃ​សន្លឹង​ឆ្នោត​បាន​ការ ​និង​សន្លឹង​ឆ្នោត​មិន​បាន​ការ​ទេ​បើ​ទោះជា​មាន​ការ​ស្នើ​សុំ​ពី​តំណាង​គណបក្ស​ជំទាស់​ក៏​ដោយ ​ដោយ​មន្ត្រី​ទាំង​នោះ​អះអាង​ថា ​ការ​បង្ហាញ​នេះ​នឹង​នាំ​ឲ្យ​ខាត​ពេលវេលា។​

លោក​គួយ​ ប៊ុនរឿន​ ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​បោះឆ្នោត ​បាន​កត់​សម្គាល់ឃើញ​ថា​ ទោះ​បី​ជា​ភាព​មិន​ប្រក្រតី​មាន​កម្រិត​ទាប​ជាង​មុន ​ប៉ុន្តែ​លទ្ធផល​នេះ​នៅ​តែ​ខ្វះ​ភាព​អាច​ទទួល​យក​បាន​តាម​ផ្លូវ​ច្បាប់។​

«បញ្ហា​គឺ​ថា ​វាខុស​ពី​និតិ​វិធី​ដែល​ច្បាប់​បាន​កំណត់​អំពី​កំណត់​ហេតុ​នៃ​លទ្ធផល​បោះឆ្នោត​នេះ​ណាស់។​ យើង​ដឹង​ហើយ​ថា​ ទោះ​បី​ជា​លំអៀង​នៅ​តាម​ការិយាល័យ​តិចតួច​មែន​ពិត​ ប៉ុន្តែ​តាម​គោល​ការណ៍​ច្បាប់ ​ការ​មិន​បាន​បំពេញ​ត្រឹមត្រូវ​ ខុស​ទម្រង់​បែប​នេះ​ គេ​មិន​អនុញ្ញាត​ឱ្យទទួល​យក​បាន​ទេ»។​

លោក​គួយ ប៊ុនរឿន​បន្ថែម​ថា ​ក្នុង​ចំណោមការិយាល័យ​ចំនួន​២៣៣នៅ​ខេត្ត​បាត់​ដំបង ​ដែល​ខ្លួន​បាន​ស្នើ​ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​សម្រេច​ឱ្យ​ពិនិត្យ​ផ្ទៀងផ្ទាត់​តែ​៨​ការិយាល័យ​ប៉ុណ្ណោះ។ ​ដូច្នេះគណបក្ស​របស់លោក​មិន​អាច​សន្និដ្ឋាន​បានថា​ ​ការ​បោះឆ្នោត​នៅ​ខេត្ត​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ និង​យុត្តិធម៌​បាន​ទេ។

ដោយ​ឡែក​ ​លោក​ហ៊ឺ រុង ​ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិ​ការ​នៃ​គ.ជ.ប. ​ថ្លែងថា ​បញ្ហា​ខាង​លើ​នេះ​បណ្តាល​មកពី​បញ្ហា​បច្ចេកទេស ​ហើយវា​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​មិន​ប្រក្រតី​ទេ។​

«ទម្រង់​១១០២​ចំនួន​ពីរ​ការិយាល័យ​ដែល​ពុំ​មាន​ទិន្នន័យ ​ប៉ុន្តែ​មាន​ហត្ថលេខា​របស់​តំណាង​គណបក្ស​នយោបាយ​ដែល​បាន​ចូលរួម។ ​យើង​ឃើញ​ថា​ ប្រហែល​មាន​ការ​ធ្វេស​ប្រហែស​ទាំង​អស់​គ្នា។ ​ប៉ុន្តែ​ទម្រង់​១១០២​នេះ​គឺ​យើង​សរសេរ​រហូត​ដល់​៤​ច្បាប់ ​ដូច្នេះ​ប្រសិន​បើ​១​ច្បាប់​ក្នុង​កញ្ចប់​សុវត្ថិភាព​នេះ​អត់​មាន ​វា​អាច​មាន​នៅ​ពេល​យើង​បិទ​ផ្សាយ​ ហើយ​ផ្ញើរ​មក​គណៈ​កម្មការ​ឃុំ​ សង្កាត់​រៀបចំ​ការ​បោះឆ្នោត។ ​អញ្ចឹង​ដូច​ជា​ពុំ​មាន​ភាព​មិន​ប្រក្រតី​ណា​គួរ​ឱ្យ​កត់​សម្គាល់​ទេ»។​

ការ​បើក​កញ្ចប់​សុវត្ថិភាព​«ក»​នេះ​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​គ.ជ.ប.​តាម​ការ​បង្គាប់​បញ្ជារបស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។​

កញ្ចប់​សុវត្ថិភាព​«ក»​គឺ​ជា​កញ្ចប់​ផ្ទុក​ដោយ​ឯកសារ​ និង​ព័ត៌មាន​ពី​ការ​បោះ​ឆ្នោត​នៅ​តាម​ការិយាល័យ​បោះឆ្នោត​នីមួយៗ​ដែល​ត្រូវ​ចុះ​ហត្ថលេខា​ដឹង​ឮ​ដោយ​ភ្នាក់ងារ​គណបក្ស​នយោបាយ​ដែល​ចូល​រួម​ប្រកួត​ប្រជែង។

គួរ​រំឭកថា ​នេះ​ជា​ការ​បើក​កញ្ចប់​សុវត្ថិភាព​«ក»លើក​ទី​ពីរ​ហើយ បន្ទាប់​ពី​ការ​បើក​កញ្ចប់​សុវត្ថិភាព​«ក»​នៅ​១៣​ការិយាល័យ​ក្នុង​ស្រុក​មួយ​នៅ​ខេត្ត​ក្រចេះ​ដែល​ក្រោយ​មក​ត្រូវ​បានរក​ឃើញ​ភាព​មិន​ប្រក្រតី​ជា​ច្រើន។​

លោក​អ៊ុត ឈន ​តំណាង​មក​ពី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ថ្លែង​ថា​ ស្ថាប័ន​កំពូល​មួយ​នេះ​កំពុងពិនិត្យផ្ទៀង​ផ្ទាត់លើ​សំណុំឯកសារ​ទាំង​នេះ ​មុន​នឹង​ប្រកាស​សាលក្រម​លើ​បណ្តឹង​បោះឆ្នោត​នេះ។​

«ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​យក​កិច្ចការ​នេះ​ទៅ​ជម្រះ​តាម​ផ្លូវ​ច្បាប់។ ​គេ​កំពុង​តែ​វិភាគ​ និង​ដាក់​កម្មវិធី។​ យ៉ាង​ណា​ក៏​ដោយ​មិន​ឱ្យ​លើស​ពី​ច្បាប់​បាន​កំណត់​ទេ។​ ខ្ញុំ​គិត​ថា ​យើងអាច​ធ្វើ​បញ្ចប់​នៅ​មុន​ថ្ងៃ​ដែល​គេ​កំណត់ ​ព្រោះ​ថា យើង​បាន​ប្រឹង​ប្រែង​ខ្លាំង​ណាស់»។

តាម​ច្បាប់ ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មាន​រយៈ​ពេល​២០​ថ្ងៃ​ដើម្បី​ដោះស្រាយ​បណ្តឹង​ពី​គណបក្ស​នយោបាយ​ ពោល​គឺ​ឱ្យ​បាន​មុន​ការ​ប្រកាស​លទ្ធផល​ផ្លូវ​ការ​របស់​គ.ជ.ប.​នៅ​ថ្ងៃ​ទី​៨ ​ខែ​កញ្ញា​ខាង​មុខ​នេះ។​

បន្ទាប់​ពី​ការ​បើក​កញ្ចប់​សុវត្ថិភាព​«ក»​នៅ​ខេត្ត​បាត់​ដំបង​បាន​បញ្ចប់​ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​បង្គាប់​ឱ្យ​បើក​កញ្ចប់​សុវត្ថិភាព​«ក»ចំនួន​១២​ការិយាល័យ​ទៀត​នៅ​ក្រុង​សៀមរាប​ ខេត្ត​សៀមរាប។​

ការ​បើក​កញ្ចប់​«ក»​នេះ​នឹង​ត្រូវធ្វើ​ឡើង​នៅ​ទី​ថ្ងៃ​សុក្រ ​ទី​៣០​ខែ​សីហា វេលា​ម៉ោង​៨​ព្រឹក៕​
XS
SM
MD
LG