អាកាសធាតុ​អាក្រក់​ធ្វើ​ឲ្យ​មាន​ភាព​ស្មុគស្មាញ​ក្នុង​ការ​រុករក​ជន​រងគ្រោះ​និង​កម្ទេច​​យន្តហោះ

អាជ្ញាធរ​ឥណ្ឌូនេស៊ី​ជឿជាក់​ថា​ពួកគេ​បាន​រក​ឃើញ​តួ​យន្តហោះ​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍ AirAsia ​ដែល​បាន​ធ្លាក់​នៅ​ក្នុង​សមុទ្រ​ជ្វា​នៅពេល​ដែល​ការ​រុករក​ជន​រងគ្រោះ​បានត្រូវ​រំខាន​ដោយ​អាកាស​ធាតុ​អាក្រក់។

​ក្រុម​មន្រ្តី​នៃ​ទីភ្នាក់​ងារ​រុករក​និង​ជួយ​សង្គ្រោះ​និយាយ​នៅថ្ងៃ​ពុធ​នេះ​ថា​រលក​សមុទ្រ​ដែល​មាន​កំពស់​រហូត​ដល់​៣ម៉ែត្រ ​ខ្យល់និង​ភ្លៀង​ខ្លាំង​កំពុងរារាំង​កិច្ច​ខំ​ប្រឹងប្រែង​រុករក​តាម​អាកាសពេញ​ទំហឹង​នៅ​កន្លែង​ធ្លាក់​យន្តហោះនៅ​ជិត​កោះ Borneo។

​ក្រុម​មន្រ្តី​អាចស្រង់​សាកសព​មនុស្ស​៤នាក់​ចេញ​ពី​ទឹក​រាក់ៗ​នៅ​ថ្ងៃ​ពុធ​នេះ​ដោយ​ធ្វើ​ឲ្យ​ចំនួន​សាកសព​ទាំងអស់​ដែល​ស្រង់​ចេញ​ពី​ទឹក​ឡើង​ដល់​៧​នាក់។​ សាកសព​ខ្លះនៅ​មាន​សម្លៀកបំពាក់​ពេញ ​ហើយ​សាក​សព​ខ្លះ​ទៀត​ស្ទើរ​តែ​អាក្រាធ។ លោក Bambang Hermanu ជាមន្រ្តី​ប៉ូលីស​និយាយ​ថា សាកសព​ក្មេង​ជំទង់​ប្រុស​ម្នាក់​និងស្រ្តី​ម្នាក់​បាន​ត្រូវ​ផ្ទេរ​ទៅ​កាន់​ទីក្រុង Surabaya នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ជាទី​កន្លែង​ដែល​យន្តហោះ​បាន​ចាក​ចេញ។

លោក​និយាយ​ថា ​«ខ្ញុំ​ចង់​ប្រាប់​អស់​លោកអ្នក​ថា​សាកសព​មនុស្ស​២​នាក់​បាន​មក​ដល់​ទីក្រុង Pengkalan Bun ហើយ។​ សាកសព​ទី​មួយ​គឺ​ក្មេង​ស្រី​ជំទង់​ដែល​មាន​កម្ពស់​១៦០​សង់​ទី​ម៉ែត្រ​ពាក់ខោខូវប៊យ​និង​អាវ។ សាកសព​មួយ​ទៀត​ជា​ក្មេង​ជំទង់​ប្រុស​កំពស់​១៤០​សង់​ទីម៉ែត្រ​ពាក់​អាវ​ពណ៌​ខៀវ​និង​ខោ​ពណ៌ត្នោត»។

គ្មានមនុស្ស​ណាម្នាក់​នៃ​អ្នក​ដំណើរ​និង​អ្នក​បើក​បរ​ទាំង​១៦២​នាក់​នៅលើ​យន្តហោះ​បាន​ត្រូវ​គេ​រកឃើញ​នៅ​មាន​ជីវិត​ទេ។

ដាន​លើក​ដំបូង​របស់​យន្តហោះ​បាន​ត្រូវ​រក​ឃើញ​កាល​ពី​ថ្ងៃ​អង្គារ​ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ទី​កន្លែង​ដែល​យន្តហោះ​ Airbus A320 ​បាន​បាត់​ក្នុង​អំឡុងពេល​មាន​ព្យុះនៅពេល​ដែល​ហោះ​ពី​ទីក្រុង Surabaya ទៅ​កាន់​ប្រទេស​សិង្ហបូរី។

រូបភាព​តាម​ប្រព័ន្ធ​សូណា​ប្រាប់​ឲ្យ​ដឹង​ថា​តួ​សំខាន់​របស់​យន្តហោះ​បាន​ក្រឡាប់​នៅ​ក្រោម​បាត​សមុទ្រ​នៅ​ក្នុង​តំបន់​មួយ​ដែល​ក្រុម​មន្រ្តី​និយាយ​ថា​ មាន​ជម្រៅពី​៣០​ម៉ែត្រ​ទៅ​៥០​ម៉ែត្រ​តែ​ប៉ុណ្ណោះ។

​ក្រុម​អ្នក​ស៊ើប​អង្កេត​សង្ឃឹម​ថា​នឹង​កំណត់​ពី​មូលហេតុ​នៃ​ការ​ធ្លាក់​នោះ​នៅពេល​ណា​ក្រុម​អ្នក​មុជ​ទឹក​រក​ឃើញ​ប្រដាប់​ថត​សំឡេង​និង​ទិន្នន័យ​ជើងហោះ​ហើរក្នុង​បន្ទប់​របស់​យន្តហោះ​នោះ។

​នាវា​ពិឃាត​ឈ្មោះ USS Sampson ​របស់​សហរដ្ឋ​អាមេរិកបាន​ស្ថិត​នៅ​កន្លែង​កើត​ហេតុ​នោះ​ដើម្បី​ជួយ​រុករក។​ នាវា​ទី​២​មួយ​គ្រឿង​ទៀត​ដែល​មាន​ឈ្មោះ​ថា USS Forth Worth ​កំពុង​ស្ថិត​នៅ​ប្រទេស​សិង្ហបូរី​ហើយ​និង​ធ្វើ​ដំណើរ​មក​កាន់​ទីកន្លែង​ធ្លាក់​យន្តហោះ​នោះ​ប្រសិនបើ​គេ​ត្រូវការ។

លោក Tony Fernandes ​ប្រធាន​ក្រុមហ៊ុន AirAsia ​បាន​សុំ​អភ័យ​ទោស​ដល់​ក្រុម​គ្រួសារ​របស់​ជន​រងគ្រោះ​ដោយ​និយាយ​ថា ​ក្នុង​ឋានៈ​ជា​ប្រធាន​ក្រុមហ៊ុន​អាកាស​ចរណ៍ ​លោក​នឹង​មិន​គេច​ចេញ​ពី​ការ​ទទួល​ខុសត្រូវទេ។ ​លោក ​និយាយ​ទៀត​ថា ​ក្រុម​ហ៊ុន​នឹង​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ជាបន្ទាន់​ដល់​ក្រុម​គ្រួសារ។

ជើង​យន្តហោះ​លេខ៨៥០១​របស់​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia បាន​ចេញ​ដំណើរ​ប្រហែល​កន្លះ​ម៉ោង​នៅ​ក្នុង​ការ​ធ្វើដំណើរ​ដែល​គេរំពឹង​ថា​នឹងហោះហើរ​២ម៉ោង​នៅ​ពេល​ដែល​យន្តហោះ​បាន​បាត់​ពី​ប្រព័ន្ធ​រ៉ាដា៕