សហរដ្ឋ​អាមេរិក​វាយ​បក​ប្រឆាំង​ ​រុស្ស៊ី ចិន ​​អ៊ីរ៉ង់​ ចំពោះ​ប្រតិបត្តិការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​មេរោគ​កូរ៉ូណា

អ្នក​បច្ចេកទេស​ប្រមូល​ឧបករណ៍​តេស្ត​មេរោគ​កូរ៉ូណា នៅ​ឯ​ទីតាំង​ផលិត​​​ឈ្មោះ Evolve ដែល​ទី​នេះ​គឹ​នឹង​ផលិត​ម៉ាស៊ីន​ខ្យល់ នៅ​ទីក្រុង Fremont រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៦ មីនា ២០២០។

គូស​ត្រូវ​សំខាន់ៗ​របស់​សហរដ្ឋអាមេរិក​ បង្ហាញ​នូវ​ការ​រួប​រួម​គ្នា ​ដោយ​ប្រើ​មធ្យោបាយ​​បណ្តាញ​ព័ត៌មាន​សង្គម​និង​ការ​លួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ដើម្បី​បំផ្លើស​ព័ត៌មាន​ មិន​ពិត​អំពី​​មេរោគ​កូរ៉ូណា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្រ្តី​រដ្ឋបាល​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ។

គូ​សត្រូវ​ខ្លាំងៗ​របស់​សហរដ្ឋអាមេរិក ទំនង​រួប​រួម​គ្នា ដោយ​ប្រើ​បណ្តាញ​ព័ត៌មាន​សង្គម​និង​ការ​លួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ដើម្បី​បង្កើត​ព័ត៌មាន​ក្លែង​ក្លាយ​អំពី​មេរោគ​កូរ៉ូណា ដោយ​មាន​គោល​បំណង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​កេរ្តិ៍​ឈ្មោះ​សហរដ្ឋ​អាមេរិក និង​ការ​ខំ​ប្រឹង​ប្រែង​ដើម្បី​ទប់​ស្កាត់​ការ​រាល​ដាល​ជា​សាកល​នូវ​មេរោគ​កូរ៉ូណា។

ការ​ចោទ​ប្រកាន់​នេះ​ចេញ​មក​ពី​ពួក​មន្រ្តី​ជាន់​ខ្ពស់​សហ​រដ្ឋអាមេរិក ផ្តោត​លើ​ការ​ខំប្រឹង​ប្រែង​ដោយ​ប្រទេស​រុស្ស៊ី ​ចិន​និង ​អ៊ីរ៉ង់។ ពួកម​ន្រ្តី និយាយ​ថា ប្រទេស​ទាំង​បី ​ឥឡូវ​នេះ បាន​បង្កើត​ការ​ចង​មេត្រីភាព​នៃ​ព័ត៌មាន​ក្លែងក្លាយ​ដោយ​ការ​បន្ទោ​តាម​គ្នា​និង​បំភ្លើស​កិច្ច​ប្រតិបត្តិការ​ព័ត៌មាន។

លោក​ស្រី ​Lea Gabrielle ​នាយក​មជ្ឈមណ្ឌល​ការ​ទាក់​ទង​សាកល​លោកឬ GEC នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​នៅ​ក្នុង​សន្និសីទ​កាសែត​តាម​ទូរស័ព្ទ​ថា៖ «យើង កំពុង​ឃើញ​កិច្ច​ប្រតិ​បត្តិការ​ព័ត៌មាន​រដ្ឋ​រុស្ស៊ី ​ចិន​និង​អ៊ីរ៉ង់​ដោយចាប់​ផ្តើម​ការ​ប្រឌិត​ព័ត៌មាន​ក្លែង​ក្លាយ​ដូច​គ្នា​អំពី​ជំងឺ​កូវីដ១៩»។

លោក​ស្រី​មាន​ប្រសាសន៍​ទៀត​ថា៖ «យើង​ក៏​កំពុង​ឃើញ​ព័ត៌មាន​ក្លែង​ក្លាយ​របស់​រុស្ស៊ី​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​រហ័ស​ព័ត៌មាន​ដែល​ប្រឌិត​ដោយ​ចិន​និង​អ៊ីរ៉ង់​ដែរ»។

ពួក​មន្រ្តី​សហរដ្ឋ​អាមេរិក​ បាន​បដិសេធ​ពុំ​និយាយ​ថា​តើ​កិច្ចសហការណ៍​ជាក់​ស្តែង​នោះ ជា​ចេតនា​ឬ​គ្រាន់​តែ​ជា​ការឆ្លៀត​ឱកាស។ ក៏ប៉ុន្តែ ​ពួក​មន្រ្តី​ រួម​ទាំង​ពួកមន្រ្តី​ដែល​ធ្វើ​ការ​នៅ​ក្រសួង​ការពារ​ប្រទេស​និង​នៅ​សហគមន៍​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក​ កាល​ពី​ពេល​មុន​បាន​ចោទ​ប្រកាន់​ប្រទេស​ទាំង​នោះ​ថា បាន​បង្កើន​កិច្ច​ប្រតិ​បត្តិការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​របស់​ពួក​គេ។

លោកស្រី​ Gabrielle​ បាន​និយាយ​ទៀត​ថា៖ «វិបត្តិ​ជំងឺកូវីដ១៩ ប្រាកដជា​បាន​ផ្តល់​ឱកាស​ដល់​ប្រទេស​ទុច្ចរិត​ទាំង​នោះ​ឆ្លៀត​ឱកាស​ប្រើ​ព័ត៌មាន​ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​ប៉ះពាល់​និង​ធ្វើ​ឲ្យ​រំខាន​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​របស់​សហគមន៍​សាកល​លោក​ដល់​វិបត្តិជំងឺ​នេះ»។

តាម​ពួក​មន្រ្តី​សហរដ្ឋ​អាមេរិក​ និង​អឺរ៉ុប ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ព័ត៌មាន​ក្លែង​ក្លាយ​ភាគ​ច្រើន​ បាន​ផ្តោត​លើ​ការ​ស្តី​បន្ទោស​សហរដ្ឋ​អាមេរិក​ឬ​ប្រទេស​លោក​ខាង​លិច​ចំពោះ​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​កូរ៉ូណា​ឬ​ចោទ​ប្រកាន់​ពី​អសមត្ថភាព​របស់​ប្រទេស​លោក​ខាង​លិច​ដើម្បីដោះស្រាយ​វិបត្តិ​នេះ។​

ក្មេង​ស្រី​ម្នាក់​ពាក់ម៉ាស​ការ​ពារ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ កំពុង​ជិះ​ប្រដាប់​សម្រាប់​ជិះ​ធ្វើ​ពី​ជ័រ នៅ​សួន​ច្បារ​មួយ​នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃ​ទី​៣ មេសា ២០២០។

មន្រ្តី​អឺរ៉ុប​និយាយ​ថា​ តួ​អង្គ​លួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​ជាប់​ទាក់​ទិន​ជាមួយ​រុស្ស៊ី​ មាន​សកម្មភាព​យ៉ាង​ខ្លាំង ព្យាយាម​ប្រើ​ល្បិច​ធ្វើ​ឲ្យ​មនុស្ស​ជឿ​ថា ការ​រាលដាល​ជា​សាកល​នូវ​មេរោគ​កូរ៉ូណា​ជា​ការ​បញ្ឆោត​ឬ​ជំរុញ​ឲ្យ​មនុស្ស​សាកល្បង​ព្យាបាល​ក្លែង​ក្លាយ។

ពួក​មន្រ្តី​សហរដ្ឋ​អាមេរិក​ ក៏​បាន​សម្តែង​នូវ​ការ​ព្រួយ​កង្វល់​ខ្លាំង​ឡើង​ថា ការ​រាលដាល ជា​សាកល​នូវ​មេរោគ​កូរ៉ូណា បាន​ធ្វើ​ឲ្យ​ចិន​ហ៊ាន​ប្រើ​បណ្តាញ​ព័ត៌មាន​សង្គម​វាយ​ប្រហារ​យ៉ាង​ខ្លាំង​លើ​ខ្ទង់​គណនី​បណ្តាញ​ព័ត៌មាន​ផ្លូវការ។

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ ពួក​មន្រ្តី​ជាន់​ខ្ពស់ ក៏​បាន​បន្ទោ​ទៅ​តាម​ការ​ចោទ​ប្រកាន់​មិន​ពិត​ថា​ សហរដ្ឋ​អាមេរិក​យក​វិបត្តិ​កូរ៉ូណា​ធ្វើ​ជា​អាវុធ។

ប្រទេស​ទាំង​៣​នោះ ​បាន​ធ្វើ​ការ​តប​ត​វិញ ដោយ​បាន​ច្រាន​ចោល​ការចោទ​ប្រកាន់​របស់​សហរដ្ឋ​អាមេរិក​និង​អឺរ៉ុប។ ជាពិសេស ​ចិន ​បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ពី​ការ​ប្រើ​ភាសា​បង្ខូច​ការខំ​ប្រឹង​ប្រែង​របស់​ចិន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​រាលដាល​ជា​សាកល​នូវ​មេរោគ​កូរ៉ូណា។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ ពួក​មន្រ្តី​សហរដ្ឋ​អាមេរិក មិន​បាន​បង្អន់​ការ​រិះ​គន់​របស់​ខ្លួន​ទេ ហើយ​និយាយ​ថា ពួក​គេ​កំពុង​ធ្វើការ​ជាមួយ​ដៃគូ​ផ្នែក​ឯកជន​ដើម្បី​ឃ្លាំមើល​និង​តាមដាន​ការ​ឃោសនា​របស់​ប្រទេស​ទាំង​៣​នោះ។

វិធានការ​ផ្សេងៗ​ទៀត​ដើម្បី​ទប់​ទល់​«ព័ត៌មាន​ក្លែង​ក្លាយ​សាកល» ​រួម​មាន​ការបញ្ជូនសារ​ជា​សាធារណៈ​នៅ​ក្នុង​ប្រទេស​និង​នៅ​បរទេស ការ​ទាក់​ទង​ខាង​ការទូត​និង​ការផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ផ្អែក​លើ​ការ​ពិត​ដល់​ពួក​អ្នក​ស្តាប់​នៅ​ក្នុង​ស្រុក​តាម​រយៈ​ស្ថានទូត​និង​ស្ថាន​កុងស៊ុល​សហរដ្ឋ​អាមេរិក។

ក្រុម​ហ៊ុន​បណ្តាញ​ព័ត៌មាន​សង្គមដូច​ជា​ Twitter ​បាន​ប្រាប់​ VOA ​ថា​ ពួក​គេ​បាន​ទទួល​ព័ត៌មាន​ស្តីពី​ការ​ព្រួយ​កង្វល់​របស់​រដ្ឋាភិបាល​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​នេះ។​

ក៏ប៉ុន្តែ ​ពួក​មន្រ្តី​និង​អ្នកវិភាគ និយាយ​ថា បញ្ហា​មាន​ហួស​ពី​កម្មវិធី​បណ្តាញ​ព័ត៌មាន​សង្គម​សំខាន់ៗ។ពួក​មន្រ្តី​ និង​អ្នក​វិភាគ​ទាំង​នោះ​និយាយ​បន្ថែម​ទៀ​តថា ព័ត៌មាន​មិន​ពិត​មិន​អាច​មើល​ឃើញ​ដោយ​ស្រួលៗ​នោះ​ទេ។

លោកស្រី ​Lindsay Gorman​ ជា​អ្នកស្រាវ​ជ្រាវ​កម្មវិធី​ Emerging Technologies ​នៅ​អង្គការ​សម្ព័ន្ធភាព​ដើម្បី​ការពារ​ប្រជាធិបតេយ្យ បាន​និយាយ​ថា៖ «មិន​មែន​ព័ត៌មាន​មិន​ពិត​ទាំង​អស់​ឆ្លង​កាត់​តាម​ Facebook ឬ Twitterនោះ​ទេ។ មាន​កម្មវិធី​ផ្សេង​ទៀត​ដែល​រួម​មាន​ការបញ្ជូនសារ​ដែល​រួម​មាន​ការ​បង្កើត​ក្រុម​តាម​ Facebook»។

លោក​ស្រី ​បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «ការ​បញ្ឈប់​វា​នៅ​ផ្នែក​ណាមួយ​ មិន​មែន​មាន​ន័យ​ថា​ លោក​ អ្នក​បង្ក្រាប​វា​នៅ​ផ្នែក​ផ្សេង​មួយ​ទៀត​ទេ»។

សមាជិក​សភាសហ​រដ្ឋ​អាមេរិក​បានដា​ក់​ការ​គាប​សង្កត់​កាន់​តែ​ច្រើន​ឡើង ​ឲ្យ​មាន​ចំណាត់ការ​កាន់​តែ​ខ្លាំង​ឡើង។

នៅ​ដើម​ខែ​នេះ សមាជិក​សភា២​រូប បាន​ជំរុញ​ឲ្យ​ប្រព័ន្ធ ​Twitter ​ដែល​ត្រូវ​គេ ​បិទ​ខ្ទប់​នៅ​ប្រទេស​ចិន​ហាម​ឃាត់​ខ្ទង់​គណនី​ទាំង​អស់​របស់​គណបក្ស​កុម្មុយនិស្ត។

កាល​ពី​ថ្ងៃ​ព្រហស្បត៍​សប្តាហ៍​មុន​ លោក ​Michael McCaul​ តំណាង​រាស្រ្ត​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​សភា​តំណាងរាស្រ្ត ​បាន​សុំ​ឲ្យ​ក្រសួង​ការបរទេស​អាមេរិក​ចាប់​ផ្តើម​ស៊ើប​អង្កេត​អំពី​ចំណាត់​ការ​វិបត្តិ​មេរោគ​កូរ៉ូណា​របស់​ចិន។

លោក ​McCaul បានស​រសេរ​ថា៖ «ដើម្បី​ទប់​យុទ្ធនាការ​ព័ត៌មាន​ក្លែង​ក្លាយ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​របស់​គណបក្ស​កុម្មុយនិស្ត​ចិន​ សហរដ្ឋ​អាមេរិក ​គួរ​តែ​ធ្វើ​ការ​ជាមួយ​ប្រទេស​មាន​លទ្ធិ​ប្រជាប្រធិបតេយ្យ​សំខាន់ៗ​ដូចជា កោះ​តៃវ៉ាន់ ផលិត​ព័ត៌មាន​ពិត​ពី​ប្រភព​របស់​វីរុស​កូរ៉ូណា ភាព​គួរ​ឲ្យ​ស្តី​បន្ទោស​គណបក្ស​កុម្មុយនិស្ត​ចិន ហើយ​និង ថា​តើ​ឥទ្ធិពល​ហួស​ហេតុ​របស់​ចិន ​ធ្វើ​ឲ្យ​អន្តរាយ​ភាព​ស្រប​ច្បាប់​របស់​អង្គការ​សុខភាព​ពិភពលោក ​(WHO) ​នៅ​ពេល​សំខាន់​នេះ​យ៉ាង​ណា»។

ការ​អំពាវនាវ​បែប​នេះ ត្រូវ​វានពួក​មន្រ្តី​យោធា​ខ្លះ​បន្ទោ​តាម។

ឧត្តមសេនីយ៍​ត្រីកង​ទ័ព​អាកាស​សហរដ្ឋ​អាមេរិក​លោក​ Robert Spalding ​បាន​ប្រាប់​សេវា​ផ្សាយ​ជា​ភាសា​ចិន​កុក​ងឺ​ថា៖ «ខ្ញុំគិត​ថា មន្រ្តី​គណបក្ស​កុម្មយនិស្ត​ចិន​ឬ​មន្រ្តី​របស់​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​បង្កើត​ខ្ទង់​គណនី។ ខ្ញុំ​គិត​ថា ប្រព័ន្ធ​គណនី​សង្គម WeChat, Alibaba, TenCent ​ត្រូវ​តែ​ហាម​ឃាត់​ទាំង​អស់»។

លោក​ឧត្តមសេនីយ៍​ បាន​មាន​ប្រសាសន៍​ទៀត​ថា​ «ជារៀង​រាល​ថ្ងៃ កង​ទ័ព​រំដោះប្​រជាជន​ចិន និង ក្រុម​ផ្សេងៗ​ទៀត​ ត្រូវ​បាន​គណបក្ស​កុម្មុយនិស្ត​ចិន​ផ្តល់​ប្រាក់​កាស​ឲ្យ​ដើម្បី​ធ្វើការ​ឃោសនា​និង​បញ្ចេញ​ឥទ្ធិពល​នៅ​ក្នុង​សម្ព័ន្ធ​មិត្ត​របស់​យើង។ ប្រសិន​បើ​ មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​មាន​ឥទ្ធិពល​នៅ​ក្នុង​ពលរដ្ឋ​របស់​យើង ​ហេតុ​អ្វី​យើង​អនុញ្ញាត​ឲ្យ​ពួក​គេ​នៅ​ក្នុង​បណ្តាញ​និង​នៅ​ក្នុង​ទិន្នន័យ​របស់​យើង»។

ទោះជា​យ៉ាង​ណា​ក៏​ដោយ ​អ្នក​ខ្លះ​ប្រាប់​ដោយ​ប្រុងប្រយ័ត្ន​ថា​ ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ធ្វើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ដ៏​ច្រើន​សំដៅ​លើ​សហរដ្ឋ​អាមេរិក មិន​ទំនង​ជា​ចុះ​ខ្សោយ​នោះ​ទេ។

លោក ​Ben Buchanan​ ជាអ្នកស្រាវ​ជ្រាវ​នៅ​ឯមជ្ឈមណ្ឌល Wilson និង​ជា​អ្នក​និពន្ធ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា​ «អ្នក​លួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​និង​រដ្ឋ» ដែល​ពិនិត្យ​មើល​តួនាទី​នៃ​កិច្ច​ប្រតិបត្តិការ​លួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ក្នុង​នយោបាយ​សាកល​លោក បាន​និយាយ​ថា ប្រទេស​រុស្ស៊ី​ ចិន​ អ៊ីរ៉ង់ និង​កូរ៉េខាង​ជើង​ កំពុង​ប្រើ​កិច្ច​ប្រតិបត្តិការ​លួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​កាន់​តែ​ប្រសើរ​ឡើង​ជាង​ពួក​គេ​បាន​ធ្វើ​កាល​ពី​អតីតកាល ហើយ​កំពុង​ប្រើ​វា​ក្នុង​របៀប​ដែល​ឆ្លៀត​យក​ប្រយោជន៍​ពី​ភាព​កំសោយ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក»។​

លោក​ Buchanan ​និយាយទៀត​ថា «អ្វី​ដែល​យើង​មើល​ឃើញ​ជា​រឿយៗ​គឺ​ ការ​ប្រកួត​ប្រជែង​ជា​រៀង​រាល់​ថ្ងៃ​និង​ការ​បន្ត​ធ្វើ​រវាង​ប្រទេស​ទំនើប​ជា​ការ​មិន​អាច​ទស្សន៍​ទាយ​បាន»៕

ប្រែសម្រួលដោយ ជឹង ប៉ូជីន