កំណើនយ៉ាងគំហុកនៃបរិមាណសំរាមក្នុងរាជធានីភ្នំពេញ នឹងធ្វើឲ្យទីក្រុងរដ្ឋបាលនិងពាណិជ្ជកម្មរបស់ប្រទេសកម្ពុជានេះប្រឈមនឹងកង្វះខាតទីលានចាក់សំរាម ក្នុងរយៈពេលពីរឆ្នាំទៀត។ នេះបើយោងតាមមន្ត្រីផ្លូវការក្រុងភ្នំពេញ។
លោក នួន សំណាវុធ នាយកទីចាត់ការគ្រប់គ្រងសំណល់និងបរិស្ថាន នៃសាលារាជធានីភ្នំពេញបានថ្លែងក្នុងវេទិកាស្តីពីសំរាមដែលរៀបចំដោយមូលនិធិ Konrad Adenauer របស់អាឡឺម៉ង់ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ថាសំរាមក្នុងរាជធានីភ្នំពេញបានកើនពីរង្វង់២៦០០តោនក្នុងមួយថ្ងៃនៅឆ្នាំ២០១៨ ដល់រង្វង់២៩០០តោនក្នុងមួយថ្ងៃនៅឆ្នាំ២០១៩នេះ។ ពោលគឺកើនឡើង៣០០តោនក្នុងមួយថ្ងៃ។
ជាមួយគ្នានេះទីលានចាក់សំរាមទំហំជាង៣០ហិកតាក្នុងខណ្ឌមានជ័យ ប៉ែកខាងត្បូងរាជធានីភ្នំពេញ នឹងត្រូវពេញហៀរមិនអាចទទួលយកសំរាមបានទៀតនៅឆ្នាំ២០២១។ នេះបើយោងតាមលោក នួន សំណាវុធ។
«វាជាបញ្ហាកង្វល់ដែរ ដែលទីលានចាក់សំរាមរបស់យើងនឹងពេញនៅឆ្នាំ២០២១ខាងមុខនេះ»។
បើយោងតាមតួលេខរបស់រដ្ឋាភិបាល មានសំណល់រឹងប្រមាណ ១លាន៧សែនតោន ត្រូវបានគេប្រមូលនៅទូទាំងប្រទេស កាលពីឆ្នាំ២០១៨ ក្នុងនោះ៦០ភាគរយគឺជាសំរាមក្នុងរាជធានីភ្នំពេញ។ សម្រាប់រយៈពេល៨ខែដើមឆ្នាំ២០១៩នេះ សំរាមក្នុងរាជធានីភ្នំពេញប្រមូលបាន៦៦ម៉ឺនតោន ខណៈដែលសំរាមប្រមូលបានកាលពីឆ្នាំ២០១៨មានត្រឹមតែ៩០ម៉ឺនតោនតែប៉ុណ្ណោះ។
លោក នួន សំណាវុធ លើកឡើងថាកង្វះការវិនិយោគលើការកែច្នៃសំរាមដើម្បីផលិត ជាអគ្គីសនី ឬដើម្បីបម្រើឲ្យផលប្រយោជន៍ផ្សេងទៀតបានធ្វើឲ្យការចាក់បំពេញទីកន្លែងចាក់សំរាមបច្ចុប្បន្នកាន់តែឆាប់ពេញ ហើយកន្លងមក មានក្រុមហ៊ុនឯកជនយ៉ាងតិច៥០ បានមកទាក់ទងសាលារាជធានីភ្នំពេញ ដើម្បីសិក្សាលើការវិនិយោគលើការកែច្នៃសំរាមនេះ តែក្រុមហ៊ុនទាំងនោះបានដកខ្លួនទៅវិញ ក្រោយពីរកឃើញថាពួកគេទំនងជាមិនអាចរកប្រាក់ចំណេញពីការកែច្នៃសំរាមនេះទេ។
លោក នួន សំណាវុធ ឲ្យបន្ថែមថា បច្ចុប្បន្នអាជ្ញាធរក្រុងភ្នំពេញកំពុងស្វែងរកទីតាំងចាក់សំរាមថ្មីដែលមានទីតាំងនៅក្នុងខេត្តកណ្តាល។ ទីតាំងថ្មីដែលនឹងមានទំហំប្រមាណ៣០ហិកតាដូចគ្នានឹងទីកន្លែងចាក់សំរាមចាស់ដែរ។
នាយកទីចាត់ការគ្រប់គ្រងសំណល់និងបរិស្ថាន នៃសាលារាជធានីភ្នំពេញដដែលបញ្ជាក់ថាក្នុងពេលនេះក្រុមអ្នកបច្ចេកទេសកំពុងពិភាក្សាលើផលប៉ះពាល់ផ្នែកបរិស្ថានរបស់ទីតាំងចាក់សំរាមថ្មី។
លោក ង៉ែត បុល អនុប្រធាននាយកដ្ឋានគ្រប់គ្រងសំណល់រឹង នៃក្រសួងបរិស្ថាន បានលើកឡើងថា ការគ្រប់គ្រងសំណល់សំរាមនៅទូទាំងប្រទេសនៅមានកម្រិត ខណៈបរិមាណនៃសំណល់រឹងកាន់តែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕