ខណៈមានការឆ្លងរាតត្បាតជំងឺកូវីដ១៩ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងសហគមន៍២០កុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាជាបន្ទាន់ឲ្យក្រុមអាជ្ញាធររាជធានីខេត្ត ត្រៀមឈាបនដ្ឋាន ឬកន្លែងបូជាសពសម្រាប់អ្នកស្លាប់ដោយជំងឺនេះ ដោយមិនឲ្យមានការបញ្ចុះសពឡើយ។
ក្រុមមន្ត្រីសាសនាកម្ពុជាឲ្យដឹងនៅថ្ងៃពុធនេះថា អាជ្ញាធរពាក់ព័ន្ធខេត្ត និងមន្ត្រីសង្ឃបានកំពុងរៀបចំឲ្យមានទីតាំងឈាបនដ្ឋានជាក់លាក់មួយនៅតាមកន្លែងដែលមានការឆ្លងជំងឺកូវីដ១៩ សម្រាប់បូជាសពអ្នកដែលបានស្លាប់ដោយសារជំងឺនេះ។
រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោក សេង សុមុនី ដែលជាអ្នកនាំពាក្យក្រសួងផងផងនោះ ប្រាប់វីអូអេថា ៖«អាជ្ញាធរមានសមត្ថកិច្ចលោកក៏សហការគ្នាការងារហ្នឹង។ សហការជាមួយនឹងស្ថាប័នជំនាញធម្មការ និងព្រះមេគុណ ដើម្បីសិក្សា។ យើងឃើញជាក់ស្តែង អភិបាលខេត្តលោក ព្រះមេគុណលោកបានចង្អុលបង្ហាញក្នុងការរៀបចំនៅទីតាំង សម្រាប់ធ្វើឈាបនដ្ឋានហ្នឹងគឺមានវត្តមួយចំនួននៅតាមបណ្តាខេត្តហ្នឹងគឺយើងមានបាទ មិនជាបញ្ហាអីទេ លោកសហការគ្នាបានល្អ តាមដែលព័ត៌មានយើងទទួលបាន»។
រដ្ឋលេខាធិការរូបនេះឲ្យដឹងបន្ថែមថានៅក្នុងទីក្រុងភ្នំពេញ មានឈាបនដ្ឋានមួយក្នុងវត្តឫស្សីសាញ់ស្ថិតក្នុងខណ្ឌដង្កោដែលត្រូវបានរៀបចំសម្រាប់បូជាសពទូទៅ។ ប៉ុន្តែករណីអ្នកស្លាប់ដោយជំងឺកូវីដនេះ អាជ្ញាធរកំពុងសិក្សារកកន្លែងផ្សេងទៀត ដើម្បីបញ្ចៀសការឆ្លងនៅពេលបូជា។
«ជាក់ស្តែងយើងរាជធានីភ្នំពេញកន្លងមក គឺយើងមានទីតាំងរួមសម្រាប់បូជាមួយនៅវត្តឫស្សីសាញ់នោះ ហើយអាជ្ញាធររាជធានីភ្នំពេញលោកនឹងសិក្សាបន្តទៅទៀតថា គួររៀបចំកន្លែងណា ដើម្បីឲ្យមានលក្ខណៈត្រឹមត្រូវតាមយុទ្ធសាស្ត្រជាការគ្រប់គ្រងស្ថានភាពហ្នឹង»។
លោកមិនទាន់អាចបញ្ជាក់បានទេ ចំពោះការរៀបចំឈាបនដ្ឋាននៅខេត្តផ្សេងទៀត ដូចជាខេត្តព្រះសីហនុ ដែលមានកម្រិតឆ្លងជំងឺកូវីដខ្ពស់បន្ទាប់ពីរាជធានីភ្នំពេញ។ លោកឲ្យដឹងថាពិធីបុណ្យសពអាចធ្វើបានក្នុងពេលបូជា ដោយមានការកំណត់ពីប្រមាណ២០នាក់ ឬតិចជាងនេះ អាស្រ័យលើទីធ្លានៃឈាបនដ្ឋាននោះ។
ក្នុងសារជាសំឡេងផ្ញើជូនរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំរាជធានីខេត្តកាលពីថ្ងៃអង្គារ លោក ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាសម្រេចយកការបូជាសពរបស់អ្នកជំងឺកូវីដ១៩ ព្រោះជាករណីពិសេស និងជាវិធានការគ្រប់គ្រងការឆ្លងរាតត្បាតបន្ថែមទៀត និងបញ្ចៀសផលវិបាកនៃការគ្រប់គ្រងដីធ្លី។
«ចំណុចនេះគឺគេអាចយល់បានបើទោះបីថា ទំនៀមទម្លាប់ជនជាតិខ្លះ មិនអាចធ្វើការបូជាក៏ដោយ ប៉ុន្តែករណីពិសេសសម្រាប់ជំងឺកូវីដនេះ យើងត្រូវតែធ្វើការបូជាជាចាំបាច់»។
លោកនាយករដ្ឋមន្ត្រីបន្ថែមថា៖«យើងមិនមែនខ្វះដីកប់ទេ ក៏ប៉ុន្តែដើម្បីធានានូវវិធានការមួយ សម្រាប់ការគ្រប់គ្រងដីធ្លី ក៏ដូចជាកុំឲ្យមានកើតពាសពេញជាមួយនឹងការដាក់សពនៅកន្លែងនេះបន្តិច នៅកន្លែងនោះបន្តិច»។
គ្រូចិនសែមួយចំនួនដែលផ្តល់បទសម្ភាសន៍ជាមួយវីអូអេនៅថ្ងៃពុធនេះ យល់ថាការបូជាសពអ្នកមានជាប់ខ្សែចិនដែលមានជំងឺកូវីដ១៩នោះ នឹងមិនបង្កការឆ្គាំឆ្គងតាមជំនឿរបស់ជនជាតិចិនទេ។
ពួកគេនិយាយថាក្នុងស្ថានភាពបច្ចុប្បន្នដែលរួតរឹតដោយការរាតត្បាតនៃជំងឺកូវីដ១៩នេះ ការបូជាគឺជាជម្រើសសមស្របមួយ ហើយដូនតាក៏មិនប្រកាន់ដែរ បើសិនបូជារួចហើយ រក្សាទុកធាតុក្នុងទីកន្លែងស័ក្តិសមមួយ។
លោកគ្រូ ហ៊ា ហាប់ និយាយថាបងប្អូនខ្មែរកាត់ចិនគួរសម្របខ្លួនតាមកាលៈទេសៈដែលប្រទេសកំពុងប្រឈមនឹងជំងឺឆ្លងរាតត្បាត ដូច្នេះការស្វែងរកហុងស៊ុយពីការបញ្ចុះសពសាច់ញាតិ គួរទុកមួយអន្លើសិន។
«ធម្មតាច្រើនតែបញ្ចុះហើយ តែធ្វើម៉េច បើប្រទេសជាតិយើងវាមានបញ្ហា ចឹងយើងកុំស្វែងរកហុងស៊ុយអី។ គេបញ្ចុះហ្នឹងទីមួយ គឺចង់ហុងស៊ុយ ទីពីរទៅតាមទំនៀមទម្លាប់ពីដូនពីតាគេ គេស្រួលឆេងម៉េងយ៉ាងណាយ៉ាងណី។ តែបើឥឡូវយើងវាមានជួបបញ្ហាហ្នឹងហើយ យើងក៏មិនអាចទៅធ្វើបានតាមចិត្តយើងដែរ គឺយើងតម្រូវទៅតាមជាក់ស្តែងនៅក្នុងប្រទេសយើង»។
លោកបន្ថែមថានៅប្រទេសចិន ក៏មានការបូជាសពអ្នកស្លាប់ដោយជំងឺកូវីដ១៩ដែរ។ ហើយបើបែរមកនិយាយពីការដាក់ធាតុវិញនោះ លោកថា សាច់ញាតិអាចស្នើពីអាជ្ញាធរដើម្បីយកមករក្សាទុក សម្រាប់ធ្វើពិធីទៅតាមទំនៀមទម្លាប់ប្រពៃណីចិន។
ចំណែកគ្រូចិនសែម្នាក់ទៀត លោក អ៊ៅ ណន អាយុ៧០ឆ្នាំ ពន្យល់ថាការបូជាសពសាច់ញាតិពលរដ្ឋខ្មែរកាត់ចិន មិនមានន័យថានឹងធ្វើឲ្យគ្រួសារនៃសពជួបរឿងមិនល្អទេ។ លោកថាសាច់ញាតិសពអាចយកធាតុមករក្សាទុកក្នុងចេតិយ ឬទីណាមួយទៅតាមក្បួនប្រពៃណីចិន ក្រោយការរក្សាទុកធាតុនោះនៅទីអារាម ឬកន្លែងណាមួយសមរម្យរយៈពេល៣ឆ្នាំ។
«បូជាមានតែដាក់នៅកន្លែង ព្រះអង្គអីចឹងទៅណា។ ផ្ញើនឹងវត្តលោក កុដិលោកអ៊ីចឹងទៅ ឬក៏យើងយកមកដាក់នៅជិតផ្ទះយើងធ្វើជាចេតិយ ធ្វើជាតូបមួយឲ្យតូចតិមមក ល្មមមក យើងដាក់ទៅគ្រប់៣ឆ្នាំបានយកទៅដាក់នៅក្នុងចេតិយដែលយើងធ្វើបាន។ បើសិនជាមានធាតុគេចាស់ ប៉ុន្តែបើអត់មានធាតុចាស់ទេ គេនឹងយកទៅដាក់បានភ្លាមអាហ្នឹង ប៉ុន្តែមិនឲ្យធាតុចាស់ចូលទៅក្នុងហ្នឹងទេ»។
កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ បុរសជនជាតិចិនម្នាក់ឈ្មោះឡាយ ប៊ីនស៊ាង(Lay Binxiang)អាយុ៣៤ឆ្នាំ មកពីប្រទេសចិន បានស្លាប់ក្នុងពេលកំពុងទទួលការព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ ព្រែកព្នៅ នៅទីក្រុងភ្នំពេញ។ ក្រសួងសុខាភិបាលកម្ពុជាបានពន្យល់ថា ជនជាតិចិនដែលបានស្លាប់នោះ គឺជាអ្នកប្រើប្រាស់គ្រឿងញៀន ហើយនៅអំឡុងពេលព្យាបាល សារធាតុញៀនបានរើឡើងបណ្តាលឲ្យគាំងបេះដូងស្លាប់តែម្តង។
បន្ទាប់ពីការស្លាប់របស់បុរសជនជាតិចិនម្នាក់នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាបន្ទាន់មួយ ដោយឲ្យយកអ្នកសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ព្រែកព្នៅ មកសណ្ឋាគារ Great Duke ដែលជាអតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់វិញ។
គិតត្រឹមថ្ងៃពុធទី១០ខែមីនានេះ អ្នកដែលបានឆ្លងជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ មានចំនួនសរុប៦១៣នាក់។ ចំនួនសរុបនេះ រាប់ទាំងអ្នកឆ្លងថ្មីដែលក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃពុធនេះថាមានចំនួន៦៤នាក់។ ក្នុងពេលកំពុងឆ្លងសហគមន៍ទ្រង់ទ្រាយធំនេះ កម្ពុជាក៏កំពុងបន្តយុទ្ធនាការចាក់វ៉ាក់សាំងផងដែរ៕