ប្រជាពលរដ្ឋដែលរស់នៅក្បែរមាត់ទន្លេ ត្រើយអរិយក្សត្រ មិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញបានបង្ហាញក្តីព្រួយបារម្ភអំពីការបណ្តេញចេញ ក្រោយឃើញមានការចាក់ថ្មក្នុងទឹកទន្លេដែលជាការពង្រីកដីសម្រាប់ការអភិវឌ្ឍរបស់ក្រុមហ៊ុនឯកជនមួយ ដែលអភិបាលខេត្តកណ្តាលហាក់ស្ទាក់ស្ទើរក្នុងការបង្ហាញឈ្មោះរបស់ក្រុមហ៊ុននេះ។
ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អ្នកធ្វើដំណើរតាមសាឡាងពីភ្នំពេញឆ្ពោះទៅត្រើយអរិយក្សត្រនៃភូមិសាស្ត្រស្រុកល្វាឯម ខេត្តកណ្តាល នឹងឃើញសកម្មភាពនៃការចាក់ថ្ម ដើម្បីភ្ជាប់គ្នាក្នុងទឹក ដែលជាការពង្រីកដីចូលក្នុងទឹកទន្លេ។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានប្រាប់ VOA នៅថ្ងៃចន្ទនេះថា ការចាក់ថ្មចូលទន្លេក្នុងភូមិសាស្ត្រអរិយក្សត្រជាការអភិវឌ្ឍរបស់ក្រុមហ៊ុនឯកជនមួយដែលលោកថាបានជួលដីរបស់រដ្ឋនៅតាមតំបន់។ ប៉ុន្តែលោកមិនបានបញ្ជាក់ថាក្រុមហ៊ុននោះមានឈ្មោះអ្វី និងអភិវឌ្ឍអ្វីនោះទេ។
លោកថ្លែងថា៖ «ពាក់ព័ន្ធនឹងចាក់ថ្មនេះ តាមពិតជាស្ថិតក្នុងដូចជាក្រុមហ៊ុនមួយលោកជួលដីរដ្ឋនៅជួរមាត់ទន្លេហ្នឹង... ហើយប្រហែលជាចាក់ហ្នឹងចាក់ទប់ជើងច្រាំងដោយសារទឹកជោរឡើង រាងជ្រៅ ប៉ុន្តែទឹកស្រក់ទៅវិញទៅ មើលទៅមិនជ្រៅអញ្ចឹងទេ។ ក្នុងស្ថានភាពនេះ បើមើលលើវិសាលភាពទន្លេនេះធំ ដែលវាអាចមិនពាក់ព័ន្ធហ្នឹងខ្សែទឹកទៀតទេ»។
អភិបាលកណ្តាលខេត្តរូបនេះបានឲ្យដឹងទៀតថា ការចាក់ថ្មចូលទន្លេនេះក្រុមការងារ អាជ្ញាធរនិងក្រសួងពាក់ព័ន្ធកំពុងសិក្សាបន្តទៀត។
លោកបន្ថែមថា៖ «ការសិក្សានៅលើក្រសួងពាក់ព័ន្ធទាំងអស់ពីព្រោះពាក់ព័ន្ធដីមួយជួរនេះគេហៅថាដីដុះ រដ្ឋបានជួលឲ្យក្រុមហ៊ុនក្នុងការអភិវឌ្ឍ អញ្ចឹងជំនាញលោកនឹងសិក្សាទៅតាមការគិតគូររបស់ជំនាញឲ្យបានត្រឹមត្រូវ»។
កាលពីថ្ងៃទី២ ខែកក្កដា អភិបាលខេត្តកណ្តាលរូបនោះបានប្រាប់សារព័ត៌មានខ្មែរណាស់ថាលោកមិនបានដឹងអំពីការចាក់ថ្មនៅតំបន់អរិយក្សត្រនោះទេ ក្រោយរូបភាពនៃគំនរថ្មត្រូវបានចែករំលែកតាមប្រព័ន្ធសង្គមជាបន្តបន្ទាប់។
ស្របពេលមានការចាក់ថ្មចូលទឹកទន្លេនេះ ប្រជាពលរដ្ឋដែលរស់នៅមិនឆ្ងាយពីទឹកទន្លេបានបង្ហាញក្តីព្រួយបារម្ភអំពីការបណ្តេញចេញនៅពេលខាងមុខ ខណៈពួកគេមិនមានព័ត៌មានអំពីការអភិវឌ្ឍនៅទីនោះនៅឡើយទេ។
លោកគ្រឿន រ៉ាវិដ្ឋ អាយុ២៧ឆ្នាំជាប្រជាពលរដ្ឋម្នាក់ដែលរស់នៅទីនោះតាំងពីកើតមកបានប្រាប់អ្នកសារព័ត៌មានVOAកាលពីព្រឹកថ្ងៃចន្ទថាលោកមិនដឹងថាការចាក់ថ្មក្នុងទន្លេនេះសម្រាប់គម្រោងអ្វីនោះទេ ដោយសារមិនដែលឃើញអាជ្ញាធរមកប្រាប់ប្រជាពលរដ្ឋឲ្យដឹងពីរឿងនេះទេ។លោកក៏ព្រួយបារម្ភខ្លាចប៉ះពាល់ដល់ទីជម្រករបស់លោកនៅពេលខាងមុខ។
លោកថ្លែងថា៖ «ខ្ញុំព្រួយចេះតែព្រួយហើយតែព្រួយបានតែព្រួយហ្នឹងធ្វើអ្វីមិនកើតផង ភូមិឃុំគេមិនអើពើអ្វីបន្តិចផង។ អ្នកខ្លះចាក់អញ្ចឹង គេមានប៉ូលិសអីមកមើល។ តែនេះអត់មានឃើញស្ងាត់ជ្រាបតែម្តង យើងអត់ហ៊ានដែរយើងអត់ដឹងថាគេធ្វើអីឲ្យប្រាកដ»។
ចំណែកអ្នកស្រី ដួង ណាវី អាយុ៣៤ឆ្នាំ មានកូន២នាក់ក្នុងបន្ទុកប្រាប់VOAថាអ្នកស្រីក៏ដូចជាអ្នកភូមិផ្សេងទៀតមានការព្រួយបារម្ភអំពីផលប៉ះពាល់លើកន្លែងរស់របស់ប្រជាពលរដ្ឋ ខណៈអ្នកស្រីដែលរស់នៅជិតកន្លែងចាក់ថ្មនោះមិនទាន់មានព័ត៌មានថាតើគេនឹងអភិវឌ្ឍអ្វីនៅឡើយ។ អ្នកស្រីបន្ថែមថាបើសិនគម្រោងនេះប៉ះពាល់កន្លែងរស់នៅរបស់អ្នកស្រី អ្នកស្រីអំពាវនាវឲ្យផ្តល់សំណងសមរម្យដើម្បីមានលទ្ធភាពទៅរកទីតាំងថ្មីសមរម្យក្នុងការរស់នៅបន្តទៀត។
អ្នកស្រីរៀបរាប់ថា៖ «មតិពលរដ្ឋពីមាត់មួយទៅមាត់មួយថាបើឲ្យជាសំណងប្រជាពលរដ្ឋអាចទិញដីនៅកន្លែងណាអាចសង់ផ្ទះបាន។ អញ្ចឹងប្រជាជលរដ្ឋក៏សម្រេចចិត្តដែរនឹងចេញដែរ។ បើថាឲ្យចេញទទេ អត់មានសំណងអ្វី ក៏ប្រជាពលរដ្ឋអត់សុខចិត្តដែរគ្នាបានដីឯណានៅ។ ចាំមើលបន្តទៅមុខទៀតព្រោះឥឡូវយើងឃើញហើយ ឃើញគេបូមហើយទម្លាក់ថ្មយើងឃើញហើយ»។
ពលរដ្ឋម្នាក់ទៀតដែលជាចាស់ទុំក្នុងភូមិអរិយក្សត្រ លោក ដួង បុត្រ អាយុ៧៦ឆ្នាំ ប្រាប់VOAថា លោកមិនហ៊ានតតាំងនឹងការសម្រេចរបស់រដ្ឋាភិបាលនោះទេ ប៉ុន្តែលោកសុំឲ្យតែផ្តល់ជាសំណងសមរម្យដល់រូបលោកដែរ។
លោកថ្លែងថា៖ «គេឲ្យយើងរស់ប៉ុនណាយើងយកប៉ុណ្ណឹង។ យើងទៅប្រឡងប្រណាំងជាមួយច្បាប់យើងអត់បាច់ប្រឡងប្រណាំងទេ ដោះស្រាយអីទៅថាយើងមិនលោភលន់ពេកមិនចង់បានពេក យើងមើលតាមទីផ្សារ។ បើយើងចេញពីកន្លែងនេះទៅយើងទៅនៅតំបន់មួយទៀតវាអាចសមល្មម យើងអាចទិញបាន យើងធ្វើបាន យើងនៅទៅគេចង់អភិវឌ្ឍកន្លែងណា ស្រេចតែគេទៅ»។
ប្រជាពលរដ្ឋនៅតំបន់នោះបានឲ្យដឹងថាកាលពីមុន ពួកគេសង្កេតឃើញមានតែការបូមខ្សាច់មកចាក់នៅតាមមាត់ទន្លេតែប៉ុណ្ណោះប៉ុន្តែប្រមាណ២ខែចុងក្រោយនេះមានការចាក់ថ្មចូលក្នុងផ្ទៃទឹកទន្លេ ក្បែរកន្លែងដែលប្រជាពលរដ្ឋធ្លាប់អាស្រ័យផលធ្វើកសិកម្មដាំដំណាំបន្លែប្រដេញទឹក។
លោក ឌុច ចាន់ មេឃុំអរិយក្សត្រ ប្រាប់VOAថាលោកមិនបានដឹងកន្លែងចាក់ថ្មចូលទឹកទន្លេនោះជាការអភិវឌ្ឍសម្រាប់គម្រោងអ្វីនិងជារបស់ក្រុមហ៊ុនណានោះទេ។
លោកប្រាប់វីអូអេថា៖ «គេមានគោលការណ៍ហើយប៉ុន្តែយើងអត់ដឹងថាគេធ្វើអ្វីខ្លះ។ ឥឡូវកំពុងក្រុមការងារគាត់ចុះមកពីពិនិត្យមើលខាងខេត្តខាងមន្ទីរគេចុះមកមើល»។
ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិរបស់សមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង បានប្រាប់VOAនៅថ្ងៃចន្ទនេះថាអាជ្ញាធរហាក់ធ្វើឲ្យប្រជាពលរដ្ឋមានភាពស្រពេចស្រពិលលើការចាក់ថ្មចូលទន្លេនេះឬក្នុងការអភិវឌ្ឍគម្រោងណាមួយ។ លោកថាអាជ្ញាធរគួរតែបង្ហាញនូវរបាយការណ៍ឬព័ត៌មានច្បាស់លាស់អំពីគម្រោងអភិវឌ្ឍន៍នៅតំបន់នោះ។
លោកថ្លែងថា៖ «ប្រសិនបើមានគម្រោងច្បាស់លាស់ ឬដឹងឮពីស្ថាប័នណាមួយ គម្បីធ្វើការផ្សព្វផ្សាយឲ្យបានច្បាស់ទៅដល់ប្រជាលរដ្ឋជាពិសេសអ្នកពាក់ព័ន្ធគួរតែទទួលបានព័ត៌មានប្រកបដោយតម្លាភាព និងគណនេយ្យភាពក្នុងនាមជាស្ថាប័នសាធារណៈ...ជាពិសេសអ្វីដែលយើងចង់ដឹងនោះគឺការធ្វើរបាយការណ៍វាយតម្លៃផលប៉ះពាលបរិស្ថានថាបានធ្វើច្បាស់លាស់ដែរឬទេ ហើយបានកំណត់ដែរឬទេថា ការចាក់ដីចូលទន្លេនេះ វានឹងប៉ះពាល់យ៉ាងដូចម្តេចទៅដល់ចរន្តទឹកទន្លេហើយធនធានមច្ឆាជាតិនៅក្នុងចរន្តទឹកទន្លេមេគង្គនេះ»។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលបានបង្ហោះរូបថតនៃការចាក់ថ្មនេះលើហ្វេសប៊ុករបស់លោកកាលពីកន្លងទៅបានប្រាប់VOAនៅថ្ងៃចន្ទនេះថា លោកមានការសោកស្តាយណាស់ នៅពេលដែលសម្បត្តិធម្មជាតិត្រូវបានលុបជាបន្តបន្ទាប់ដែលរួមមានបឹងកក់បឹងទំពុន និងបឹងតាមោកជាដើម។
លោកថ្លែងថា៖ «ទន្លេធំវាជាសម្បត្តិរបស់ធម្មជាតិ និងជាតិទាំងមូល ហើយមិនមែនឲ្យក្រុមហ៊ុនឯកជនទៅធ្វើតាម សេរី [តាម]ទំនើងចិត្តអញ្ចឹងទេ។ ហើយបើរដ្ឋចង់បានការអភិវឌ្ឍយើងរកមើលកន្លែងណាអភិវឌ្ឍកុំឲ្យប៉ះពាល់ទ្រព្យសម្បត្តិជាតិ ហើយទ្រព្យសម្បត្តិរដ្ឋទៅយើងអាចផ្តល់ឲ្យបាន។ហើយដូចជាទន្លេអញ្ចឹង ពីមុនពីណាពីណីមកយើងនៅរក្សាបានទម្រង់ដើមស្អាតល្អដល់ពេលឥឡូវយើងឲ្យអភិវឌ្ឍមួយជាពីរ ពីរជាបី បីជាបួន យូរៗទៅទន្លេចតុមុខនឹងរួមតូចតើនៅពេលទឹកធំលិចទីក្រុងភ្នំពេញ តើអ្នកណាទទួលខុសត្រូវ?»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ម៉េត មាសភក្តី អ្នកនាំពាក្យរបស់រដ្ឋបាលរាជធានីភ្នំពេញបានទេនៅថ្ងៃចន្ទនេះ៕