ក្នុងឆ្នាំ ២០២៣ អាជ្ញាធរកម្ពុជាបានជួយសង្គ្រោះ ពលរដ្ឋខ្មែរប្រមាណ ២០០នាក់ នៅក្រៅប្រទេស ជាពិសេសក្នុងប្រទេសចិន ដែលពួកគេរងគ្រោះដោយសារការរៀបការជាមួយជនបរទេស និងការពពោះជំនួសដែលត្រូវបានហាមឃាត់ក្នុងប្រទេសកម្ពុជា។ នេះបើតាមមន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
អ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ក្នុងឆ្នាំ ២០២៣ អាជ្ញាធរកម្ពុជាបានជួយសង្គ្រោះពលរដ្ឋខ្មែរដែលរងគ្រោះ និងងាយរងគ្រោះនៅប្រទេសចិន ទាក់ទងនឹងការរាយការណ៍អំពីការជួញដូរមនុស្សបានប្រមាណ ២០០នាក់។ ប៉ុន្តែអ្នកស្រីថា ករណីខ្លះមិនដូចអ្វីដែលពលរដ្ឋរាយការណ៍នោះទេ ដោយស្ត្រីមួយចំនួនបានរងគ្រោះតាមរយៈការរៀបការជាមួយជនជាតិចិន លុះពេលពពោះរួចរាល់ហើយ ត្រូវបានបណ្តេញចេញមកប្រទេសកម្ពុជាវិញ។ អ្នកស្រីបញ្ជាក់ថា អំពើជួញដូរមនុស្សនេះមានភាពស្មុគស្មាញខ្លាំង ហើយអាជ្ញាធរកំពុងស៊ើបអង្កេតបន្តទៀត។
អ្នកស្រីថ្លែងថា៖ «បើនិយាយអំពីការសង្គ្រោះមកពីខាងចិនហ្នឹង យើងយកតួលេខរបស់ខាងសង្គមកិច្ច។ គាត់ញែកវាអត់ដាច់ ដោយសារគាត់ប្រើពាក្យរងគ្រោះ និងងាយរងគ្រោះ អ៊ីចឹងវាសរុបចូលគ្នា ដែលមានប្រមាណជាង ២០០នាក់ អ៊ីចឹងដែរ។ ប៉ុន្តែក្នុងនោះ យើងមកធ្វើការកំណត់អត្តសញ្ញាណពិត វាអត់បានឃើញភាពរងគ្រោះដូចអ្វីដែលគាត់បានរាយការណ៍។ ប៉ុន្តែយើងនៅតែជួយសង្គ្រោះ ដោយសារទីមួយគឺគាត់រងគ្រោះដោយសារតែ គាត់ទៅប្រទេសគេ»។
អ្នកស្រី ជូ ប៊ុនអេង បានលើកយកករណីដែលស្ត្រីកម្ពុជារៀបការជាមួយជនជាតិចិន និងបានអះអាងថាជារងគ្រោះប្រហាក់ប្រហែលគ្នានោះ គឺអាជ្ញាធរកម្ពុជាកំពុងដាក់ការសង្ស័យថា រូបភាពនេះអាចជាករណីជួញដូរទារកទៅវិញ ដែលជំនួសឱ្យរូបភាពចាស់គឺ«ពពោះជំនួស»ក្នុងប្រទេសកម្ពុជាដែលត្រូវបានហាមឃាត់។
អ្នកស្រីប្រាប់វីអូអេថា៖ «ចាស! ពេលមុនការជួញដូរទារកគេធ្វើឡើងតាមរយៈការពពោះជំនួស ដោយសារតែមានគេហៅថា ដាក់មេជីវិត អីអ៊ីចឹងឱ្យស្ត្រីពពោះហើយ បានគេយកកូនទៅអីអ៊ីចឹង គេជួញដូរតាមរបៀបហ្នឹង។ ហើយក្រោយមកទៀត គេជួញដូរតាមរបៀប ដែលហៅថាមករស់នៅជាមួយគ្នាជាមនុស្ស មិនមែនជាសិប្បនិមិត្តទៀតទេ ពីព្រោះគេរស់នៅជាមួយគ្នា ហើយនៅដល់ពេលមានផ្ទៃពោះ ប្រហែលជា៤ខែ ៥ខែ ៦ខែ អីអ៊ីចឹង គេឱ្យទៅឆ្លងទន្លេនៅឯប្រទេសចិន អ៊ីចឹងទៅ។ ហើយដល់ពេលបានកូនហើយត្រឡប់មកវិញ»។
បើតាមអ្នកស្រី ជូ ប៊ុនអេង បើទោះបីជាពលរដ្ឋរងគ្រោះដោយអំពើជួញដូរមនុស្ស ឬមិនមែនតាមរយៈអំពើជួញដូរមនុស្សក្តីដែលស្ថិតក្រោមរូបភាពហួសសុពលភាពឯកសារ ឬគ្មានថវិកាត្រឡប់មកប្រទេសកំណើតវិញ គឺអាជ្ញាធរនឹងជួយសង្គ្រោះ ដើម្បីឱ្យពលរដ្ឋទាំងនោះបានត្រឡប់មកប្រទេសកំណើតវិញ។
អ្នកស្រី ស៊ុន ម៉ាលី ប្រធានកម្មវិធីសិទ្ធិស្ត្រី និងកុមាររបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ប្រាប់វីអូអេថាក្នុងឆ្នាំ ២០២៣ សមាគមក៏បានទទួលបានការរាយការណ៍ចំនួន៣២ករណីដែលជារូបភាពរៀបការដោយបង្ខំ និងពពោះនៅប្រទេសចិន ម៉ាឡេស៊ី ថៃ ឥណ្ឌូណេស៊ីជាដើម។
អ្នកស្រីថ្លែងថា៖ «អ៊ីចឹងខ្ញុំសង្កេតឃើញថា ស្ត្រីខ្មែរយើងដែលទទួលរងការលក់ពីគ្រួសារមួយទៅគ្រួសារមួយ [គឺ]ពីរទៅបីគ្រួសារទើបគាត់អាចត្រឡប់[មកកម្ពុជាវិញ] ដោយសារមានការសង្គ្រោះ និងមានការអន្តរាគមន៍ពីអាជ្ញាធរ ស្ថានទូត ស្ថានកុលសុល ក្រសួង ឬក៏មានការសហការជាមួយខាងដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិលជាដើម»។
អ្នកស្រីយល់ថា ប្រជាពលរដ្ឋគួរស្វែងយល់ឱ្យច្បាស់អំពីទម្រង់នៃការបោកប្រាស់និងសុវត្ថិភាពនានា ទាក់ទងនឹងការចំណាកស្រុក ក៏ដូចជាការយល់ដឹងអំពីសិទ្ធិ ច្បាប់ការងារ កិច្ចសន្យាការងារជាដើម។ ចំណែកអាជ្ញាធរត្រូវបង្កើនការអប់រំផ្សព្វផ្សាយនិងត្រូវផ្តល់លេខទំនាក់ទំនងដែលពលរដ្ឋងាយស្រួលក្នុងការទាក់ទង ឬរាយការណ៍ ដើម្បីកុំឱ្យពលរដ្ឋក្លាយជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស។ អ្នកស្រីបន្តថាការស្តារនីតិសម្បទាផ្លូវចិត្ត និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ជាផ្នែកសំខាន់ផងដែរ ព្រោះដោយសារតែស្ថានភាពសេដ្ឋកិច្ច ទើបអាចធ្វើឱ្យក្រុមមេខ្យល់ឆ្លៀតឱកាសអូសទាញពលរដ្ឋឱ្យក្លាយជាជនរងគ្រោះ។
កាលពីដើមខែមីនា អាជ្ញាធរកម្ពុជាបានជួយសង្គ្រោះក្មេងស្រីម្នាក់ដែលចាញ់បោកមេខ្យល់នៅប្រទេសចិន ក្រោយស្រ្តីម្នាក់នោះបានអំពាវនាវឱ្យជួយសង្រ្គោះ តាមរយៈវីដេអូដែលបង្ហោះនៅលើប្រព័ន្ធសង្គម។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ស្រ្តីកម្ពុជាតែងត្រូវបានជួយសង្រ្គោះពីការជួញដូរមនុស្សនៅក្រៅប្រទេស។ កាលពីឆ្នាំ ២០១៩ ប្រទេសកម្ពុជាបានកត់ត្រាថាស្រ្តីខ្មែរ ១១១នាក់បានវិលត្រឡប់ពីប្រទេសចិនមកកម្ពុជាវិញ ដោយពួកគេអះអាងថាត្រូវបានបង្ខំឱ្យរៀបការជាមួយជនជាតិចិន។
របាយការណ៍របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិឈ្មោះ UN-ACT ដែលផ្សាយកាលពីឆ្នាំ ២០១៦ បានលើកឡើងថា ស្រ្តីខ្មែរទៅប្រទេសចិនដោយសារចាញ់បោកមេខ្យល់ ដែលសន្យាបោកប្រាស់ថា ពួកគេនឹងទទួលបានការងារមានប្រាក់ខែច្រើន។ របាយការណ៍បន្តថាស្រ្តីខ្មែរមួយចំនួនក៏បានយល់ព្រមរៀបការ ប៉ុន្តែពួកគេត្រូវបានប្រាប់ព័ត៌មានខុសដោយថា ពួកគេនឹងមានជីវភាពល្អពេលរៀបការជាមួយស្វាមីចិន ប៉ុន្តែការពិត ពួកគេបានធ្លាក់ជាជនរងគ្រោះវិញ ដោយរៀបការជាមួយបុរសជនជាតិចិន ដែលក្រីក្រនៅតាមជនបទ។ របាយការណ៍ឱ្យដឹងទៀតថា បុរសជនជាតិចិនបានឱ្យប្រាក់ទៅមេខ្យល់ពី ១ម៉ឺនទៅ ២ម៉ឺនដុល្លារ ដើម្បីឱ្យទាក់ទងស្រ្តីខ្មែររៀបការជាមួយខ្លួន៕