ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ​អំពាវនាវ​ជា​ថ្មី​ឲ្យ​កម្ពុជា​លុប​ចោល​ទោស​ឧក្រិដ្ឋ​សម្រាប់​ស្ត្រី​ព​ពោះ​ជំនួស


រូបឯកសារ៖ ស្រ្តីជនជាតិអូស្ត្រាលី Tammy Davis-Charles ដែលត្រូវបានចោទប្រកាន់ពីបទផ្តល់សេវាកម្មជួញដូរពពោះជំនួសនៅកម្ពុជា ត្រូវបានបញ្ជូនទៅសាលាឧទ្ធរណ៍កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨។
រូបឯកសារ៖ ស្រ្តីជនជាតិអូស្ត្រាលី Tammy Davis-Charles ដែលត្រូវបានចោទប្រកាន់ពីបទផ្តល់សេវាកម្មជួញដូរពពោះជំនួសនៅកម្ពុជា ត្រូវបានបញ្ជូនទៅសាលាឧទ្ធរណ៍កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨។

អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​ប្រទេស​កម្ពុជា​លុបចោល​ការ​សម្រេច​របស់​ខ្លួន​ដែល​ចាត់​ទុក​ការ​ព​ពោះ​ជំនួស​ថា​ជា​បទ​ឧក្រិដ្ឋ និង​បាន​ស្នើ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ធានា​ថា សំណើ​ច្បាប់​នោះ​នឹង​មិន​ដាក់​ទោស​ឧក្រិដ្ឋ​ចំពោះ​ស្ត្រី​ដែល​ព​ពោះ​ជំនួស​គេ​នោះ​ទេ។

នៅ​ក្នុង​ការ​សង្កេត​ចុង​ក្រោយ​របស់​ខ្លួន​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ការ​លុប​បំបាត់​ការ​រើសអើង​ស្ត្រី​ហៅ​កាត់​ថា CEDAW បាន​ប្រឆាំង​ទៅ​នឹង​ការ​យាយី និង​ការ​រើសអើង​ស្ត្រី​ដែល​នៅតែ​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ក្ដី​បារម្ភ​មួយ​ក្នុង​ចំណោម​ក្ដី​បារម្ភ​នានា​ដែល​របាយការណ៍​របស់​គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ​នេះ​បាន​លើក​ឡើង​គឺ​ការណ៍​ដែល​ប្រទេស​កម្ពុជា​ចាត់​ទុក​ការ​ព​ពោះ​ជំនួស​ថា​ជា​ទោស​ឧក្រិដ្ឋ។ ការ​ព​ពោះ​ជំនួស​កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​មក បាន​បង្ក​ឲ្យ​មាន​ការ​រិះគន់​ពី​អន្តរជាតិ ដោយ​កុមារ​ត្រូវ​បាន​លក់​ឲ្យ​ឪពុក​ម្ដាយ​បរទេស។ ស្ត្រី​ដែល​ព​ពោះ​ជំនួស​ជា​រឿយៗ​គឺ​ជា​ជន​រងគ្រោះ​នៃ​ការ​កេង​ប្រវ័ញ្ច។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​តាមដាន​ស្ថានការណ៍​នានា។

តាំង​ពី​ការ​ព​ពោះ​ជំនួស​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ខុស​ច្បាប់​កាល​ពី​ខែ​តុលា ឆ្នាំ ២០១៦ គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ការ​លុប​បំបាត់​ការ​រើសអើង​ស្ត្រី បាន​បញ្ជាក់​ថា ស្ត្រី​ព​ពោះ​ជំនួស​គេ​ជាង ៦០ នាក់ ត្រូវ​បាន​ចាប់​ខ្លួន និង​អាច​ប្រឈម​នឹង​នីតិវិធី​ព្រហ្មទណ្ឌ។

ស្ត្រី​ទាំង​នេះ​ត្រូវ​បាន​ដោះលែង​នៅ​ក្រោម​លក្ខខណ្ឌ​ដែល​តម្រូវ​ឲ្យ​ស្ត្រី​ទាំង​នោះ​ចិញ្ចឹម​កូន​ដែល​កើត​មក​រហូត​ដល់​អាយុ ១៨ ឆ្នាំ។

របាយការណ៍​នេះ​បាន​សរសេរ​ដូច្នេះ​ថា៖

«គណៈកម្មាធិការ [អង្គការ​សហប្រជាជាតិ] មាន​ការ​ព្រួយ​បារម្ភ​ជា​ពិសេស​ថា កាតព្វកិច្ច​ដូច​នេះ​បង្កើត​ឲ្យ​មាន​បន្ទុក​ផ្នែក​ហិរញ្ញវត្ថុ និង​ផ្នែក​ផ្លូវ​ចិត្ត​បន្ថែម​ទៀត​លើ​ស្ត្រី​ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានការណ៍​យ៉ាប់យ៉ឺន ដែល​បណ្ដាល​ឲ្យ​ពួកគេ​ព​ពោះ​ជំនួស​គេ‍។ ហើយ​ពួកគេ​ប្រឈម​នឹង​ការ​រើសអើង និង​ការ​មាក់ងាយ​ពី​ក្រុម​គ្រួសារ និង​សហគមន៍​ដែល​ពួកគេ​រស់នៅ ដោយសារតែ​ធ្វើ​ជា​ស្ត្រី​ព​ពោះ​ជំនួស​គេ​នេះ‍»។

អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​លុបចោល​ការ​សម្រេច​របស់​ខ្លួន​កាល​ពី​ខែ​តុលា ឆ្នាំ ២០១៦ និង​បញ្ចប់​នូវ​ការ​អនុវត្ត​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ដោះលែង​ស្ត្រី ប្រសិនបើ​ស្ត្រី​ទាំង​នោះ​ចិញ្ចឹម​កូន​ដែល​កើត​មក​ពី​ការ​ព​ពោះ​ជំនួស​នេះ​ជា​កូន​របស់​ខ្លួន។

ប៉ុន្តែ​លោកស្រី ជូរ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​បាន​អះអាង​ថា សហគមន៍​អន្តរជាតិ​ជួនកាល​មិន​យល់​អំពី​បរិបទ​ក្នុង​ប្រទេស​នោះ​ទេ។ លោកស្រី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖

«ពេល​ខ្លះ អ្នកនៅ​ក្រៅ​ប្រទេសមិន​យល់​ពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ ហើយ​ប្រហែល​ជា​មិន​យល់​អំពី​បទឧក្រិដ្ឋ​ ​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​បទឧក្រិដ្ឋ​កើតឡើង​ និង​ផលប៉ះពាល់​មក​លើ​ប្រជាពលរដ្ឋ​របស់​យើង​នោះ​ទេ‍។ ពេល​ខ្លះ ពួកគេ​ផ្ដោត​តែ​លើ​សិទ្ធិ​របស់​ស្ត្រី ប៉ុន្តែ​ពួកគេ​មិន​ផ្ដោត​ទៅ​លើ​សិទ្ធិ​របស់​កុមារ​នោះ​ទេ‍»។

​លោកស្រី​មាន​ប្រសាសន៍​ថា ស្ដ្រី​ពពោះ​ជំនួស​គេ​ទាំងអស់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​វិញ​ហើយ ប៉ុន្តែ​ពួកគេ​នៅ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ​ដោយ​មិន​មាន​កាល​កំណត់​។

លោកស្រី ប៊ុនអេង បាន​មាន​ប្រសាសន៍​ថា សេចក្ដីព្រាងច្បាប់​នេះ​នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា​ជាមួយ​នឹង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅ​ដើម​ឆ្នាំ​២០២០។ ក្រៅ​ពី​ដាក់​ឲ្យ​ការ​ព​ពោះ​ជំនួស​ ជា​រឿង​ខុស​ច្បាប់​កាល​ពី​ឆ្នាំ​២០១៦ រដ្ឋាភិបាល​ក៏​បាន​ធ្វើ​សេចក្ដីព្រាងច្បាប់​មួយ​ដើម្បី​ដាក់​កំណត់​ពី​ការ​ដាក់​ពិន័យ​និង​បង្កើត​បទបញ្ញត្តិ​នៅ​ក្នុង​ឯកសារ​ច្បាប់​ដាច់​ដោយ​ឡែក​មួយ​ផង​ដែរ។ ​

គណៈកម្មាធិការ CEDAW បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​ធានា​ថា ច្បាប់​ថ្មី​នេះ​នឹង​«មិន​ដាក់​ទោស​ឧក្រិដ្ឋ​ឬ​ការ​ពិន័យ​ផ្នែក​រដ្ឋបាល​ណា​មួយ​ទៅ​លើ​ស្ត្រី​ដែល​ពពោះ​ជំនួស​នោះ​ទេ។ បន្ថែម​ពី​លើ​នេះ​ទៀត ច្បាប់​គួរ​តែ​«យក​ចិត្ត​ទុកដាក់​ទៅ​លើ​វិសមភាព​នៃ​ទំនាក់ទំនង​រវាង​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​នៅ​ក្នុង​ការ​ពពោះ​ជំនួស​នេះ‍»។

លោកស្រី ចក់ សុភាព នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ពន្យល់​ថា ស្ត្រី​ជាច្រើន​ត្រូវ​បាន​បង្ខំ​ឲ្យ​ព​ពោះ​ជំនួស​គេ។

អ្នកស្រី ចក់ សុភាព បាន​សរសេរ​នៅ​ក្នុង​អ៊ីមែល​មួយ​ផ្ញើ​មក​កាន់​ VOA ​ថា៖

«ស្ត្រី​ដែល​ពពោះ​ជំនួស​នៅ​ក្នុង​ប្រទេស​កម្ពុជា ភាគច្រើន​ជួប​នឹង​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច​និង​នយោបាយ ដែល​ធ្វើ​ឲ្យ​ពួកគេ​សម្រេច​ចិត្ត​ពពោះ​ជំនួស‍‍។ យើង​បាន​ឃើញ​រយៈពេល​មួយ​ឆ្នាំ​មក​នេះ ស្ត្រី​ដែល​ពពោះ​ជំនួស​ត្រូវ​បាន​ប៉ូលិស​វាយឆ្មក់​ចាប់​ខ្លួន ចោទប្រកាន់​ពី​បទ​ជួញដូរ​មនុស្ស និង​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​គ្មាន​តម្លាភាព​ពី​អាជ្ញាធរ មិន​មាន​ការ​គិតគូរ​ពី​សុខុមាលភាព​របស់​ពួកគេ ឬ​ទារក​ដែល​ពួកគេ​បង្កើត​នោះ​ទេ‍»។ ​

លោកស្រី រស់ សុភាព នាយិកា​នៃ​អង្គការ​យេនឌ័រ​និងអភិវឌ្ឍន៍​សម្រាប់​កម្ពុជា បាន​លើកឡើង​ពី​ការ​ព្រួយបារម្ភ​ស្រដៀង​គ្នា​នេះ។ លោកស្រី​បាន​ថ្លែង​ថា ថ្វីត្បិត​តែ​យើង​មាន​ការ​ព្រួយ​បារម្ភ​អំពី​សីលធម៌​និង​វប្បធម៌​ក៏​ពិតមែន ក៏​ប៉ុន្តែស្ត្រី​ដែល​ពពោះ​ជំនួស​មិន​គួរ​ត្រូវ​ជាប់​ពន្ធនាគារ​នោះ​ទេ។

លោកស្រី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖

«សម្រាប់​ខ្ញុំ ស្ត្រី​ទាំង​អស់​នោះ​មិន​មែន​ជា​ឧក្រិដ្ឋជន​នោះ​ទេ។ ពួកគេ​គ្រាន់​តែ​ជា​ជន​រងគ្រោះ​ប៉ុណ្ណោះ‍»។

លោកស្រី​ រស់ សុភាព ​បាន​និយាយ​ទៀត​ថា ជាជាង​បង្ខំ​ស្ត្រី​ដែល​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច​រួច​ទៅ​ហើយ​ឲ្យ​ចិញ្ចឹម​បីបាច់​កូន​នោះ រដ្ឋាភិបាល​គួរ​តែ​ធានា​ដល់​សុខុមាលភាព​របស់​កុមារ។

លោកស្រី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖

«ស្ត្រី​ពពោះ​ជំនួស​ទាំង​នោះ​មិន​មាន​លទ្ធភាព​ដើម្បី​ចិញ្ចឹម​កូនៗ​ទាំង​នោះ​ទេ។ រដ្ឋាភិបាល​គួរ​តែ​មាន​យុទ្ធសាស្ត្រ​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ‍»។ ​

ក៏​ប៉ុន្តែ​លោកស្រី ប៊ុនអេង បាន​ថ្លែង​ថា ចាប់​តាំង​ពី​ការ​ចាត់​ទុក​ការ​ពពោះ​ជំនួស​ជា​រឿង​ខុស​ច្បាប់​មក ស្ត្រី​ទាំងឡាយ​ដឹងយ៉ាង​ច្បាស់​ថា ពួកគេ​កំពុង​តែ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ ហើយ​ពួកគេ​ត្រូវ​តែ​ទទួល​ខុសត្រូវ​ចំពោះ​រឿង​នេះ៕

ប្រែ​សម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា និង​លោក ភី សុភាដា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG