ក្រុមអ្នកការពារសិទ្ធិស្ត្រីបាននិយាយ កាលពីថ្ងៃសុក្រ ថា សេចក្តីព្រាងច្បាប់ថ្មីដែលកំពុងធ្វើនៅប្រទេសកម្ពុជាស្ដីពីការស៊ីឈ្នួលពពោះជំនួសនោះ មិនគួរចែងឲ្យមានការផ្តន្ទាទោសស្រ្តីពពោះឱ្យគេនោះទេ បន្ទាប់ពីស្ត្រី ១១ នាក់ដែលត្រូវបានឃុំឃាំងដោយសារយល់ព្រមស៊ីឈ្នួលពរពោះឲ្យគេ ត្រូវបានដោះលែងពីពន្ធនាគារ។
ប្រទេសកម្ពុជាមានការកើនឡើងនៃការស៊ីឈ្នួលពពោះជំនួស បន្ទាប់ពីសកម្មភាពបែបនេះត្រូវហាមឃាត់នៅក្នុងប្រទេសថៃ នៅឆ្នាំ ២០១៥ ហើយប្រទេសកម្ពុជាចាប់តាំងពីពេលនោះមក បានប្រឹងប្រែងធ្វើសេចក្តីព្រាងច្បាប់ដើម្បីលុបបំបាត់ការស៊ីឈ្នួលពពោះជំនួស។
អ្នកស្រីចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជាថ្លែងថា ទន្ទឹមនឹងនេះអ្នកស៊ីឈ្នួលពពោះជំនួសត្រូវបានចោទប្រកាន់ក្រោមច្បាប់ជួញដូរមនុស្សហើយប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ២០ ឆ្នាំ។
អ្នកស្រីបានប្រាប់ទីភ្នាក់ងារព័ត៌មានReuters ថា៖ «ប្រសិទ្ធភាពច្បាប់នេះគួរតែផ្តោតលើជនល្មើស និងភ្នាក់ងារនៃជំនួញពពោះជំនួសដែលភាគច្រើនជាបុរស មិនមែនជាស្ត្រីដែលស៊ីឈ្នួលពរពោះនោះទេ។ ស្ថានភាពដែលបង្ខំ ឬជំរុញឲ្យស្ត្រីទាំងនេះក្លាយខ្លួនជាអ្នកស៊ីឈ្នួលពពោះជំនួសនោះ គឺភាពក្រីក្រ»។
ស្ត្រីស៊ី ឈ្នួលពរ ពោះជំនួសគេ បាន ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ពួកគេត្រូវបានគេផ្តល់ប្រាក់ចំនួន ១ ម៉ឺនដុល្លារជាឈ្នួលសម្រាប់ការពរពោះជំនួស។ ថ្លៃឈ្នួលនេះមានកម្រិត ៦ ដង ខ្ពស់ជាងប្រាក់ខែទូទៅប្រចាំឆ្នាំជាមធ្យម នៅក្នុងប្រទេសនេះ ដែលប្រជាជនមួយភាគបីរស់នៅលើបន្ទាត់ភាពក្រីក្រ។
ក្រុមអ្នកជំនាញផ្នែកសិទ្ធិស្ត្រីបាននិយាយថា វិបត្តិក្នុងគ្រួសារជារឿយៗនាំឲ្យគ្រួសារជាប់បំណុលគេច្រើនហួសប្រមាណ ដែលអាចបណ្ដាលឱ្យស្ត្រីវ័យក្មេងត្រូវបង្ខំចិត្តស៊ីឈ្នួលពពោះឲ្យគេ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបង្វែសំណួរអំពីការធ្វើសេចក្តីព្រាងច្បាប់នេះទៅក្រសួងកិច្ចការនារី ដែលមិនអាចទាក់ទងបាន។ លោកស្រីរស់ សុភាព នាយិកាអង្គការយេនឌ័រនិងអភិវឌ្ឍន៍បាន លើកឡើងថា ការពពោះជំនួសគួរតែត្រូវបានហាមឃាត់នៅកម្ពុជាយ៉ាងហោចណាស់នៅពេលនេះ ពីព្រោះមិនទាន់អាចធានាបាននូវសុវត្ថិភាព៕