នាពេលថ្មីៗនេះ បុគ្គលិកអង្គការសង្គមស៊ីវិល និងសកម្មជនគណបក្សប្រឆាំងយ៉ាងហោចណាស់១០នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីអាជ្ញាធរសង្ស័យថា ពួកគេប្រុងធ្វើសកម្មភាពកៀរគរកម្លាំងមហាជនឱ្យធ្វើបាតុកម្មជំទាស់នឹងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជាឡាវ វៀតណាម CLV-DTA ដែលកំពុងគ្របដណ្តប់នយោបាយកម្ពុជាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
អ្នកត្រូវបានចាប់ខ្លួនចុងក្រោយនេះ រួមមាន កញ្ញា កាត់ ស៊ីណាត កញ្ញា នឿន ស្រីណែត កញ្ញា រៀម ស្រីពេជ្ររតនា កញ្ញា សើន ស្រីម៉ៃ លោក ធី ថន និងអ្នកស្រី សាក់ កន្និការ ដែលជាបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល និងមានសកម្មជននយោបាយបីរូបទៀត គឺលោក ឡោ ធន និងលោក ស៊ុន ពិសិដ្ឋ ដែលជាបេក្ខជនក្រុមប្រឹក្សាខេត្តប៉ៃលិនមកពីគណបក្សឆន្ទៈខ្មែរ និងលោក មាស កុល ជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្រោយការចាប់ខ្លួន ពួកគេត្រូវបានចោទពី«រួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ នេះបើតាមមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីគណបក្សជំទាស់។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា នៅក្នុងខែសីហានេះ ប្រជាពលរដ្ឋយ៉ាងហោចណាស់៦០នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន និងសាកសួរពាក់ព័ន្ធគម្រោង កម្ពុជាឡាវ វៀតណាម CLV ដោយពលរដ្ឋខ្លះ ត្រូវបានដោះលែង ហើយពលរដ្ឋខ្លះត្រូវបានបញ្ជូនទៅឃុំខ្លួន នៅតាមពន្ធនាគារ តាមបណ្តារាជធានី-ខេត្ត។
លោកបន្ថែមថា ក្នុងចំណោមមនុស្ស៦០នាក់នោះ គឺមានបុគ្គលិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរចំនួន៥នាក់ និងបុគ្គលិកនៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន(YRDP)ម្នាក់ ត្រូវបានចោទប្រកាន់ពីបទ«រួមគំនិតក្បត់ និងញុះញង់» និងឃុំខ្លួននៅពន្ធនាគារ។
លោកថ្លែងថា៖ «ជាការកត់សម្គាល់យើងឃើញថា មានបុគ្គលិកអង្គការសង្គមស៊ីវិលដូចជាយុវជនដែលជាបុគ្គលិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរចំនួន៥នាក់ ដែលត្រូវបានធ្វើការចាប់ខ្លួនកាលពីថ្ងៃទី១៨ និង១៩[ខែសីហា] ហើយត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ និងបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងឃុំខ្លួនបណ្តោះអាសន្ននៅម១ និងម២ បានន័យថា មណ្ឌលអប់រំកែប្រែទី១ និងទី២ នៅព្រៃស»។
លោក គង់ មុនីកា ដែលជាអគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ និងជាសមាជិកព្រឹទ្ធសភាមួយរូប ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា៖«រហូតមកដល់ពេលនេះ យើងបានទទួលដំណឹងថា អាជ្ញាធរបានចោទប្រកាន់ពួកគាត់ថា បានចូលរួមប្រមែប្រមូលកម្លាំងដើម្បីឡើងមករាជធានីភ្នំពេញជាដើម ហើយដែលទាំងនោះ គឺពួកគាត់បានធ្វើការបដិសេធថា ពួកគាត់មិនបានប្រព្រឹត្តយ៉ាងដូច្នោះទេ»។
បើតាមលោក គង់ មុនីកា សកម្មជនគណបក្សភ្លើងទៀននៅខេត្តសៀមរាបម្នាក់ទៀត គឺលោក នង ធារ៉ា ចៅសង្កាត់រងទី២ នៃសង្កាត់សាលាកំរើក ក្រុងសៀមរាប ក៏ត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីថ្ងៃទី២១ ខែសីហា ប៉ុន្តែលោកមិនទាន់ដឹងមូលហេតុនៃការចាប់ខ្លួននោះនៅឡើយទេ។
សមាជិកព្រឹទ្ធសភារូបនេះសម្តែងការព្រួយបារម្ភអំពីលម្ហសេរីភាពនយោបាយ ដោយលើកឡើងថា បើសិនជាស្ថានភាពចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងចេះតែបន្តបែបនេះ នោះលម្ហសេរីភាពនយោបាយកាន់តែតូចចង្អៀតសម្រាប់គណបក្សប្រឆាំង។
«តំបន់ត្រីកោណអភិវឌ្ឍន៍ CLV» នេះបានក្លាយជាប្រធានបទដ៏ចម្រូសចម្រាសក្នុងមួយរយៈពេលចុងក្រោយនេះ ខណៈមានការបំផុសបំផុលពីក្រុមអ្នកនយោបាយជំទាស់នៅបរទេសឱ្យពលរដ្ឋក្រោកឈរធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលដកខ្លួនចេញពីគម្រោងមួយនេះ ដោយពួកគេលើកពីក្តីបារម្ភថា ខ្លាចបាត់បង់ទឹកដីភាគឦសានរបស់កម្ពុជាទៅកាន់វៀតណាម ដូចការបាត់បង់ទឹកដីកម្ពុជាក្រោម។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានអះអាងថា គម្រោងនេះជាកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍ ហើយអធិបតេយ្យភាពរបស់ប្រទេសទាំងបីមិនមានការបាត់បង់ឡើយ។
ក្នុងសំណុំរឿងបាតុកម្មប្រឆាំងនឹងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជាឡាវ វៀតណាម CLV-DTA CLV នេះ យុវត្តីម្នាក់ទៀតគឺកញ្ញា ឡាច ធីណា ដែលជាបុគ្គលិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរក៏ត្រូវបានអាជ្ញាធរចាប់ខ្លួន តែត្រូវដោះលែងវិញ បន្ទាប់ពីបានធ្វើវីដេអូសុំទោស ជាថ្នូរនឹងការដោះលែង។ ក្រៅពីយុវត្តីរូបនេះ យុវជនមួយចំនួនទៀត ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន និងចោទថា មានពាក់ព័ន្ធគម្រោងបាតុកម្មប្រឆាំង គម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជាឡាវ វៀតណាម CLV-DTA CLV នោះ គឺត្រូវបានដោះលែងវិញ បន្ទាប់ពួកគេធ្វើលិខិតជាលាយលក្ខណ៍អក្សរបញ្ឈប់រាល់សកម្មភាពនានាដែលជាការរិះគន់ទៅលើរដ្ឋាភិបាលនៅលើបណ្តាញសង្គមហ្វេសប៊ុក និងជំនួសមកវិញដោយការគាំទ្រ។
អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះយ៉ាងខ្លីថា បុគ្គលិកអង្គការសង្គមស៊ីវិលទាំង៦នាក់នោះកំពុងជាប់ឃុំនៅពន្ធាគារព្រៃស តាមដីកាឃុំខ្លួន ដែលចេញដោយតុលាការ។
លោកបញ្ជាក់ថា៖«បាទហ្នឹងហើយ អាជ្ញាធរបញ្ជូនទៅតុលាការហើយ។ តុលាការបានសម្រេចចេញដីកាឃុំ ហើយបញ្ជូនទៅគោលដៅអស់ហើយ»។
ពាក់ព័ន្ធនឹងការចាប់ខ្លួនសកម្មជននយោបាយបក្សជំទាស់ លោក សេង សុគន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បដិសេធមិនផ្តល់ការអត្ថាធិប្បាយជុំវិញការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងទាំង៣នាក់នោះ ដោយលោកគ្រាន់តែផ្តល់ការពន្យល់ថា សមត្ថកិច្ចអនុវត្តកិច្ចការរបស់ខ្លួនទៅតាមផ្លូវច្បាប់។
ដោយឡែកក្នុងករណីចាប់ខ្លួនលោក នង ធារ៉ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោក ហួត សុធី ប្រាប់វីអូអេថា លោក នង ធារ៉ា ដែលជាចៅសង្កាត់រងទីពីរនៃសង្កាត់សាលាកំរើក ក្រុងសៀមរាបពិតជាត្រូវបានចាប់ខ្លួន និងបញ្ជូនទៅតុលាការ។ ប៉ុន្តែលោកថា ករណីនេះមិនពាក់ព័ន្ធរឿង គម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជាឡាវ វៀតណាម CLV-DTA នោះទេគឺពាក់ព័ន្ធនឹងបណ្តឹងព្រហ្មទណ្ឌគំរាមកំហែង។
«គម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជាឡាវ វៀតណាម CLV-DTA នេះត្រូវបានផ្តួចផ្តើមឡើងក្នុងឆ្នាំ១៩៩៩ ដោយប្រទេសកម្ពុជា ឡាវ និងវៀតណាម បានឯកភាពគ្នាដាក់ខេត្តចំនួន១៣រួមគ្នាដើម្បីអភិវឌ្ឍន៍ ដោយក្នុងនោះកម្ពុជាដាក់ខេត្តចំនួនបួននៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នេះ ដែលរួមមានរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង។
កាលពីពេលថ្មីៗ ប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសកូរ៉េខាងត្បូង ប្រទេសជប៉ុន និងអូស្ត្រាលីជាដើម បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មទាមទារតវ៉ាឱ្យរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជាឡាវ វៀតណាម CLV-DTA នេះ ដោយពួកគេបារម្ភខ្លាចបាត់បង់ខេត្តភាគឦសានរបស់កម្ពុជា ទៅប្រទេសវៀតណាម។
រហូតមកដល់ពេលនេះ គេមិនឃើញមានសកម្មភាពប្រមូលផ្តុំ ឬបាតុកម្មប្រឆាំងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជាឡាវ វៀតណាម CLV-DTA កើតឡើងក្នុងប្រទេសកម្ពុជាឡើយ បន្ទាប់ពីអាជ្ញាធរបង្ក្រាប និងចាប់ខ្លួនមនុស្សជាបន្តបន្ទាប់នោះ៕