សមត្ថកិច្ចចាប់ខ្លួនឧត្តមសេនីយ៍ទោប៉ូលិសម្នាក់រឿងឆបោកប្រាក់ជាង៥ម៉ឺនដុល្លារ

រូបឯកសារ៖ ប៉ូលិសយាមល្បាតនៅមុខសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។

សមត្ថកិច្ច​នៅ​ទីក្រុង​ភ្នំពេញបាន​ចាប់​ខ្លួន​ ឧត្តមសេនីយ៍ទោម្នាក់​ដែល​បំពេញ​ការងារនៅអគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ពាក់ព័ន្ធ​នឹង​ការ​សង្ស័យ​ថា​ បាន​ប្រព្រឹត្ត​អំពើឆបោក​ប្រាក់​ពី​ពលរដ្ឋ​ជាង​ ៥ម៉ឺន​ដុល្លារ​អាមេរិក ​យកទៅ​រត់ការ​ចូលក្រប​ខណ្ឌ​នគរបាល​ជាតិ​។ ​នេះបើ​តាម​អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​។

មុន​ពេល​ចាប់​ខ្លួន​កាល​ពី​ដើម​សប្តាហ៍នេះ​ ឧត្តម​សេនីយ៍​ទោ លោក អេង សាវឿន មានតួនាទី​ជា​អនុ​ប្រធាន​នាយកដ្ឋាន​ទទួលបន្ទុក​ការិយា​ល័យ​បច្ចេក​ទេស​ និង​បង្ការ​អគ្គិភ័យ ​នៅអគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​។ ​

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក​ ទូច សុខៈ ប្រាប់វីអូអេ​នៅថ្ងៃពុធ​នេះថា ​សមត្ថកិច្ច​បានចាប់​ខ្លួន លោ​ក អេង សាវឿន ​កាលពី​ថ្ងៃចន្ទ​ ពាក់​ព័ន្ធ​ការ​ឆបោក​លុយ​ពី​ពលរដ្ឋយក​ទៅ​រត់ការ​ចូលក្រប​ខណ្ឌ​នគរបាល​ជាតិ ដែល​ជា​សកម្មភាព​ខុសច្បាប់ ​ខុស​វិន័យ​កងកម្លាំង​ ហើយ​ក៏ខុស​ពី​ក្រម​សីល​ធម៌​មន្ត្រី​រាជការ​ស៊ីវិល​។ លោក​បន្ថែម​ថា​ មន្ត្រីមិន​អាច​យក​តួនាទី​រដ្ឋទៅ​ប្រើដើម្បី​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​បាន​ទេ។

លោកថ្លែង​ថា៖ «មន្ត្រី​ជា​ការពិត​ហើយ ប៉ុន្តែ​ជារឿង​បុគ្គល របស់​ជន​ដែល​ឆ្លៀត​រក​ប្រយោជន៍​ ឬក៏​ជន​ដែល​ហៅថាយក​អង្គភាព យក​តួនាទី​មករក​ប្រយោជន៍​សម្រាប់​ខ្លួនឯង ដែល​ខ្លួនឯង​បាន​ដឹងច្បាស់​ថា​ មិនបាន​លទ្ធផល​ជាវិជ្ជមានទេ​។ ​ហើយ​ដែល​ធ្វើ​ឱ្យ​គេជឿជាក់​ទុកចិត្ត​ ចំពោះ​បង​ប្អូនមួយ​ចំនួន​ដែល​ចង់ចូល​ក្រប​ខណ្ឌនេះ ក្រប​ខណ្ឌ​នោះ​ ដោយពុំ​បាន​ដឹងច្បាស់​ពី​នីតិវីធី និង​ច្បាប់​កំណត់​ដើម្បី​ចូល​ក្រប​ខណ្ឌ​បាន​»។

បើតាម​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​រូបនេះ ​កន្លង​មក​ករណី​រត់​ការ​ចូល​ក្របខណ្ឌ​ក្រសួង​មហាផ្ទៃ​នេះ ​គឺ​ក្រសួងក៏ធ្លាប់​អនុវត្ត​ចំណាត់​ការ​ជាហូរហែ​ទៅ​លើមន្ត្រីទាំង​នោះផងដែរ ដូចជា ការដក​ហូត​តំណែង​ ការ​បណ្តេញ​ចេញ​ពីក្របខណ្ឌ ឬបន្ថយ​ឋានន្តរ​ស័ក្តិ​ ហើយក្រសួងក៏ធ្លាប់​សម្រប​សម្រួល​យក​ប្រាក់​ដែល​រឹបអូសបាន​ពី​សកម្មភាព​ឆបោក​នោះ​ ទៅ​ប្រគល់​ឱ្យពលរដ្ឋ​វិញ​ផង​ដែរ​។ ​

បន្ទាប់​ពីការ​ឃាត់​ខ្លួន​ឧត្តម​សេនីយ៍​ទោ ​លោក ​អេង សាវឿន សារព័ត៌​មាន​ក្នុងស្រុក​មួយចំនួន​បាន​រាយ​ការណ៍​ថា​ ​មន្ត្រី​នគរបាល​ជាន់​ខ្ពស់​រូប​នេះ​ ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានីភ្នំពេញ ​កាលពី​ថ្ងៃទី​ ១៨​ ខែ​មីនា។ វីអូអេ​មិនទាន់​អាច​ទាក់​ទង​សុំការអត្ថាធិប្បាយពី​ក្រុម​គ្រួសាររបស់​លោក អេង សាវឿន ​បាន​នៅ​ឡើយ​ទេ​។

ព្រះ​រាជ​អាជ្ញារង​ និង​ជាអ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ ប៉េង ម៉េងគ័ង​ ប្រាប់​វីអូអេ​នៅថ្ងៃ​ពុធនេះ​ថា​ ​លោក អេង សាវឿន​ ត្រូវបាន​ចៅក្រមស៊ើប​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​សម្រេច​ឃុំខ្លួន​បណ្តោះ​អាសន្ន​នៅពន្ធនាគារ​។ លោក​បដិសេធ​មិន​ផ្តល់​ការ​អត្ថា​ធិប្បាយ​បន្ថែម​ ដោយ​បាន​បង្វែរ​សំណួរ​ទៅ​អ្នកនាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ជំវិញ​។

វីអូអេ​មិនទាន់​សុំការអត្ថាធិប្បាយពី​ក្រុមមន្ត្រី​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក សួស វិទ្យា​រ៉ាន់ឌី និង​លោក អ៊ី រិន្ទ បាន​ទេនៅ​ថ្ងៃ​ពុធ​នេះ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត​ និង​ការ​ស្រាវជ្រាវ​ លោក សេក សុជាតិ​ ប្រាប់​វីអូអេ​នៅថ្ងៃ​ពុធ​នេះ​ថា ​ការ​សូក​ប៉ាន់​លុយ​ដើម្បី​ក្លាយ​ជា​មន្ត្រី​ នៅ​តាម​ក្រសួង​ស្ថាប័ន​រដ្ឋ​នេះ​ គឺ​តែងតែកើត​មាន​។ ​

ជា​រឿយៗ​លោក​ក៏​ឮ​ពលរដ្ឋ​និយាយ​អំពី​បញ្ហា​នេះ​នៅតាម​ទីសាធារណៈផងដែរ។ ​

លោក​បន្ថែម​ថា​ ដើម្បីលុប​បំបាត់​សកម្មភាព​អវិជ្ជមាន​ទាំង​នេះបាន​ ​គឺ​ទាមទារ​ឱ្យ​ក្រសួង​សាមី​ និង​រដ្ឋា​ភិបាល អនុវត្ត​វិធាន​ការ​ច្បាប់ឱ្យបាន​តឹងរ៉ឹង​ ដោយ​កុំអត់​ឱនចំពោះ​មន្ត្រីរូបណា​ដែល​ពាក់ព័ន្ធ​ការ​យក​លុយកាក់​ពីពលរដ្ឋ​ជាថ្នូរ​នឹង​ការ​សម្រួល​ឱ្យ​បាន​ចូល​ធ្វើការ​ក្នុង​ក្រប​ខណ្ឌ​រដ្ឋ​ ហើយ​បើក​ឱ្យ​មាន​ការ​ប្រឡង​ប្រជែង​ដើម្បី​បាន​ចូល​បម្រើ​ការងារ​រដ្ឋ​ដោយ​ឈរ​លើ​សមត្ថភាព​។

លោក​ថ្លែងថា​៖ ​«ដូច្នេះ​អ្វី​ដែល​យើង​គិត​ថា​អាច​ធ្វើ​ទៅ​បាន​ គឺ​ទីមួយ​ខ្ញុំ​គិត​ថា ​គ្រប់​ក្រសួង​ស្ថាប័ន​ទាំង​អស់​ត្រូវ​បង្កើត​គណៈ​កម្មការ​ពិសេស​មួយ​ ដើម្បី​ដឹក​នាំ​ការ​ប្រឡង​ប្រជែង​ ទាំង​កែ​[វិញាសារ​ប្រឡង​] ​ទាំង​អី​ទាំង​អស់​ហ្នឹង​ ដោយ​ពុំ​ចាំ​បាច់​ឱ្យ​ពាក់​ព័ន្ធ​ជាមួយ​ក្រសួង​សាមី​ដែល​គាត់​រើស​បុគ្គលិក​ហ្នឹង​ទេ ​មាន​ន័យ​ថា​ដាក់​ទៅ​ក្រុម​អធិការ​កិច្ច​ពិសេស​ដើម្បី​ចាត់​ចែង​ការ​ប្រឡង​ហ្នឹង​»។

គួរ​បញ្ជាក់ថា​ កាល​ពីខែ​ឧសភា ឆ្នាំ​ ២០២៣​ ក៏​មាន​ករណី​ឆបោក​ស្រដៀង​គ្នា​នេះបាន​កើត​ឡើង​ផង​ដែរ ដោយប្រជា​ពលរដ្ឋ​ចំនួន​១១​គ្រួសារ​រស់នៅ​ឃុំ​សំឡូត ស្រុកសំឡូត ខេត្ត​បាត់ដំបង ​បាន​ដាក់​ពាក្យ​ប្តឹងទៅ​លើមន្ដ្រី​ពន្ធនាគារ​ខេត្ត​បាត់​ដំបង​ម្នាក់ ចំពោះការបោក​លុយ​របស់​ពួកគេជាង​៩​ម៉ឺន​ដុល្លារ​ដើម្បី​រត់​ការ​ចូល​ក្របខណ្ឌមន្ដ្រី​នគរបាល​ជាតិ ​ប៉ុន្តែ​មិន​បាន​សម្រេច​៕