ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួងមហាផ្ទៃថា គ្មានការកែប្រែរឿងដកឧត្តមសេនីយ៍នគរបាលម្នាក់ពាក់ព័ន្ធគ្រឿងញៀន


រូបឯកសារ៖ អាជ្ញាធរ​ចាក់​ថ្នាំញៀន​ចូល​ក្នុង​គំនរ​ដើម្បីដុត​បំផ្លាញ​ចោល​ក្នុង​ទិវា​ប្រយុទ្ធប្រឆាំង​នឹង​ការ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។
រូបឯកសារ៖ អាជ្ញាធរ​ចាក់​ថ្នាំញៀន​ចូល​ក្នុង​គំនរ​ដើម្បីដុត​បំផ្លាញ​ចោល​ក្នុង​ទិវា​ប្រយុទ្ធប្រឆាំង​នឹង​ការ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។

មន្ត្រីនគរបាល​ជាន់​ខ្ពស់​មួយ​រូប​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ ជាប់​ពាក់​ព័ន្ធគ្រឿង​ញៀន​ ហើយ​ត្រូវ​បាន​ដកហូត​បុណ្យ​ស័ក្តិ​ពីថ្នាក់​ឧត្តម​សេនីយ៍​ តាម​ព្រះរាជក្រឹត្យ​ដែល​ចេញ​កាល​ពី​សប្តាហ៍មុន​ មិន​អាចទាម​ទារ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​បាន​ទេ​ ព្រោះ​លទ្ធផល​ពិនិត្យ​រក​សារធាតុ​ញៀន​បាន​បញ្ជាក់​ថា​ មន្ត្រី​នោះមាន​ផ្ទុក​សារធាតុ​ញៀន​។ នេះ​បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​លោក ​ខៀវ សុភ័គ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារនេះ​ថា លោក ​យិន គារ​ បាន​ដាក់​លិខិត​ស្នើ​សុំ​ធ្វើ​តេស្ត​ឡើយ​វិញ បន្ទាប់ពីគណៈកម្មការ​ពិនិត្យ​គ្រឿង​ញៀនប្រចាំនៅ​ក្រសួង​បញ្ចេញ​លទ្ធផល​ ដែល​បញ្ជាក់ថា​គាត់​មាន​ផ្ទុក​សារធាតុ​ញៀន​។​ លោក​បន្ថែម​ថា នៅ​ពេល​នេះ​លោក យិន គារ​ ត្រូវ​បាន​ដក​តំណែងយោង​ទៅ​តាម​ព្រះរាជ​ក្រឹត្យ​ហើយ​។

លោក​បន្ថែម​ថា៖« សារធាតុ​ញៀន​នេះ​វា​មិនមែន​ស្ថិត​នៅ​ក្នុង​ខ្លួន​មនុស្ស​ជា​រៀង​រហូត​ទេ អ្នក​ខ្លះ​ប្រព្រឹត្ត​ម្តង​ទៅ​ក៏​វា​មាន​ទៅ ប៉ុន្មាន​ថ្ងៃ​ក៏​វា​បាត់​ទៅ​វិញ​ វា​មិន​មែន​អ្នក​ញៀន ញៀន​ជាប់​ទេ។ អាហ្នឹង​វា​ជា​សំណាង​គាត់​មិន​ល្អ​ដែល​គាត់​មើល​ទៅ​គាត់​មាន​គ្រឿង​ញៀន​ហ្នឹង​ទៅ»។

កាលពីថ្ងៃទី​ ១៣ ខែមីនា​ ព្រះមហាក្សត្រ​បាន​ចេញព្រះរាជក្រឹត្យ​បន្ថយ​ឋានន្តរស័ក្តិអតីត​ឧត្តម​សេនីយ៍​ឯក ​យិន គារ​ ដែល​កាន់​តួនាទីជា​អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍មក​នៅ​ត្រឹម​ពល​បាល​ត្រី​ ក្រោយ​លោក​ត្រូវ​បាន​គណៈកម្មការ​ពិនិត្យ​សារធាតុ​ញៀន​នៅ​ក្រសួងមហា​ផ្ទៃ​រក​ឃើញ​ថា​មាន​ផ្ទុក​សារធាតុញៀន​។

មុនពេល​មានការ​ចេញព្រះរាជក្រឹត្យ​ លោក យិន គារ បាន​ចេញ​លិខិត​ចុះថ្ងៃ​ទី ១១ ខែ​មីនា​នេះ ស្នើ​សុំ​ធ្វើ​តេស្ត​សា​ជា​ថ្មី ហើយ​បាន​អះអាង​ថា លោក​មិនធា្លប់​ស្គាល់​ ឬបាន​ប្រើប្រាស់​គ្រឿង​ញៀន​កន្លង​មក​ទេ​។ លោក​ថា ការ​ពិនិត្យ​រកសារធាតុ​ញៀន​នាពេល​ថ្មីៗ​នេះ​ ធ្វើ​ឡើង​ក្នុងពេល​លោកមាន​ភាព​មមា​ញឹក​នឹង​ការងារ​ ហើយ​មិន​បានបិទ​លេខ​កូដ​លើ​សំណាក​ទឹកមូត​របស់​លោកដោយ​ខ្លួន​លោក​ទេ​ដែល​អាច​បង្ក​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​។

គួរ​បញ្ជាក់​ថា​ គិត​ត្រឹម​ពាក់​កណ្តាល​ខែ​មីនា​នេះ ក្រសួង​មហាផ្ទៃ​បាន​បណ្តេញ​មន្ត្រី​នគរ​បាល​ប្រមាណ​ ១០០ ​នាក់​ ចេញ​ពី​ក្រប​ខណ្ឌ​ ក្រោយ​រក​ឃើញ​ថា​ ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​សារធាតុ​ញៀន។ ដំណាល​ពេល​មាន​ការ​បន្ថយ​ឋានន្តរស័ក្តិ​លោក ​យិន​ គារ​ និង​ឧត្តមសេនីយ៍​បូលិស​ផ្កាយ ២ ​មួយ​រូប​ទៀត​ ក៏បាន​ហូតស័ក្តិពីស្មា ដោយសារ​មិនគោរព​បទ​វិន័យ​របស់​ប៉ូលិស​។ នេះបើតាម​សេចក្តី​រាយការណ៍​របស់​អង្គភាព​ព័ត៌មាន​ក្នុងស្រុក៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG