ប្រជាពលរដ្ឋអូទ្រីសបានទៅការិយាល័យបោះឆ្នោតនៅថ្ងៃអាទិត្យនេះនៅក្នុងការបោះឆ្នោតសារជាថ្មីដោយគេបានមើលឃើញថា បេក្ខជននាំមុខគឺលោក Norbert Hofer ត្រូវបានពលរដ្ឋជ្រើសរើសធ្វើឲ្យជាប្រធានាធិបតីស្តាំនិយមបំផុតលើកទីមួយរបស់ប្រទេសអូទ្រីស ចាប់តាំងពីសង្គ្រាមលោកលើកទី២ មក។
ពួកអ្នកបោះឆ្នោតមានអារម្មណ៍ខឹងសម្បាជាមួយរដ្ឋាភិបាលហើយនឹងខឹងសម្បាលើបញ្ហានានាដូចជាជនអន្តោប្រវេសន៍ បន្ទុកហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរបស់ជនភៀសខ្លួន និងជនចំណាកស្រុកដែលកំពុងប្រមូលអត្ថប្រយោជន៍ពីប្រព័ន្ធសុខុមាលភាពរបស់អូទ្រីស ក៏ដូចជាការវាយប្រហារភេរវកម្មជាបន្តបន្ទាប់នៅអឺរ៉ុបកាលពីឆ្នាំទៅ បន្ទាប់ពីការចាប់ផ្តើមវិបត្តិជនចំណាកស្រុក។
ការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ជាការបោះឆ្នោតជុំទី២ បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតជុំទីមួយ កាលពីខែមិថុនា បានត្រូវចាត់ទុកជាមោឃៈដែលបណ្តាលមកពីភាពមិនប្រក្រតី។
ពួកអ្នកវិភាគនិយាយថា ការប្រកួតប្រជែងការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ រវាងលោក Hofer បេក្ខជនស្តាំនិយមនៃគណបក្សសេរីភាពដែលប្រឆាំងនឹងឥស្លាម ហើយនិងគូប្រកួតប្រជែង គឺលោក Alexander Van Der Bellen ដែលជាសមាជិកគណបក្ស Green Party នោះ គឺជាការបោះឆ្នោតមានការប្រកៀកគ្នាបំផុតនៅក្នុងរយៈពេលប៉ុន្មានម៉ោងមុនពេលករិយាល័យបោះឆ្នោតបើកនៅថ្ងៃអាទិត្យនេះ ដោយមានការិយាល័យខ្លះបង្ហាញថា លោក Hofer ដែលជាអតីតវិស្វករខាងយន្តហោះបាននាំមុខបន្តិច។
យុទ្ធនាការនៃការឃោសនាបោះឆ្នោតនេះមានរយៈពេលយូរ និងពោរពេញទៅដោយការខឹងសម្បា។
ពួកអ្នកវិភាគនិយាយថា ពេលនេះលោក Hofer បានទទួលអត្ថប្រយោជន៍ពីមនោសញ្ចេតនាប្រឆាំងជនអន្តោប្រវេសន៍នៅទូទាំងសហរដ្ឋ និងអឺរ៉ុប ដែលមួយផ្នែកក៏ដោយសារការសម្រេចចិត្តរបស់ចក្រភពអង់គ្លេសដែលបានចាកចេញពីសហភាពអឺរ៉ុបហើយនិងជ័យជម្នះរបស់លោក ដូណាល់ ត្រាំ នៅក្នុងសហរដ្ឋអាមេរិក៕