អូទ្រីស​បណ្តេញ​អ្នក​ការទូត​រស្ស៊ី​៤​នាក់​ចេញ​ពី​ទឹកដី​របស់​ខ្លួន

  • Reuters

រូបឯកសារ៖ លោកAlexander Schallenberg ដែល​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រីការ​បរទេស​អូទ្រីស ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ក្នុង​រដ្ឋធានី​វីយែន ប្រទេស​អូទ្រីស​កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១។

ប្រទេស​អូទ្រីស​បាន​បណ្តេញ​អ្នក​ការទូត​រុស្ស៊ី​ចំនួន​៤នាក់​ចេញពី​ប្រទេស​របស់​ខ្លួន​ចំពោះ​អាកប្បកិរិយា​មិន​សម​នឹង​ឋានៈ​ការទូតរបស់​ពួកគេ។ នេះ​បើតាម​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អូទ្រីស​ដែល​បាននិយាយ​នៅ​ថ្ងៃ​ព្រហ្បតិ៍​នេះ ហើយ​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​សហភាព​អឺរ៉ុប ក៏​បាន​ចាត់​វិធានការប្រហាក់​ប្រែហែល​គ្នា​នេះ​ផង​ដែរ។ នេះ​បើតាមការ​ចេញ​ផ្សាយរបស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

មិន​ដូច​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​សហភាព​អឺរ៉ុប​ដែល​រួម​មាន​ប្រទេស​បារាំង អ៊ីតាលី​និង​អាល្លឺម៉ង់​នោះ ស្ត្រី​អ្នក​នាំពាក្យ​របស់​រដ្ឋមន្ត្រីការ​បរទេស​អូទ្រីស​លោកAlexander Schallenberg មិន​បាន​និយាយ​ថា ចំណាត់​ការ​នេះ ពីព្រោះតែ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​នោះ។ លោក​ស្រី​និយាយ​ថា អ្នកការ​ទូត​រុស្ស៊ី៣នាក់​ដែល​កំពុង​ធ្វើការ​នៅ​ស្ថានទូត​រុស៊្សីក្នុង​រដ្ឋធានី​វីយែន​និង​ម្នាក់​ទៀត​កំពុង​ធ្វើការ​នៅ​ក្នុង​ទីក្រុង Salzburg ប្រទេស​អូទ្រីស​នោះ​ត្រូវតែ​ចាកចេញ​ពី​ប្រទេស​អូទ្រីស​នៅត្រឹម​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ។

ស្រ្តី​អ្នក​នាំពាក្យក្រសួង​ការបរទេស​អូទ្រីស​រូបនេះ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ខ្លី​មួយ​ដោយ​មិន​បរិយាយ​លម្អិត​ថា៖ «អ្នក​ការទូត​រុស្ស៊ី​ទាំង​៤​នាក់​នេះ​ បាន​ធ្វើ​សកម្មភាព​មិន​ស្រប​ទៅ​តាម​ឋានៈ​របស់​ខ្លួនជា​អ្នកការទូត»។ ពាក្យ​សម្តីបែប​នេះ​ដែល​ជា​ទូទៅ​ត្រូវ​បានគេ​ប្រើ​ដោយ​យោង​ទៅ​លើសកម្មភាព​ធ្វើ​ចារកម្មរបស់​ក្រុម​អ្នកការទូត​បរទេស។

ប្រទេស​ស៊ុយអ៊ែត ដាណឺម៉ាក ក្រិក​និង​ប្រទេសរូម៉ានី​ស្ថិត​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​ក្នុង​សហភាព​អឺរ៉ុប​ ដែល​បាន​ប្រកាសនៅ​សប្តាហ៍​នេះ​ថា​ ពួក​គេ​នឹង​បណ្តេញ​ក្រុម​អ្នក​ការទូតរុស្ស៊ី​មួយ​ចំនួន​ចេញ​ពី​ប្រទេស​របស់​គេ​ជុំវិញបញ្ហា​សង្រ្គាម​នៅ​ក្នុងប្រទេស​អ៊ុយក្រែន។

ចំណាត់ការដែលមាន​ការសម្រប​សម្រួល​គ្នា បាន​កើតមាន​ឡើងបន្ទាប់​ពី​មាន​រូបភាពដែល​ទំនង​ជា​សាកសព​ជន​ស៊ីវិល​អ៊ុយក្រែនជា​ច្រើន​រយនាក់ ត្រូវ​បានគេ​ឃើញ​នៅ​លើ​ដង​ផ្លូវនានា​នៅ​ក្នុង​ទីក្រុង Bucha ប្រទេស​អ៊ុយក្រែន​ក្រោយ​ពេល​ដែលកងទ័ព​រុស្ស៊ី​ដក​ចេញ​ពី​ទីនោះ​ ដែល​បណ្តាល​ឲ្យមាន​ការ​ខឹង​សម្បាជា​ខ្លាំង​ពី​អន្តរជាតិទៅ​លើ​រុស្ស៊ី។

ខណៈ​ដែល​ប្រទេស​នៅ​ក្នុងសហភាព​អឺរ៉ុប​មួយ​ចំនួន បាន​បណ្តេញក្រុម​អ្នក​ការទូត​រុស្ស៊ី​ចេញ​ពី​ប្រទេស​របស់​គេ​ដោយ​សារ​តែ​បញ្ហា​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នោះ ប្រទេសអូទ្រីស គ្រាន់​តែ​ប្រកាស​ថា​ អ្នក​ការ​ទូត​រុស្ស៊ី​ទាំងនេះ​ ​ជាបុគ្គល​ដែល​«លែង​ត្រូវ​បាន​ស្វាគមន៍​ទៀត​ហើយ»​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​នោះ៕