កែវយឹតថ្មីមួយប្រកបដោយកម្លាំងខ្លាំងនៅអូស្រ្តាលីបានកំណត់ផែនទីលំហអវកាសដ៏ធំធេងនៃចក្រវាឡក្នុងរយៈពេលលឿនបំផុតមិនធ្លាប់មាន។កែវយឹតឈ្មោះថា Square Kilometre Array Pathfinder អាចកំណត់នូវកាឡាក់ស៊ីចំនួន៣លានក្នុងរយៈពេលត្រឹមតែ៣០០ម៉ោងប៉ុណ្ណោះដែលនៅក្នុងនោះកាឡាក់ស៊ីចំនួន ១លាន មិនធ្លាប់ត្រូវបានគេឃើញពីមុនមកនោះទេ។
កាឡាក់ស៊ីគឺជាបណ្តុំផ្កាយក្នុងចក្រវាឡ។ ពីតំបន់ជាយដាច់ស្រយាលមួយនៅភាគខាងត្បូងប្រទេសអូស្រ្តាលី កែវយឹតថ្មីដែលអាចប្លែងរលកវិទ្យុក្នុងលំហអវកាសទៅជារូបភាពនោះ បានពិនិត្យមើលផ្ទៃមេឃភាគខាងត្បូងប្រទេសអូស្រ្តាលីទាំងមូលនៅក្នុងរូបភាពលម្អិតជាងមុនដែលមិនធ្លាប់មានពីមុនមក។
កែវយឹតឈ្មោះ Square Kilometre Array Pathfinder ស្ថិតនៅចម្ងាយ៨០០គីឡូម៉ែត្រភាគខាងជើងក្រុង Perth ត្រូវបានគ្រប់គ្រងដោយអង្គការស្រាវជ្រាវវិទ្យាសាស្រ្តនិងឧស្សាហកម្មនៃបណ្តាប្រទេស Commonwealth ហៅកាត់ថា CSIRO ដែលជាទីភ្នាក់ងារវិទ្យាសាស្រ្តជាតិរបស់អូស្រ្តាលី។
កែវយឹតនេះមិនមែនមានអង់តែនមួយនោះទេ ប៉ុន្តែមានបណ្តុំអង់តែនរហូតដល់៣៦។វាមានកម្ពស់ស្មើនឹងអគារបីជាន់និងត្រូវភ្ជាប់ដោយខ្សែកាបប្រភេទFiber-opticដើម្បីអាចឲ្យអង់តែនទាំងអស់ដំណើរការជាកែវយឹតយក្សមួយ។
កែវយឹតនេះបានជួយអ្នកវិទ្យាសាស្រ្តសិក្សាពីបាតុភូតរន្ធខ្មៅក្នុងទីអវកាស (Black Hole) លក្ខណៈសម្បត្តិរបស់ទំនាញនិងប្រភពដើមនៃផ្គាយនៅដំបូងគេបង្អស់។
តាមរយៈការរៀបចំជាប្រភេទតាមក្រុមផ្សេងៗនៃកាឡាក់ស៊ីច្រើនលាន អ្នកវិទ្យាសាស្រ្តសង្ឃឹមថានឹងអាចទម្លាយអាថ៌កំបាំងអំពីការវិវត្តរបស់ចក្រវាឡ។
លោក Douglas Bock គឺជានាយកផ្នែកតារាសាស្រ្តនិងវិទ្យាសាស្រ្តអវកាសនៃទីភ្នាក់ងារ CSIRO។
លោកថ្លែងថា៖ «ប្រសិនបើយើងពិនិត្យមើលពីស្ថិតិកាឡាក់ស៊ីនៅក្នុងលំហមេឃនិងពីរបៀបដែលកាឡាក់ស៊ីប្រាស័្រយនឹងគ្នាដូច្នេះយើងអាចដឹងពីរបៀបដែលកាឡាក់ស៊ីដូចជាកាឡាក់ស៊ីរបស់យើងត្រូវបានបង្កើតឡើងនិងការវិវត្តផ្សេងៗដែលនាំឲ្យពួកយើងអាចនៅលើផែនដីបាន។ហើយប្រសិនបើយើងពិនិត្យមើលកាឡាក់ស៊ីដែលស្ថិតនៅសែនឆ្ងាយប្រហែល១២ពាន់លានឆ្នាំពន្លឺគឺយើងមើលត្រឡប់ទៅអតីតកាល។ ដូច្នេះយើងកំពុងតាមដានពន្លឺពីកាឡាក់ស៊ីនោះនៅពេលដែលវាទើបត្រូវបានបញ្ចេញត្រឹមតែពីរបីពាន់លានឆ្នាំបន្ទាប់ពីការចាប់ផ្តើមដំបូងរបស់ចក្រវាឡរបស់យើង»។
ក្រុមអ្នកស្រាវជ្រាវនិយាយថា ទីតាំងដាច់ស្រយាលរបស់កែវយឹតនៅតំបន់ភាគខាងលិចប្រទេសអូស្រ្តាលីគឺល្អបំផុតសម្រាប់តារាសាស្រ្តពីព្រោះវាមានសភាពស្ងប់ស្ងាត់ និងស្ថិតនៅឆ្ងាយពីការបញ្ជូនរលកសញ្ញាវិទ្យុនៅលើផែនដី។ នៅមានការងារជាច្រើនត្រូវធ្វើបន្ថែមទៀតនាពេលខាងមុខ។ ទីភ្នាក់ងារ CSIRO ប៉ាន់ប្រមាណថាចក្រវាឡអាចមានកាឡាក់ស៊ីរហូតដល់ទៅ១លានលានឯណោះ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្ត្របញ្ញា