ប្រទេសអូស្ត្រាលីកំពុងធ្វើពិសោធន៍ស្រាវជ្រាវរកវិធីព្យាបាលបញ្ហាពាក់ព័ន្ធនឹងការគេងរបស់អ្នករស់រានមានជីវិតពីភ្លើងឆេះព្រៃ។
ការពិសោធន៍នេះសំដៅដល់អ្នកដែលមានបញ្ហាពាក់ព័ន្ធនឹងការគេងដូចជាការយល់សប្តិអាក្រក់ ការគេងមិនលក់ ឬរោគសញ្ញានៃការស្លុតចិត្តខ្លាំងនៅក្រោយការរស់រានមានជីវិតពីភ្លើងឆេះព្រៃ។
ក្រុមអ្នកចូលរួមនឹងត្រូវសួរអំពីការជួបប្រទះរបស់ពួកគេជាមួយភ្លើងឆេះព្រៃនិងឱ្យកំណត់អំពីកម្រិតនៃភាពធ្ងន់ធ្ងរនៃការគេងរបស់ពួកគេនិងរោគសញ្ញានៃការទង្គុកចិត្ត។
អ្នកដែលចូលរួមក្នុងការសិក្សាស្រាវជ្រាវនេះត្រូវបំពេញការវាយតម្លៃខ្លីៗនិងផ្តល់យោបល់តាមរយៈសកម្មភាពតាមអ៊ីនធឺណិត។ ការពិសោធន៍នេះគឺធ្វើឡើងនៅតាមផ្ទះដោយប្រើបច្ចេកវិទ្យាខាងដំណេក និង app មួយចំនួនដែលតាមដានការគេង។
អ្នកស្រី Fadia Isaac អ្នកចិត្តវិទ្យាគ្លីនីក បានធ្វើការពិសោធន៍នេះជាមួយអ្នកស្រាវជ្រាវឯទៀតៗនៅសាកលវិទ្យាល័យសហព័ន្ធអូស្ត្រាលី (Federation University Australia) ដោយមានការផ្តល់ថវិកាពីកម្មវិធីអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្តមសិក្សានៃអង្គការស្រាវជ្រាវគ្រោះធម្មជាតិអូស្ត្រាលី (Natural Hazards Research Australia)។
អ្នកស្រីបានប្រាប់វីអូអេថា អ្នកដែលប្រឈមនឹងការទង្គុកចិត្តជួបប្រទះនូវអ្វីដែលហៅថា ការឆ្លើយតប«ដោយតតាំងឬក៏គេចចេញ» នៅពេលខួរក្បាលមានប្រតិកម្មទៅនឹងការទង្គុកចិត្ត។
អ្នកស្រីថ្លែងដូច្នេះថា៖ «ប្រសិនបើយើងគេងមិនលក់ដោយសារការឆ្លើយតបដោយតតាំងឬក៏គេចចេញ នោះការរំជួលចិត្តទាំងនេះមិនអាចត្រូវដោះស្រាយបាននៅពេលនោះទេ ហើយការទង្គុកចិត្តនេះនឹងមានជាបន្តទៅទៀត។ ការគេងក៏នៅតែមានបញ្ហាជាបន្តសម្រាប់អ្នកទាំងនោះ ហើយជាអកុសល វាក្លាយទៅជាភាពវិលវល់ដដែលៗសម្រាប់មនុស្សជាច្រើន»។
នេះគឺជាការសិក្សាស្រាវជ្រាវអន្តរជាតិមួយដែលស្វែងរកអ្នកចូលរួមនៅក្នុងប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក និងកាណាដា។
ការជួបប្រទះរបស់ពួកគេជាមួយភ្លើងឆេះព្រៃអាចមិនចាំបាច់ត្រូវតែកើតឡើងក្នុងពេលថ្មីៗនេះទេ។ ហេតុការណ៍នេះអាចកើតមានឡើងកាលពីប៉ុន្មានឆ្នាំមុនឬក៏ប៉ុន្មានទសវត្សរ៍មុនក៏បាន។
អ្នកស្រី Isaac និយាយថា សញ្ញាដំបូងៗពីការពិសោធន៍ខាងគ្លីនិកមានលក្ខណៈលើកទឹកចិត្ត។
អ្នកស្រីលើកឡើងដូច្នេះថា៖ «ប្រសិនបើអ្នកចូលរួមងើបពីគេងឆាប់ពេក ឬពួកគេមិនអាចគេង ឬក៏យល់សប្តិអាក្រក់ជាទៀងទាត់ សញ្ញាទាំងនេះអាចត្រូវប្រើសម្រាប់អប់រំសាធារណជនបែបចិត្តវិទ្យាអំពីការគេង ការគេងមិនលក់ ការយល់សប្តិអាក្រក់ និងរោគសញ្ញានៃការទង្គុកចិត្ត។ វាជាការងាយស្រួលណាស់សម្រាប់ប្រើវិធីទាំងនេះ ហើយយើងទទួលបានការផ្ដល់មតិល្អៗខ្លះពីអ្នកចូលរួមរបស់យើងនៅពេលបច្ចុប្បន្ននេះ»។
ការលូតលាស់រុក្ខជាតិឆាប់រហ័សនៅក្នុងប្រទេសអូស្ត្រាលីនៅឆ្នាំនេះនាំឱ្យមានការព្រមានថា ប្រទេសនេះអាចប្រឈមនឹងភ្លើងឆេះព្រៃធ្ងន់ធ្ងរនៅចុងឆ្នាំនេះ។
ការស៊ើបអង្កេតរបស់គណៈកម្មការមួយអំពីភ្លើងឆេះព្រៃដែលហៅថា «Black Summer Bushfires» នៃប្រទេសអូស្ត្រាលីកាលពីឆ្នាំ ២០១៩ និងឆ្នាំ ២០២០ ដែលបានបំផ្លាញផ្នែកជាច្រើនរបស់ប្រទេស រួមជាមួយនឹងគ្រោះមហន្តរាយផ្សេងទៀត បានបង្ហាញឱ្យឃើញកាលពីខែតុលា ឆ្នាំ ២០២០ ថា ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យស្ថានការណ៍ធ្ងន់ធ្ងរដែលបណ្តាលឱ្យមានភ្លើងឆេះព្រៃកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។
ឆ្នាំ ២០២៣ គឺជាឆ្នាំដ៏សាហាវមួយសម្រាប់ភ្លើងឆេះព្រៃ។ ភ្លើងឆេះព្រៃនៅរដ្ឋ Hawaii គឺជាភ្លើងឆេះព្រៃដ៏ប្រល័យបំផុតនៅក្នុងសហរដ្ឋអាមេរិកក្នុងពេលជាង ១០០ ឆ្នាំកន្លងមក។
មន្ត្រីផ្នែកភ្លើងឆេះព្រៃនៃប្រទេសកាណាដាបាននិយាយកាលពីដើមខែសីហាថា រដូវភ្លើងឆេះព្រៃឆ្នាំ ២០២៣ នេះមានសភាពអាក្រក់បំផុតក្នុងកំណត់ត្រា ដោយបានឆេះលើផ្ទៃដីរាប់លានហិកតារួចមកហើយ។
ភ្លើងឆេះព្រៃក៏បានបណ្តាលឱ្យមានមហន្តរាយធ្ងន់ធ្ងរនៅក្នុងប្រទេសអេស្ប៉ាញ និងប្រទេសព័រទុយហ្គាល់ផងដែរ។
ជាងនេះទៀត ភ្លើងឆេះព្រៃកាលពីពេលថ្មីៗនេះនៅលើកោះ Rhodes នៃប្រទេសក្រិកក៏បានបង្ខំឱ្យមានការជម្លៀសមនុស្សរាប់ពាន់នាក់ផងដែរ នៅពេលអគ្គិភ័យបានរាលដាលដល់រមណីយដ្ឋានកម្សាន្តនៅលើឆ្នេរសមុទ្រភាគអាគ្នេយ៍នៃកោះនេះ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ
អូស្ត្រាលីស្រាវជ្រាវរកវិធីព្យាបាលបញ្ហាពាក់ព័ន្ធនឹងការគេងរបស់អ្នករស់រានមានជីវិតពីភ្លើងឆេះព្រៃ
ទីក្រុងស៊ីដនី —