រដ្ឋ​មួយ​នៅ​អូស្ត្រាលី​នឹង​ស៊ើប​អង្កេត​ពី​ផលប៉ះពាល់​នៃ​ការធ្វើ​អាណានិគម​លើ​ជនជាតិ​ដើម

  • Phil Mercer

រូបឯកសារ៖ ជនជាតិ​ដើម​នៅ​អូស្ត្រាលី​នាំ​គ្នា​កាន់​ទង់ជាតិ​របស់​ខ្លួន ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ​ក្នុង​ទិវា​អូស្ត្រាលី នៅ​ទីក្រុង​ស៊ីដនី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩។

គណៈកម្មការ​មួយ​នឹង​យក​គំរូ​តាម​ដំណើការ​ស្រដៀង​គ្នា​ដែល​ត្រូវ​បាន​បង្កើត​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ បន្ទាប់ពី​ការដួល​រលំ​នៃ​របប Apartheid ដែល​បែងចែក​និង​រើសអើង​ជាតិសាសន៍​ និង​លំនាំ​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​នូវ៉ែលហ្សេឡង់​និង​កាណាដា។ នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង គណៈកម្មការ​ផ្សះផ្សា​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក Nelson Mandela។

គណៈកម្មការ​នេះ មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅនឹង​តុលាការ​ ដែល​សាក្សី​និង​ជន​រងគ្រោះ​អាច​សម្តែង​មតិ​ដោយ​សេរី​អំពី​សាទុក្ខ​និង​បទ​ពិសោធន៍​របស់​ពួកគេ​ក្នុង​អំឡុង​ពេល​របប​បែងចែកជាតិ​សាសន៍Apartheid។

ប្រព័ន្ធ​នៃ​ការ​បែងចែក​ជាតិ​សាសន៍​នេះបាន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​នៅ​ចន្លោះ​ឆ្នាំ​១៩៤៨​និង​១៩៩០។

ខុសពី​ប្រទេស​ផ្សេង​ៗទៀត អូស្ត្រាលី​មិន​ដែល​បាន​ពិនិត្យ​មើល​ជា​ផ្លូវការពី​ផលប៉ះពាល់​ពេញលេញ​អំពី​គោលនយោបាយ​អតីត​កាល​ស្តីពី​ជនជាតិដើម​ទេ។

រដ្ឋាភិបាល​រដ្ឋ Victoriaបាន​បញ្ជាក់​ថា ឥឡូវនេះ​ជា​ពេលវេលា​សម្រាប់​ពិនិត្យមើល​ឲ្យ​បាន​ត្រឹមត្រូវ​ទៅលើ​ការធ្វើ​អាណានិគម​លើ​ជនជាតិ​ដើម​អូស្ត្រាលី។

ពួកគេ​បាន​បាត់បង់​ដីធ្លី​របស់​ខ្លួន​នៅពេល​ដែល​អ្នក​តាំងទីលំនៅជនជាតិ​អង់គ្លេស បាន​មកដល់​នៅ​ក្នុង​ឆ្នាំ១៧៨៨ ហើយ​បាន​ទទួល​ភាព​អយុត្តិធម៌​ចាប់តាំង​ពីពេល​នោះ​មក។ ជនជាតិ​ដើម​ត្រូវ​បាន​សម្លាប់​រង្គាល ចាប់​ដាក់គុក​និង​បង្ខំ​ចេញ​ពី​ដីធ្លី​របស់​ខ្លួន​ដោយ​ជនជាតិ​អឺរ៉ុប។

សព្វថ្ងៃ​នេះ អាយុ​រស់នៅ​ជាមធ្យម​របស់​ពួកគេ​ទាប​ជាង បើ​ប្រៀប​ធៀប​ទៅនឹង​ក្រុម​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ខណៈដែល​អត្រាភាព​ក្រីក្រ ជំងឺ ការគ្មាន​ការងារ​ធ្វើ​និងជាប់​ពន្ធនាគារ មាន​កម្រិត​ខ្ពស់​ជាង​គេឆ្ងាយ។

គណៈកម្មការ​នោះ​នឹង​មាន​អំណាច​ទូលំ​ទូលាយ​ហើយ​នឹង​អាច​ជំរុញ​ឲ្យ​សាក្សី​ផ្តល់​ភស្តុតាង។ រដ្ឋ Victoria បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ជាមួយ​សហគមន៍​ជនជាតិ​ដើម​របស់​ខ្លួន។

លោក James Merlino ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋ Victoria និយាយ​ថា គណៈកម្មការ​ស្វែងរក​ការណ៍​ពិត​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ដំណើរការ​នេះ។ លោក James Merlino បាន​ថ្លែង​ថា៖

«នេះ​ជាវិធានការ​ដែល​ត្រូវ​ធ្វើ​ជា​យូរ​មកហើយ។ វា​ជាការ​ទទួល​ស្គាល់​ថា ការឈឺចាប់​នៅ​ក្នុង​អតីត​កាល​របស់​យើង ជា​ការបង្ហាញ​នៅ​ក្នុង​ជីវិត​របស់​ពលរដ្ឋ​នៅ​ពេល​ឥឡូវនេះ។ វាជាការ​ទទួល​ស្គាល់​ថា បើ​គ្មាន​ការពិត បើ​គ្មាន​យុត្តិធម៌ អ្នក​មិន​អាច​មាន​សន្ធិសញ្ញា​ទេ។ អ្នក​មិន​អាច​ចាត់វិធានការ​ប្រកប​ដោយ​ការ​ជឿ​ជាក់​បាន​លុះត្រា​តែ​យើង​ឆ្លងកាត់​ដំណើរការ​ពិត​ជាក់​ស្តែង​និង​យុត្តិធម៌​នេះ»។

មេដឹកនាំ​ជនជាតិ​ដើម​និង​ពួក​មន្ត្រី​រដ្ឋ​បាន​និយាយ​ថា បន្ទាប់ពី​អំពើ​ហឹង្សា​និង​ការបោះបង់​ចោល​អស់២៣៣​ឆ្នាំ​មក ពួកគេ​បាន​តាំង​ចិត្ត​និយាយ​ការពិត។

អ្នកស្រី Aunty Geraldine Atkinson ជា​ចាស់ទុំជន​ជាតិ​ដើម​ម្នាក់។ អ្នកស្រី​និយាយ​ថា៖

«ការណ៍​ពិតទាំងអស់​នោះ​ចាំបាច់​ត្រូវ​តែ​និយាយ​ចេញ គឺ​ការណ៍​ពិត​របស់​បុព្វបុរសយើង​ដែល​បាន​ស៊ូទ្រាំ​អត់​ធ្មត់។ អំពើ​ប្រល័យ​ពូជ​សាសន៍ ការសម្លាប់​រង្គាល រឿង​ពិត​ទាំង​នោះ​ដែល​ចាំបាច់​និយាយ​ចេញ»។

ភាគ​ច្រើន​នៃ​គណៈកម្មការ​ដែល​មាន​សមាជិក​៥នាក់​នោះ​គឺជា​ជនជាតិ​ដើម។ ភារៈកិច្ច​របស់​ពួកគេ​នឹង​ត្រូវ​កត់ត្រា​ឲ្យ​បាន​ត្រឹមត្រូវ​អំពី​ប្រវត្តិសាស្ត្រ​នៃ​ការ​ធ្វើ​អាណានិគម​នៅ​ក្នុង​រដ្ឋ Victoria ហើយ​នឹង​ពិនិត្យ​ពិច័យ​ទៅ​លើ​ភាព​អយុត្តិធម៌​ទាំង​នៅពេល​អតីតកាល​និង​នៅ​ពេលបច្ចុប្បន្ន​កាល។ របាយ​ការណ៍របស់​គណៈកម្មការ​នោះ​ត្រូវ​គេ​រំពឹង​នឹង​ចេញផ្សាយ​នៅ​ឆ្នាំ​ក្រោយ។

ជនជាតិ​ដើម​អូស្ត្រាលី​មាន​ប្រហែល​៣ភាគរយ​នៃ​ប្រជាពលរដ្ឋ​ទាំងអស់៕

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន