ទីភ្នាក់ងារ​វិទ្យាសាស្ត្រ​អូស្ត្រាលី​រក​ឃើញ​ភស្តុតាង​ថ្មី​នៃ​កន្លែង​ដែល​យន្តហោះ Malaysia Airlines MH 370 អាច​ធ្លាក់

នេះ​ជា​តំបន់​នៃ​ការ​រុករក​យន្តហោះ MH 370 របស់​ក្រុមហ៊ុន​អាកាសចរណ៍ Malaysia Airlines កាលពី​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤។

អ្នក​វិទ្យាសាស្ត្រ​អូស្ត្រាលី​នានា​បាន​និយាយ​ថា ពួកគេ​រក​ឃើញ​ភស្តុតាង​ថ្មី​ដែល​បញ្ជាក់​អំពី​ការ​សន្និដ្ឋាន​កាល​ពី​លើក​មុន​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​កន្លែង​ដែល​យន្តហោះ​ម៉ាឡេស៊ី​មួយ​គ្រឿង​អាច​ធ្លាក់ ដែល​យន្តហោះ​នេះ​បាន​បាត់​ខ្លួន​ដោយ​គ្មាន​តម្រុយ​ទាល់​តែ​សោះ​កាល​ពី​ជាង ៣ ឆ្នាំ​មុន។

របាយការណ៍​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ​ដោយ​អង្គការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​ឧស្សាហកម្ម​នៃ​រដ្ឋាភិបាល​អូស្ត្រាលី (Commonwealth Scientific and Industrial Research Organization) បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា យន្តហោះ Malaysia Airlines Flight MH 370 បាន​ធ្លាក់​នៅ​ក្នុង​រង្វង់​តំបន់​មួយ​ដែល​មាន​ទំហំ ២ ម៉ឺន ៥ ពាន់ គីឡូម៉ែត្រ​ការ៉េ នៅ​ក្នុង​មហា​សមុទ្រ​ឥណ្ឌា​ចេញ​ពី​ឆ្នេរ​សមុទ្រ​ភាគ​ខាង​លិច​ប្រទេស​អូស្ត្រាលី គឺ​ស្ថិត​នៅ​ភាគ​ឦសាន​នៃ​តំបន់​ទំហំ ១ សែន ២ ម៉ឺន គីឡូម៉ែត្រ​ការ៉េ ដែល​ជា​តំបន់​ដែល​កាល​ពី​លើក​មុន ត្រូវ​បាន​គេ​ជឿជាក់​ថា​ជា​កន្លែង​ធ្លាក់​យន្តហោះ​នេះ។

អង្គការ​នេះ​បាន​ធ្វើ​ការ​សន្និដ្ឋាន​ដូច្នេះ​ដោយ​ផ្អែក​លើ​រូបថត​មួយ​ចំនួន​ដែល​ថត​ដោយ​ផ្កាយ​រណប​យោធា​របស់​បារាំង ដែល​រូបថត​ទាំង​នោះ​បង្ហាញ​ពី​បំណែក​មួយ​ចំនួន​ដែល «ប្រហែល​ជា​ធ្វើ​ឡើង​ដោយ​មនុស្ស» អណ្ដែត​នៅ​លើ​ផ្ទៃ​ទឹក។ ប៉ុន្តែ ការិយាល័យ​សុវត្ថិភាព​នៃ​ការ​ដឹក​ជញ្ជូន​របស់​ប្រទេស​អូស្ត្រាលី (Australian Transport Safety Bureau) ដែល​ដឹកនាំ​ការ​រុករក​យន្តហោះ Malaysia Airlines MH 370 នេះ បាន​ចេញ​នូវ​សេចក្ដី​ប្រកាស​មួយ​ដោយ​លើក​ឡើង​ថា ការ​រក​ឃើញ​របស់​អង្គការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​ឧស្សាហកម្ម​នៃ​រដ្ឋាភិបាល​អូស្ត្រាលី​នេះ គឺ​មិន​មែន​ជា​ភស្តុតាង​ដែល​បង្ហាញ​អំពី​បំណែក​របស់​យន្តហោះ​នេះ នោះ​ទេ។

ប្រតិបត្តិការ​ស្រាវជ្រាវ និង​រុករក​រួម​គ្នា ដែល​ធ្វើ​ឡើង​ដោយ​ប្រទេស​អូស្ត្រាលី ចិន និង​ម៉ាឡេស៊ី ត្រូវ​បាន​លុប​ចោល​កាល​ពី​ខែ​មករា​កន្លង​ទៅ​នេះ បន្ទាប់ពី​មិន​ទទួល​បាន​លទ្ធផល​អ្វី​ជា​ផ្លែផ្កា​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មក។ ប្រទេស​ទាំង ៣ បាន​បញ្ជាក់​ថា ពួកគេ​នឹង​ធ្វើ​ការ​រុករក​ឡើង​វិញ ប្រសិនបើ​មាន​ភស្តុតាង​ជាក់លាក់​ណា​ដែល​បង្ហាញ​អំពី​ទីកន្លែង​ដែល​យន្តហោះ​នេះ​ធ្លាក់។ ក្រុមហ៊ុន​ឯកជន​មួយ​បាន​បញ្ជាក់​ថា នឹង​ជួយ​ស្វែង​រក​យន្តហោះ​នេះ​ឡើង​វិញ​ដោយ​មិន​គិត​ថ្លៃ ហើយ​ថា ខ្លួន​នឹង​យក​ថ្លៃ​សេវា​ស្វែងរក​យន្តហោះ​នេះ ក្នុង​ករណី​ដែល​ខ្លួន​បាន​រក​ឃើញ​យន្តហោះ​នេះ​តែ​ប៉ុណ្ណោះ។

យន្តហោះ Malayisa Airlines Flight MH 370 បាន​បាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ៨ ខែ​មីនា ឆ្នាំ ២០១៤ ក្នុង​អំឡុង​ពេល​ហោះហើរ​ពី​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ទៅ​កាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​មាន​អ្នក​ធ្វើ​ដំណើរ និង​ក្រុម​អាកាសយានិក​សរុប​ចំនួន ២៣៩ នាក់ នៅ​លើ​យន្តហោះ៕