វិបុលភាពថ្មីៗរបស់ប្រទេសអូស្ត្រាលី កើតមានឡើងភាគច្រើនដោយសារទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួួយរបស់ខ្លួន។ កាលពីឆ្នាំមុនការធ្វើពាណិជ្ជកម្មទៅវិញទៅមករវាងប្រទេសទាំងពីរមានតម្លៃប្រហែល១៧០ពាន់លានដុល្លារអាមេរិក ក៏ប៉ុន្តែទំនាក់ទំនងដ៏មានតម្លៃមួយនេះកំពុងមានការប្រេះឆា។
អ្នកផលិតស្រាអូស្ត្រាលីកំពុងតែពាក់ព័ន្ធនៅក្នុងភាពតានតឹងនយោបាយភូមិសាស្ត្រដែលកំពុងកើនឡើងរវាងអូស្ត្រាលីនិងចិន។ ក្រុមហ៊ុននាំចេញស្រាអូស្ត្រាលី ត្រូវបានចោទប្រកាន់ថាបានទម្លាក់ថ្លៃស្រាហើយដណ្តើមយកភាគហ៊ុនទីផ្សារពីក្រុមហ៊ុនក្នុងស្រុករបស់ចិន។ ការស៊ើបអង្កេតនេះត្រូវបានស្នើឡើងដោយសមាគមគ្រឿងភេសជ្ជៈស្រវឹងរបស់ចិន (Chinese Alcoholic Drinks Association)។ ការស៊ើបអង្កេតនេះ នឹងពិនិត្យមើលថាតើក្រុមហ៊ុនអូស្ត្រាលីកំពុងត្រូវបានទទួលបានការឧបត្ថម្ភធនពីរដ្ឋាភិបាលដែរឬទេ។
រដ្ឋាភិបាលអូស្ត្រាលីបានទទូចថា ស្រាដែលលក់ឲ្យប្រទេសចិនមានតម្លៃសមរម្យ ហើយមន្ត្រីអូស្ត្រាលីក៏បានអះអាងថាពួកគេនឹងសហការយ៉ាងពេញលេញក្នុងការស៊ើបអង្កេតនេះ។
រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី លោកSimon Birmingham បានលើកឡើងថាអ្នកផលិតស្រាអូស្ត្រាលីមិនបានធ្វើអ្វីខុសនោះទេ។
លោកថ្លែងថា៖ «យើងយល់ថាសំណើទាំងនោះគ្មានមូលដ្ឋានច្បាស់លាស់ហើយគួរឲ្យសង្ស័យផងដែរ។ ស្រាអូស្ត្រាលីមិនត្រូវបានឧបត្ថម្ភធនដោយវិធីសាស្ត្រណាមួយឡើយ ហើយមិនត្រូវបានលក់ក្នុងតម្លៃទាបជាងអត្រាទីផ្សារពិភពលោកនោះទេ។ ជាងនេះទៅទៀត ក្នុងរយៈពេល៦ខែដំបូងក្នុងឆ្នាំនេះស្រាអូស្ត្រាលីមានតម្លៃខ្ពស់បំផុតទីពីរ ក្នុងចំណោមស្រាដែលត្រូវបានលក់ក្នុងទីផ្សារចិន»។
ការស៊ើបអង្កេតបានកើតមានឡើងខណៈរដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិបាលក្រុងកង់បេរ៉ាកំពុងតែមានការប៉ះទង្គិចកាន់តែខ្លាំងឡើងបន្ទាប់ពីរដ្ឋាភិបាលអូស្ត្រាលីបានស្នើឲ្យមានការស៊ើបអង្កេតអន្តរជាតិមួយ លើប្រភពនៃជំងឺកូវីដ១៩ ដែលដំបូងបានផ្ទុះឡើងនៅទីក្រុងវូហាន ប្រទេសចិន កាលពីចុងឆ្នាំ ២០១៩។
ថ្មីៗនេះ ប្រទេសចិនបានដាក់ពន្ធលើស្រូវសាលីរបស់អូស្ត្រាលី ផ្អាកការនាំចូលសាច់គោមួយចំនួនពីអូស្ត្រាលី ហើយប្រាប់និស្សិតចិននិងភ្ញៀវទេសចរថា ការធ្វើដំណើរទៅកាន់អូស្រ្តាលីមិនមានសុវត្ថិភាព ដោយសារបញ្ហារើសអើងជាតិសាសន៍។ ប្រទេសចិនត្រូវបានគេសង្ស័យថាបានរៀបចំការវាយប្រហារតាមអ៊ីនធឺណិតលើស្ថាប័នអូស្ត្រាលីជាច្រើន ក៏ប៉ុន្តែរដ្ឋាភិបាលក្រុងប៉េកាំងបដិសេធយ៉ាងពេញទំហឹងលើការចោទប្រកាន់នេះ។
ប៉ុន្តែលោក Matt Canavan តំណាងរាស្ត្ររដ្ឋាភិបាលសហព័ន្ធប្រចាំរដ្ឋធានីកង់បេរ៉ា ចោទប្រកាន់ប្រទេសចិនថាបានបង្កការគំរាមកំហែងផ្នែកសេដ្ឋកិច្ច។
លោកបានថ្លែងថា៖ «វាជាលំនាំឥរិយាបថមួយដែលយើងអាចមើលឃើញពីប្រទេសចិនហើយខ្ញុំយល់ថា ពួកគេមិនអាចជាដៃគូពាណិជ្ជកម្មដែលគួរឲ្យទុកចិត្តបានទៀតទេ បើយើងពិនិត្យមើលលើអ្វីដែលពួកគេកំពុងធ្វើ ហើយខ្ញុំយល់ថា អាជីវកម្មរបស់អូស្ត្រាលីទាំងអស់ត្រូវតែប្រុងប្រយ័ត្នកាន់តែខ្លាំងឡើងលើដៃគូពាណិជ្ជកម្មដែលមានឥរិយាបថគំរាមកំហែងនិងរំលោភបំពានបែបនេះ»។
ប្រទេសចិនបានទទូចថាការស៊ើបអង្កេតលើតម្លៃស្រាអូស្ត្រាលីនេះនឹងធ្វើឡើងដោយ «យុត្តិធម៌និងស្របតាមច្បាប់»។ មន្ត្រីការបរទេសចិនម្នាក់ ក៏បានបដិសេធថាការស្នើឲ្យមានការស៊ើបអង្កេតនេះមិនត្រូវបានធ្វើឡើងដោយផ្អែកលើហេតុផលនយោបាយនោះទេ។
ខណៈដែលភាពតានតឹងទ្វេភាគីកំពុងបន្តកើនឡើង អ្នកវិភាគភ័យខ្លាចថាការនាំចេញធ្យូងនិងរ៉ែដែករបស់អូស្ត្រាលីដ៏មានតម្លៃខ្ពស់ អាចនឹងរងគ្រោះជាបន្ទាប់៕
ប្រែសម្រួលដោយទុំ ម្លិះ