នាយក​រដ្ឋមន្រ្តី​អូស្ត្រាលី​មាន​ទុក្ខ​ព្រួយ និង​ក្តី​កង្វល់​ពី​ការ​ស្លាប់​របស់​ពលរដ្ឋ​របស់​លោក​នៅ​ក្នុង​ប្រទេស​ចិន

រូប​ឯកសារ៖ លោក Scott Morrison នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​អូស្រ្តាលី​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​មហាសន្និបាត​លើក​ទី៧៤​របស់​អង្គការ​សហប្រជាជាតិ​ នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​នៅ​ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩។

លោក Scott Morrison នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​អូស្រ្តាលី​កំពុង​ជំរុញ​ឱ្យ​ចិន​ធ្វើ​ការ​សន្ទនា​អំពី​បញ្ហា​បុរស​ជនជាតិ​អូស្រ្តាលី​ម្នាក់​ដែល​ត្រូវ​បាន​កាត់ទោស​ប្រហារ​ជីវិត​នៅ​ក្នុង​ប្រទេស​ចិន​ចំពោះ​ការ​ជួយដូរ​ថ្នាំ​ញៀន។

លោក​នាយក​រដ្ឋមន្រ្តី Morrison បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃចន្ទ​នៅ​ក្នុង​សភា​ថា លោក​ និង​រដ្ឋាភិបាល​របស់​លោក​មាន​ទុក្ខ​ព្រួយ និង​ក្តី​កង្វល់​អំពី​ការ​កាត់​ទោស​ព្យួរ​ក​លោក Karm Gillespie កាលពី​សប្តាហ៍​មុន​ដែល​ជា​សិល្បករ​ក្លាយ​ជា​ទីប្រឹក្សា​ពាណិជ្ជកម្ម។

បណ្តាញ​ព័ត៌មាន​ចិន​បាន​រាយការណ៍​ថា លោក Gillespie បាន​ត្រូវ​ចាប់​ខ្លួន​នៅ​អាកាសដ្ឋាន​អន្តរជាតិ Baiyun ខេត្ត Guangzhou កាលពី​ខែធ្នូ ឆ្នាំ២០១៣ ដោយ​មាន​យួរ​ថ្នាំញៀន Methanphetamin ៧គីឡូក្រាម​កន្លះ​នៅ​ក្នុង​វ៉ាលី​ដាក់​ឥវ៉ាន់​របស់​លោក។

លោក​នាយក​រដ្ឋមន្រ្តី Morrison បាន​មាន​ប្រសាសន៍​ថា ការ​ជំទាស់​ប្រឆាំង​របស់​ប្រទេស​លោក​ដល់​ទោស​ប្រហារ​ជីវិត​ជា​គោលការណ៍​គណបក្ស​ទាំង២ ពហុបក្ស និង​ប្រកប​ដោយ​គោលការណ៍។លោក​នាយក​រដ្ឋមន្រ្តី​និយាយ​បន្ត​ទៀត​ថា ពួក​អ្នក​ការ​ទូត​អូស្រ្តាលី​នឹង​ផ្តល់​កិច្ចការ​ពិគ្រោះ​យោបល់​ដល់​លោក Gillespie និង​ធ្វើ​ការ​ទាក់ទង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ស្តី​ពី​បញ្ហា​នេះ។

ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បង្អស់​របស់​អូស្រ្តាលី​ ហើយ​បាន​បញ្ជូន​និស្សិត និង​ទេសចរណ៍​ដ៏​ច្រើន​ទៅ​ប្រទេស​អូស្រ្តាលី។ ក៏ប៉ុន្តែ​ទំនាក់ទំនង​មាន​ភាព​យ៉ាប់យ៉ឺន​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​អំពី​ការ​អំពាវនាវ​កាលពី​ពេល​ថ្មីៗ​នេះ​របស់​អូស្រ្តាលី​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ជា​អន្តរជាតិ​អំពី​ប្រភព​នៃ​ការ​រាតត្បាត​នៃ​មេរោគ​កូរ៉ូណា​ ដែល​ត្រូវ​បាន​គេ​តាមដាន​ឃើញ​មុន​ដំបូង​នៅ​ចុងឆ្នាំ​ទៅ​នៅ​ក្នុង​ទីក្រុង​វូហាន​ភាគកណ្តាល​នៃ​ប្រទេស​ចិន។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ធ្វើ​ការ​ហាមឃាត់ និង​យក​ពន្ធគយ​មួយ​ចំនួន​លើ​ផលិតផល​កសិកម្ម​អូស្រ្តាលី​ ហើយ​បាន​ជំរុញ​ឱ្យ​និស្សិត​ចិន​ពិចារណា​ឡើង​វិញ​ពី​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អូស្រ្តាលី​ដោយ​ការ​ភ័យ​ខ្លាច​ថា ពួកគេ​អាច​រង​ការ​ប្រកាន់​ពូជសាសន៍៕