ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ថា ​អូស្ត្រាលី​តែងតែ​ធ្វើ​ការ​ស៊ើប​អង្កេត​ខ្លួន​រឿង​ពាណិជ្ជកម្ម


រូបឯកសារ៖ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន​លោក Zhong Shan ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅវិមានរដ្ឋាភិបាលចិន ក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩។
រូបឯកសារ៖ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន​លោក Zhong Shan ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅវិមានរដ្ឋាភិបាលចិន ក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩។

ប្រទេស​ចិន​បាន​ឆ្លើយតប​ទៅ​នឹង​ការ​ព្រួយ​បារម្ភ​ទាក់ទិន​ទៅ​នឹង​ការ​សម្រេច​ចិត្ត​របស់​ខ្លួន ក្នុង​ការ​ដាក់​គំនាប​ពន្ធ​គយ​លើ​ស្រូវ​បាឡេ​របស់​អូស្ត្រាលី ដែល​គេ​ចាត់ទុក​ថា​ជា​ការ​សងសឹក​ផ្នែក​ការទូត​នោះ ដោយ​បាន​បញ្ជាក់​ថា ប្រទេស​អូស្ត្រាលី​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ខ្លួន​ផ្នែក​ពាណិជ្ជកម្ម​រហូត​ដល់ ១០០ ដង​ឯណោះ។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន​លោក Zhong Shan បាន​និយាយ​ថា ការ​ស៊ើប​អង្កេត​របស់​ខ្លួន​លើ​ស្រូវ​បាឡេ​អូស្ត្រាលី ដែល​ឈាន​ដល់​ការ​យក​ពន្ធ​គយ​ចំនួន ៨០,៥% គឺ​ស្រប​ទៅ​តាម​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

លោក Zhong Shan បាន​ប្រាប់​អ្នក​កាសែត​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ថា៖ «ចាប់តាំង​ពី​ពេល​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ចិន និង​អូស្ត្រាលី​មក ករណី​ពាក់ព័ន្ធ​នឹង​ស្រូវ​បាឡេ​អូស្ត្រាលី​នេះ​ គឺ​ជា​ការ​ស៊ើប​អង្កេត​រក​ដំណោះស្រាយ​បែប​ពាណិជ្ជកម្ម​តែ​មួយ​គត់ ដែល​ចិន​ធ្វើ​ឡើង​ប្រឆាំង​នឹង​អូស្ត្រាលី»។

លោក​បាន​បន្ថែម​ថា៖ «ស្រប​ពេល​នេះ​ដែរ អូស្ត្រាលី​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​រក​ដំណោះស្រាយ​បែប​ពាណិជ្ជកម្ម​ចំនួន ១០០ ដង​ប្រឆាំង​នឹង​ប្រទេស​ចិន ដែល​ក្នុង​នោះ​មាន ៣ ករណី​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ​នេះ»។

ទិន្នន័យ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​បង្ហាញ​ថា ប្រទេស​អូស្ត្រាលី និង​ចិន ​មិន​ដែល​ប្ដឹង​គ្នា​ទៅ​វិញ​ទៅ​មក​តាម​រយៈ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ទេ។ ប៉ុន្តែ ការ​ស៊ើប​អង្កេត​ជា​ច្រើន​របស់​អូស្ត្រាលី​ប្រឆាំង​នឹង​ចិន ​គឺ​ធ្វើ​ឡើង​តាម​រយៈ​គណៈកម្មការ​អូស្ត្រាលី​ប្រឆាំង​នឹង​ទំនិញ​បង្ខូច​ថ្លៃ។

ទំនាក់ទំនង​ការទូត​ជូរចត់​រវាង​ដៃគូ​ពាណិជ្ជកម្ម​ធំៗ​ទាំង​ពីរ​នេះ​បាន​កាន់តែ​យ៉ាប់យ៉ឺន​ឡើង ដោយសារតែ​តួនាទី​របស់​អូស្ត្រាលី​នៅ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ការ​ឆ្លង​រាតត្បាត​ជា​សាកល​នៃ​វីរុស​កូរ៉ូណា៕

XS
SM
MD
LG