ដូនជី​ជាតិ​អូស្រ្តាលី​ដែល​ធ្វើ​ឲ្យ​ប្រធានា​ធិបតី​ Duterte​ ខឹង​សម្បា​បាន​ចាក​ចេញ​ពី​ប្រទេស​ហ្វីលីពីន

រូបឯកសារ៖ ដូន​ជី​ជន​ជាតិ​អូស្ត្រាលី Patricia Fox (កណ្ដាល) ត្រូវ​បាន​អម​ដំណើរ​ដោយ​សហការី ដើម្បី​ទៅ​ពិនិត្យ​មើល​ករណី​បណ្ដេញ​​គាត់​ចេញ​ពី​ប្រទេស​ហ្វីលីពីន នៅ​​នាយក​ដ្ឋាន​​យុត្តិធម៌​ ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាល​ពី​ខែ​ឧសភា ២០១៨។

ដូនជី​ជាតិ​អូស្រ្តាលី​ម្នាក់​ដែល​ធ្វើ​ឲ្យ​ប្រធានា​ធិបតី​ហ្វីលីពីន​លោក ​Rodrigo Duterte ខឹង​សម្បា​មាន​គម្រោង​ចាក​ចេញ​ពី​ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃ​នេះ​បន្ទាប់​ពី​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ខាង​ផ្លូវ​ច្បាប់​អស់​រយៈ​ពេល​យ៉ាង​យូរ។

ដូនជី​ជាតិ​អូស្រ្តាលី​ម្នាក់​ដែល​ធ្វើ​ឲ្យ​ប្រធានា​ធិបតី​ហ្វីលីពីន​លោក ​Rodrigo Duterte ខឹង​សម្បា​មាន​គម្រោង​ចាក​ចេញ​ពី​ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃ​នេះ​បន្ទាប់​ពី​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ខាង​ផ្លូវ​ច្បាប់​អស់​រយៈ​ពេល​យ៉ាង​យូរ​ប្រឆាំង​នឹង​ការ​ខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ដើម្បី​បណ្តេញ​គាត់​ចេញ​ពី​ហ្វីលីពីន។

ដូនជី Patricia Fox ​បាន​ត្រូវ​អម​ដំណើរ​ទៅ​កាន់​ចំណត​យន្តហោះ​ដោយពួក​សកម្ម​ជន​សិទ្ធិ​មនុស្សប្រហែល​២០០​នាក់​ដែល​បាន​សរសើរ​ការ​បំពេញ​ការ​ងារ​របស់​ដូន​ជី​នៅ​ក្នុង​ប្រទេស​ក្រីក្រ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នេះ​ហើយ​បាន​ថ្កោល​ទោស​រដ្ឋា​ភិបាល​ដែល​បាន​បង្ខំ​ឲ្យ​ដូនជី​ចាក​ចេញ​ពីហ្វីលីពីន។

​ពួក​បាតុករ​ខ្លះ​បាន​ស្រែក​ថា​ «ប្រធានា​ធិបតី ​Duterte ​ត្រូវ​នាំ​ដូនជី Pat ​ត្រឡប់​មក​វិញ»។

​ដូនជី​ Patricia ​ដែល​បាន​ចំណាយ​ពេល​វេលា​ជិត​៣​ទសវត្សរ៍​ធ្វើ​ការ​ជាមួយ​កម្មករកសិករ ​និង​ជន​ក្រីក្រ​នៅ​ទីក្រុង​របស់​ហ្វីលីពីន​បាន​និយាយ​ថា ​គាត់​បាន​ចាក​ចេញ​ដោយ​ការ​ទុក្ខ​ព្រួយ ក៏ប៉ុន្តែ ​បាន​ជំរុញ​ឲ្យ​ពួក​អ្នក​គាំទ្រ​ដូនជី​បន្ត​ជួយ​ជន​ក្រី​ក្រ។

ដូនជី​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​មុន​ពេល​ចាក​ចេញ​ថា​ «ខ្ញុំ​សង្ឃឹម​ថា ប្រធានាធិបតី ​Duterte ​ស្តាប់​សំឡេង​របស់​មនុស្ស​តូច​តាច ​មិន​មែន​សំឡេង​របស់​ពួក​យោធា​ និង​ពាណិជ្ជករ​ទេ ​ក៏ប៉ុន្តែ ​ស្តាប់​សំឡេង​របស់​ពួក​កម្មករ​និង​កសិករ»។

ដូនជី ​Patricia ​ទំនង​ធ្វើ​ឲ្យ​ប្រធានា​ធិបតី​ Duterte​ខឹង​យ៉ាង​ខ្លាំងពី​ព្រោះ​តែ​ការ​ចូល​រួម​របស់​ដូនជី​នៅ​ក្នុង​បេសកកម្ម​ស្វែង​រក​ការ​ពិត​កាល​ពី​ខែ​មេសា​ដើម្បី​ស៊ើប​អង្កេត​ការ​ចោទ​ប្រកាន់​ពីការ​រំលោភ​ធ្វើ​បាប​កសិករ ​រួមមាន​ការ​សម្លាប់​និង​ការ​បណ្តេញ​ចេញ​ពី​ផ្ទះ​សម្បែង​ដោយ​ពួក​ទាហាន​ដែល​ប្រយុទ្ធ​ពួក​ទ័ពព្រៃ​នៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន៕