សមាជិកព្រឹទ្ធសភាអូស្ត្រាលីម្នាក់ គឺលោក Scott Ludlam នៅថ្ងៃពុធនេះ បានស្នើដល់អង្គព្រឹទ្ធសភាទាំងមូលឲ្យចេញសេចក្តីសម្រេចមួយទាក់ទងនឹងដីកាចាប់ខ្លួននិងការលុបចោលអភ័យឯកសិទ្ធិសភាលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដោយបានបញ្ជាក់ថាសកម្មភាពទាំងនេះ ជារឿងប៉ះពាល់ដល់ប្រជាធិបតេយ្យនៅកម្ពុជា។
លោកបានជំរុញថាសេចក្តីសម្រេចមួយគួរតែចេញទាក់ទងនឹងការចោទប្រកាន់ ចាប់ខ្លួនលោក សម រង្ស៊ី ការលុបចោលអភ័យឯកសិទ្ធិសភា ការវាយប្រហារអ្នកតំណាងរាស្ត្រ ការដកលោក កឹម សុខាចេញពីអនុប្រធានទី១ នៃរដ្ឋសភា ជាដើមដែល លោក Ludlam ចាត់ទុកថាជាក្តីបារម្ភយ៉ាងខ្លាំង។ ថ្លែងក្នុងកិច្ចប្រជុំពេញអង្គរបស់ព្រឹទ្ធសភា លោក Scott Ludlam បានស្នើថា៖
«រឿងនេះពិតជាសញ្ញាអាក្រក់ខ្លាំងណាស់សម្រាប់លទ្ធិប្រជាធិបតេយ្យក្នុងប្រទេស កម្ពុជា ហើយខ្ញុំរំពឹងគិតថា ការគាំទ្រជាឯកច្ឆន្ទលើសេចក្តីសម្រេច មួយដោយព្រឹទ្ធសភា ចំពោះទង្វើនោះ អាចជារឿងមានសារៈប្រយោជន៍ ខណៈដែលក្រសួងការបរទេស សហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍យ៉ាងខ្លាំងចំពោះរឿងនេះ»។
ការទទូចរបស់លោក Scott Ludlam នៃគណបក្ស Green Party ត្រូវបានបង្ហោះលើគេហទំព័ររបស់លោកយ៉ាងដូច្នេះដំណាលគ្នាដែលសភាអឺរ៉ុប ត្រូវគេរាយការណ៍មកថាកំពុងពិចារណាចេញសេចក្តីសម្រេចមួយសុំឲ្យមានការលុបចោល ការចោទប្រកាន់ នានាផ្តល់អភ័យឯកសិទ្ធិសភានិងវិលមកកាន់ប្រទេសកម្ពុជាវិញដោយគ្មានការភ័យខ្លាចចំពោះការចាប់ខ្លួន។
មេដឹកនាំគណបក្សជំទាស់លោក សម រង្ស៊ី បានផ្សព្វផ្សាយក្នុងគេហទំព័រ របស់លោក ថា ព្រឹទ្ធសភា អូស្ត្រាលីពិភាក្សាអំពីស្ថានភាពនយោបាយ នៅកម្ពុជា ហើយមានញត្តិមួយស្នើឲ្យអាជ្ញាធរឈប់រករឿង លោក សម រង្ស៊ី។
ការវាយប្រហារចុងក្រោយផ្ទួនៗមកលើគណបក្សជំទាស់បានធ្វើឲ្យមានប្រតិកម្មជាអន្តរជាតិចម្រុះ រាប់ទាំងក្រសួងការបរទេសសរអា អ.ស.បនិង បណ្តាប្រទេសនានានិងអង្គការជាតិនិងអន្តរជាតិផងដែរ។
មេដឹកនាំគណបក្សជំទាស់លោក សម រង្ស៊ី ពុំទាន់បានវិលត្រឡប់មកកម្ពុជាវិញនោះទេ ក្រោយពីមានបញ្ហាផ្នែកនយោបាយក្នុងប្រទេសនិងផ្ទាល់ខ្លួនលោកពាក់ព័ន្ធនឹងការចេញដីកាចាប់ខ្លួនពីបទបរិហារកេរ្តិ៍និងញុះញង់ឲ្យមាន ការរើសអើងកាលពីឆ្នាំ២០០៨ ពាក់ព័ន្ធនឹងតួនាទីលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក្នុងគុកបឹងត្របែកសម័យខ្មែរក្រហម។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាលម្នាក់បានថ្លែងថាបរទេស គួរមើលអំពីការអនុវត្តន៍ច្បាប់និងនីតិរដ្ឋនៅកម្ពុជា។ លោកបន្ថែមថា ករណីលោក សម រង្ស៊ី គឺជារឿងតុលាការ។
«ពីព្រោះការងារនៅស្រុកខ្មែរយើងកំពុងតែពង្រឹងនីតិរដ្ឋ ហើយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមិនមែនស្ថិតនៅក្នុងកណ្តាប់ដៃរបស់បុគ្គលណាម្នាក់ នោះឡើយ គឺស្ថិតនៅលើជម្រើសរបស់មហាជនរបស់កម្ពុជាហើយនឹងស្ថិតនៅលើរដ្ឋធម្មនុញ្ញរបស់កម្ពុជាដែលគេហៅថាសេរីនិយមពហុបក្ស»។
មេដឹកនាំគណបក្សជំទាស់លោក សម រង្ស៊ី កំពុងនិរទេសខ្លួននៅក្រៅប្រទេសដើម្បីគៀងគរឲ្យមានការគាំទ្រជានយោបាយដល់រូបលោកក្នុងការបើកផ្លូវឲ្យមានការវិលមកកម្ពុជាវិញដោយគ្មានការចាប់ខ្លួននិងផ្តល់អភ័យឯកសិទ្ធិសភាវិញហើយ ធានាពីស្ថានភាពប្រក្រតីដែលក្រុមជំទាស់របស់លោក អាចបំពេញកិច្ចការបាន៕