រដ្ឋាភិបាលអូស្ត្រាលីនៅសប្ដាហ៍នេះ បានប្រកាសផ្ដល់ជំនួយឥតសំណងចំនួន៧លានដុល្លារ ដើម្បីអភិវឌ្ឍន៍គម្រោងធារាសាស្ត្រចំនួន៤នៅខេត្តព្រៃវែង ដែលជាផ្នែកមួយនៃការជួយឲ្យប្រជាពលរដ្ឋខ្មែរក្នុងខេត្តនេះមានលទ្ធភាពទទួលបានទឹកប្រើប្រាស់សម្រាប់ការដាំដំណាំស្រូវពី២ទៅ៣ដងក្នុងមួយឆ្នាំ។ នេះបើយោងតាមសេចក្ដីប្រកាសមួយរបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ដែល VOAបានទទួល។
អ្នកតាមដានការអភិវឌ្ឍសង្គមខ្មែរ លើកឡើងថា រដ្ឋាភិបាលខ្មែរ ត្រូវបង្កើនយន្តការដោះស្រាយបញ្ហាប្រឈម គ្រាមានការខ្វះទឹកប្រើប្រាស់សម្រាប់កិច្ចការកសិកម្ម និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ បន្ថែមលើការផ្ដល់ជំនួយពីប្រទេសដៃគូអភិវឌ្ឍន៍។
សេចក្ដីប្រកាសរបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ឲ្យដឹងថាគម្រោងធារាសាស្ត្រចំនួន៤ដែលត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលអូស្ត្រាលី ត្រូវបានផ្ដល់ជូនសហគមន៍ជាច្រើនក្នុងខេត្តព្រៃវែង។
សេចក្ដីប្រកាសព័ត៌មានដដែលបានឲ្យដឹងថា គម្រោងទាំង៤ដែលស្ថិតក្នុងស្រុកព្រះស្ដេច ពាមជរ កំពង់ត្របែក និងពាមរក៍ នឹងផ្ដល់ឲ្យគ្រួសារកសិករជាង១.៥០០គ្រួសារ ទទួលបានទឹកស្រោចស្រពវិលជុំរាល់ឆ្នាំ ដែលនឹងអនុញ្ញាតឲ្យពួកគេអាចដាំដំណាំស្រូវពី២ ទៅ៣ដងក្នុងមួយឆ្នាំៗ។
អ្នកស្រី Angela Corcoran ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា ត្រូវបានស្រង់សម្ដីជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរក្នុងន័យដើមថា៖
«នេះជាគឺជាឧទាហរណ៍មួយផ្សេងទៀតនៃរបៀបដែលកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍរបស់អូស្ត្រាលីនៅកម្ពុជា កំពុងផ្ដល់ផលប្រយោជន៍ដែលមានចិរភាពប្រកបដោយគុណភាពខ្ពស់ដល់កសិករខ្មែរ»។
អ្នកស្រីបានថ្លែងបន្ថែមថា៖
«ខ្ញុំមានមោទនភាពចំពោះកិច្ចការរបស់អូស្ត្រាលី ដើម្បីជួយគ្រួសារជាច្រើន និងសហគមន៍នានានៅតាមតំបន់ជនបទរបស់កម្ពុជា ដើម្បីបង្កើនប្រាក់ចំណូល និងរៀបចំត្រៀមដោះស្រាយបញ្ហាប្រឈមរយៈពេលវែងជាច្រើន ដូចជាកង្វះពលកម្ម និងការប្រែប្រួលអាកាសធាតុ»។
លោកបណ្ឌិត មាស នី អ្នកវិភាគស្ថានការណ៍នយោបាយខ្មែរ និងជាអ្នកសិក្សាស្រាវជ្រាវខាងការអភិវឌ្ឍសង្គម មានប្រសាសន៍ប្រាប់ VOA នៅថ្ងៃសុក្រថា ប្រទេសកម្ពុជានៅខ្វះខាតយុទ្ធសាស្ត្រពង្រីកប្រព័ន្ធធារាសាស្ត្រនៅក្នុងប្រទេស ហើយក៏មិនទាន់មានវិធានការប្រកបដោយប្រសិទ្ធភាពទុកជាមុន ដើម្បីឆ្លើយតបទៅនឹងបាតុភូតខ្វះទឹកដែលធ្លាប់បានកើតឡើងនាពេលកន្លងមក។
លោកបានកត់សម្គាល់ថា មន្ត្រីខ្មែរច្រើនចូលចិត្តដោះស្រាយបញ្ហា ដោយយោងតាមស្ថានភាពជាក់ស្ដែង ដើម្បីកេងប្រយោជន៍នយោបាយ ជាជាងរកដំណោះស្រាយដែលមានប្រសិទ្ធភាពជូនពលរដ្ឋខ្លួនក្នុងរយៈពេលយូរ។
លោកមានប្រសាសន៍ថា៖
«យើងដឹងហើយថាអាការចែកទឹកសម្រាប់មនុស្សផឹកនេះ វាមិនមែនជារឿងមួយដែលយើងដឹកទៅ មនុស្សអាចយកទឹកហ្នឹងទៅប្រើបាន២ ឬ៣ខែ ដូចដែលយើងដឹកអង្ករយកទៅចែកទេបាទ»។
លោកបានបន្ថែមថា៖
«ទឹកប្រើដឹកហ្នឹងលឿនណាស់បានតែប្រើមួយថ្ងៃទៅមួយថ្ងៃ ហើយរដ្ឋាភិបាលគឺមិនអាចមានលទ្ធភាពនៅក្នុងការដឹកជញ្ជូនទឹកយកទៅឲ្យពលរដ្ឋហ្នឹង បានគ្រប់ទីកន្លែងជារៀងរាល់ថ្ងៃរហូតទៅដល់ពេលរដូវភ្លៀងធ្លាក់ទេបាទ។ សំខាន់គឺការរកដំណោះស្រាយ សម្រាប់រយៈពេលវែង ការជីកស្រះ ឬជីក ឬក៏ការទប់ទំនប់ធំៗ ដើម្បីរក្សាទឹកហ្នឹងយកមកសម្រាប់ចែកចាយជូនទៅដល់ពលរដ្ឋប្រើក្នុងរយៈពេលវែង។ អានេះ វាជាដំណោះស្រាយត្រឹមត្រូវសម្រាប់អនាគតបាទ»។
លោក អ៊ុយ សាគុណ នាយករដ្ឋបាលសាលាខេត្តព្រៃវែង មិនទាន់បានទទួលដំណឹងអំពីការផ្ដល់ជំនួយរបស់អូស្ត្រាលី សម្រាប់អនុវត្តន៍គម្រោងធារាសាស្ត្រចំនួន៤ក្នុងខេត្តរបស់លោកនោះទេ។
លោកក៏សុំមិនផ្ដល់អធិប្បាយលម្អិតអំពីស្ថានភាពធនធានទឹកក្នុងខេត្តរបស់លោក ដែរ ដោយសារតែលោកមិនមែនជាមន្ត្រីជំនាញ។ តែលោកថា ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងពិតជាមានតម្រូវការប្រព័ន្ធស្រោចស្រពទឹកបន្ថែមទៀត។
«ការខ្វះប្រព័ន្ធធារាសាស្ត្រមាន។ ព្រៃវែងនេះ ត្រូវការប្រព័ន្ធធារាសាស្ត្រហ្នឹងច្រើនជាងគេ។ បើបាន ល្អ»។
កាលពីឆ្នាំ២០១៦ ប្រជាពលរដ្ឋខ្មែរមួយចំនួនប្រឈមការខ្វះទឹកប្រើប្រាស់ ដោយសារការរាំងស្ងួត។
ជាក់ស្ដែងនៅខេត្តបន្ទាយមានជ័យ ជារៀងរាល់ថ្ងៃ អាជ្ញាធរដឹកជញ្ជូនទឹកជូនដល់ប្រជាពលរដ្ឋពីទីរួមខេត្តទៅចែកចាយតាមភូមិ។ សកម្មភាពចែកចាយទឹកនេះធ្វើទៅតាមបទបញ្ជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីលោកប្រកាសតាមបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ប្រាប់ឲ្យអាជ្ញាធរដឹកចែកចាយទឹកដល់ប្រជាពលរដ្ឋ។
លោកមាស នី យល់ថា សកម្មភាពបែបនេះ មិនគួរកើតមានតទៅទៀតទេ ហើយរដ្ឋាភិបាលត្រូវមានផែនការត្រៀមទុកជាមុន ក្នុងការគ្រប់គ្រងធនធានទឹកដើម្បីផ្ដល់ជូនពលរដ្ឋតាមប្រព័ន្ធចែកចាយទឹកសមស្របមួយ ក្នុងពេលមានអាសន្ន ឬក៏គ្រោះរាំងស្ងួតណាមួយនោះ ជាជាងក្រុមមន្ត្រីលើកគ្នាចែកចាយទឹកដល់ពលរដ្ឋ រួចផ្សាយតាមទូរទស្សន៍ដើម្បីប្រយោជន៍នយោបាយរបស់ពួកគេ៕