សមាជិកាព្រឹទ្ធសភាអូស្ត្រាលីម្នាក់មកពីគណបក្សជំទាស់ គឺលោកស្រី Sarah Hanson-Young បានស្វះស្វែងរកការបញ្ឈប់ការបញ្ជូនជនភៀសខ្លួនចម្រុះជាតិសាសន៍ពីអូស្ត្រាលីមកកម្ពុជា។ នេះបើតាមការអះអាងរបស់លោក កឹម សុខា អនុប្រធានទី១នៃរដ្ឋសភាកម្ពុជា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ ដែលបានថ្លែងក្នុងទំព័រ Facebook របស់លោក ក្រោយពីជំនួបមួយកាលពីថ្ងៃអង្គារក្នុងរាជធានីភ្នំពេញ។
លោកបានថ្លែងថា គោលជំហរគណបក្សជំទាស់អូស្ត្រាលីនិងគោលជំហរគណ បក្សជំទាស់កម្ពុជា គឺដូចគ្នាអំពីរឿងជំទាស់នឹងការបញ្ជូនជនភៀសខ្លួនមកកម្ពុជា ដែលរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលអូស្ត្រាលីបានចុះហត្ថលេខាកាលពីចុងខែកញ្ញា។
លោកកឹម សុខាបានអះអាងដូច្នេះក្រោយពេលលោកបានជួបសវនាការជាមួយ លោកស្រី Sarah Hanson-Young សមាជិកាព្រឹទ្ធសភានៃគណបក្សបៃតងប្រទេសអូស្ត្រាលី។
លោកកឹម សុខាបានបន្តថា លោកស្រីសមាជិកព្រឹទ្ធសភានឹងអញ្ជើញលោកទៅ បំពេញទស្សនកិច្ចក្នុងប្រទេសអូស្ត្រាលីដើម្បីជំរាបជូនប្រជាពលរដ្ឋអូស្ត្រាលី អង្គការនីតិបញ្ញតិនិងនីតិប្រតិបត្តិអំពីការជំទាស់របស់គណបក្សជំទាស់កម្ពុជានេះ៕