សមាជិករដ្ឋសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋលោក Michael McCaul បាននិយាយនៅក្នុងទីក្រុង Sydney ប្រទេសអូស្ត្រាលីកាលពីថ្ងៃសុក្រថា ការផលិតរួមគ្នារបស់ប្រទេសអូស្ត្រាលីនិងសហរដ្ឋអាមេរិកនូវមីស៊ីលលឿនជាងសំឡេងអាចកាត់បន្ថយសម្ពាធលើមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់សហរដ្ឋអាមេរិកនិងបង្កើនការកម្លារារាំងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងបទសម្ភាសន៍មួយ លោក McCaul ដែលជាប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិក បាននិយាយថា ការផលិតអាវុធទំនើបរបស់អូស្ត្រាលីបានផ្តល់ជាឧទាហរណ៍មួយអំពីរបៀបដែលការសម្រួលអាជ្ញាបណ្ណនៃបច្ចេកវិទ្យាការពារជាតិដ៏រសើបរបស់សហរដ្ឋអាមេរិកនិងការលើកលែងអាជ្ញាបណ្ណលើទំនិញ ៧០% នៃការនាំចេញផ្នែកការពារជាតិទៅកាន់ប្រទេសអូស្ត្រាលីចាប់ពីថ្ងៃទី ១ ខែកញ្ញាទៅនឹងជួយអាមេរិកប្រជែងជាមួយនឹងចិនក្នុងការអភិវឌ្ឍអាវុធទំនើប។
មីស៊ីលលឿនជាងសំឡេងដែលធ្វើដំណើរក្នុងបរិយាកាសខាងលើក្នុងល្បឿនលឿនជាងសំឡេងប្រាំដងត្រូវបានសាកល្បងដោយប្រទេសចិនក្នុងឆ្នាំ ២០២១។ ការសាកល្បងនេះបានជំរុញឱ្យមានការប្រណាំងប្រជែងបច្ចេកវិទ្យាជាមួយសហរដ្ឋអាមេរិក។ ការប្រើប្រាស់មីស៊ីលប្រភេទនេះដោយរុស្ស៊ីកាលពីពេលថ្មីៗនេះនៅក្នុងសង្រ្គាមអ៊ុយក្រែនបានបង្កក្តីបារម្ភក្នុងចំណោមសមាជិកអង្គការអូតង់ (NATO)។
លោក McCaul បាននិយាយថា មីស៊ីលលឿនជាងសំឡេងរបស់ចិន «អាចវាយប្រហារអូស្ត្រាលីក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ហើយអូស្ត្រាលីមិនអាចបញ្ឈប់វានៅពេលនេះបានទេ។ ដូច្នេះយើងត្រូវតាមវាឱ្យទាន់ »។
លោកបានបន្ថែមថា៖ «ខ្ញុំបានស្ថិតនៅក្រុមហ៊ុនមួយដែលផលិតមីស៊ីលលឿនជាងសំឡេងកាលពីថ្ងៃព្រហស្បតិ៍ ហើយយើងចង់ឈានទៅរកការផលិតរួមគ្នា»៕