កិច្ច​ប្រជុំ​អូស្ត្រាលី​អាស៊ាន​បញ្ចប់​ដោយ​ការ​ប្រឆាំង​នឹង​ទស្សនៈ​គាំពារ​និយម​ចំពោះតែ​ផលិតផល​ក្នុង​ប្រទេស

មេដឹក​នាំ​ក្នុង​ប្រទេស​អាស៊ាន​ទាំង​ដប់​រួម​ទាំង​នាយករដ្ឋមន្រ្តី​អូស្រ្តាលី​ Malcolm ចូល​រួម​ក្នុង​​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ក្នុង​ទីក្រុង​ស៊ីដនី​កាលពី​ថ្ងៃទី ១៧ មីនា ២០១៨។

មេដឹកនាំ​អូស្ត្រាលី និង​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​អាស៊ាន​បាន​បិទ​បញ្ចប់​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​មួយ​នៅ​ថ្ងៃ​អាទិត្យ​នេះ ដោយ​ប្រកាន់​នូវ​គោល​ជំហរ​ប្រឆាំង​នឹង​ទស្សនៈ​គាំពារ​និយម​ចំពោះ​តែ​ផលិតផល​ក្នុង​ប្រទេស។ ពួកគេ​បាន​អះអាង​គាំទ្រ​ចំពោះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ពហុ​ជាតិ ស្រប​ពេល​ដែល​មាន​ការ​កើន​ឡើង​នូវ​ការ​ភ័យ​ខ្លាច​ដែល​ថា គម្រោង​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​យក​ពន្ធ​គយ​ថ្មី​លើ​ផលិតផល​នាំ​ចូល​មួយ​ចំនួន​អាច​បង្ក​ឲ្យ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​នៅ​លើ​ពិភពលោក។

នាយករដ្ឋមន្ត្រី​សិង្ហបុរី​លោក Lee Hsien Loong បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដើម្បី​បិទ​បញ្ចប់​កិច្ច​ប្រជុំ​អូស្ត្រាលី​អាស៊ាន​យ៉ាង​ដូច្នេះ​ថា៖ «យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុ​ភាគី​ដែល​មាន​លក្ខណៈ​សេរី បើក​ចំហ និង​ផ្អែក​លើ​ច្បាប់ គឺ​ជា​កត្តា​ចម្បង​ចំពោះ​ភាព​រីក​ចម្រើន និង​វិបុលភាព​នៅ​ក្នុង​តំបន់»។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ប្រកាស​អំពី​ការ​យក​ពន្ធ​គយ​ថ្មី​នេះ​កាល​ពី​ថ្ងៃ​ទី ៧ ខែ​មិនា​កន្លង​ទៅ​នេះ ដើម្បី​ការពារ​រោងចក្រ​ផលិត​ដែក​ថែប និង​អាលុយមីញ៉ូម​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដោយ​ផ្អែក​លើ​ហេតុផល​សន្តិសុខ​ជាតិ។ សហរដ្ឋ​អាមេរិក​ក៏​គ្រោង​នឹង​យក​ពន្ធ​គយ​រហូត​ដល់​ចំនួន ៦០ ពាន់​លាន​ដុល្លារ​អាមេរិក​ផង​ដែរ ចំពោះ​ការ​នាំ​ចូល​ផលិតផល​ផ្សេងៗ​ទាក់ទិន​នឹង​វិស័យ​បច្ចេកវិទ្យា និង​ទូរគមនាគមន៍​ពី​ប្រទេស​ចិន។

លោក Lee Hsien Loong និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Malcolm Turnbull បាន​ជំរុញ​ឲ្យ​អាស៊ាន​ធ្វើ​ការ​ឯកភាព​គ្នា​ឲ្យ​បាន​ឆាប់​ចំពោះ​កិច្ច​ព្រមព្រៀង​ដៃគូ​សេដ្ឋកិច្ច​ដ៏​ទូលំទូលាយ​ក្នុង​តំបន់ ដែល​ជា​កិច្ច​ព្រមព្រៀង​គាំទ្រ​ដោយ​ប្រទេស​ចិន​មួយ ជំនួស​ឲ្យ​កិច្ច​ព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក TPP ដែល​លោក Trump បាន​ដក​សហរដ្ឋ​អាមេរិក​ចេញ​កាល​ពី​ឆ្នាំ​មុន៕