អូស្ត្រាលី​នឹង​ធ្វើ​ការ​ហាម​ឃាត់​មួយ​ជីវិត​មិន​ឲ្យ​ជន​ភៀសខ្លួន​​ធ្វើ​ដំណើរ​តាម​ទូក​ចូល​មក​ក្នុង​ទឹកដី​អូស្ត្រាលី

រូបភាពឯកសារ៖ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Malcolm Turnbull ថ្លែងទៅកាន់​អ្នក​គាំទ្រ​គណបក្ស​ក្នុង​ការ​ជួបជុំ​មួយ​នៅទីក្រុងស៊ីដនី​កាល​ពី​ថ្ងៃទី​៣ កក្កដា ២០១៦។

រដ្ឋសភា​អូស្ត្រាលី​នឹង​ធ្វើ​ការ​បោះ​ឆ្នោត​នា​សប្ដាហ៍​ក្រោយ​នេះ​លើ​គម្រោង​រារាំង​ជន​ភៀស​ខ្លួន​ណា​ដែល​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​អូស្ត្រាលី​តាម​ទូក​មិន​ឲ្យ​ទទួល​បាន​ទិដ្ឋាការ​រស់​នៅ ទិដ្ឋាការ​ទេសចរណ៍ ឬ​ក៏​មាន​សិទ្ធ​បង្កើត​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​នោះ​ទេ។

លោក​នាយក​រដ្ឋមន្ត្រី Malcolm Turnbull បាន​និយាយ​ថា បម្រាម​មួយ​ជីវិត​នេះ​កំពុង​ត្រូវ​បាន​ធ្វើ​ឲ្យ​ក្លាយជា​ច្បាប់ ដើម្បី​រារាំង​អ្នក​រត់​ពន្ធ​មនុស្ស​កុំ​ឲ្យ​រត់​ពន្ធចូល​មក​ក្នុង​ទឹកដី​អូស្ត្រាលី។

លោក Turnbull បាន​និយាយ​ថា៖ «នេះ​ជា​ការ​ប្រយុទ្ធ​តស៊ូ​នៃ​ឆន្ទៈ​រវាង​ប្រជាពលរដ្ឋ​អូស្ត្រាលី ដែល​មាន​រដ្ឋាភិបាល​អូស្ត្រាលី​ជា​តំណាង និង​ឧក្រិដ្ឋជនដែល​ជា​អ្នក​រត់​ពន្ធ​មនុស្ស»។

ប៉ុន្តែ ទោះបី​ជា​ច្បាប់​ដែល​បាន​ស្នើ​ឡើង​នេះ មាន​គោល​បំណង​ក្នុង​ការ​បញ្ឈប់​សកម្មភាព​របស់​អ្នក​រត់​ពន្ធ​មនុស្ស​ក៏​ដោយ ក៏​អ្នក​ដែល​ត្រូវ​រង​ការ​ប៉ះពាល់​ពី​ច្បាប់​នេះ គឺ​ជា​ជន​ភៀស​ខ្លួន​រាប់​ពាន់​នាក់ ដែល​មក​ពី​ទ្វីប​អាហ្វ្រិក អាស៊ី និង​មជ្ឈិម​បូព៌ា។

ច្បាប់​ថ្មី​នេះ​នឹង​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ទូក ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មណ្ឌល​ដំណើរ​ការ​ផ្លូវ​ច្បាប់​មួយ​របស់​ប្រទេស​អូស្ត្រាលី​នៅ​លើ​កោះ Nauru ឬ​ក៏​កោះ Manus នៃ​ប្រទេសប៉ាពូអាស៊ី​នូវែលហ្គីណេ​នៅ​ត្រឹម​ថ្ងៃ​ទី ១៩ ខែ​កក្កដា ឆ្នាំ ២០១៣។ រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​បាន​រារាំង​ជន​ភៀស​ខ្លួន​ទាំង​នោះ​មិន​ឲ្យ​តាំង​ទី​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ទោះបីជា​ពួកគេ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ជា​ជន​ភៀស​ខ្លួន​ពិត​ប្រាកដ​ក៏​ដោយ។ ជំនួស​មក​វិញ រដ្ឋាភិបាល​អូស្ត្រាលី​បាន​ផ្ដល់​ឲ្យ​អ្នក​ស្វែង​រក​សិទ្ធ​ជ្រក​កោន​ទាំង​នោះ​នូវ​ជម្រើស​មួយ​ចំនួន​ដូចជា​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​របស់​ខ្លួន​វិញ បន្ត​ជីវភាព​រស់នៅ​នៅ​លើ​កោះ​ដែល​អូស្ត្រាលី​បញ្ជូន​ទៅ ឬ​ក៏​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ទី​បី។

កុមារ​អាច​ត្រូវ​បាន​គេ​លើកលែង​ពី​ការ​រារាំង​នេះ ដោយ​ហេតុ​ថា រដ្ឋមន្ត្រី​អន្តោប្រវេសន៍​អូស្ត្រាលី​អាច​មាន​លទ្ធភាព​ក្នុង​ការ​ធ្វើ​ការ​លើក​លែង​នេះ​បាន​នៅ​ក្នុង​ច្បាប់​ដែល​កំពុង​តែ​ស្នើ​ឡើង​នេះ៕