អូស្រ្តាលី​កោះហៅ​ឱ្យ​ចិន​ជួយ​បញ្ចប់​សង្រ្គាម​នៅ​អ៊ុយក្រែន

  • Phil Mercer

រូប​ឯកសារ៖ រដ្ឋមន្រ្តី​ការបរទេស​អូស្រ្តាលី​អ្នកស្រី Penny Wong ជួប​ជាមួយ​រដ្ឋមន្រ្តី​ការ​បរទេស​ចិន​លោក Wang Yi នៅ​ខាង​ក្រៅ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស G20 នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០២២។

រដ្ឋមន្រ្តី​ការបរទេស​អូស្រ្តាលី​អ្នកស្រី Penny Wong បាន​កោះហៅ​ឱ្យរដ្ឋាភិបាល​ចិន​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន ដើម្បី​បញ្ចប់​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។ អ្នកស្រី Wong បាន​និយាយ​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២២ ខែ​កញ្ញា បន្ទាប់​ពី​កិច្ច​ជំនួប​ជាមួយ​នឹង​រដ្ឋមន្រ្តី​ការ​បរទេស​ចិន​លោក Wang Yi ក្នុង​ជំនួប​ក្រៅផ្លូវការ​មួយ​អំឡុងពេល​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ក្នុង​ក្រុង​New York។

អ្នកស្រី Wong បាន​និយាយ​ថា អ្នកស្រី​បានចូលរួម​ក្នុង​កិច្ចប្រជុំ​ «ប្រកប​ដោយលក្ខណៈ​ស្ថាបនា» មួយ​ជាមួយ​នឹង​រដ្ឋមន្រ្តី​ការបរទេស​ចិន។

អូស្រ្តាលី​ចង់​ឱ្យ​ចិន​ប្រើប្រាស់​តំណែង​របស់​ខ្លួន​ជា​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អចិន្រ្តៃយ៍​របស់​អង្គការសហប្រជាជាតិ​ ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រុង​មូស្គូ​បញ្ឈប់​សង្រ្គាម​នៅ​អ៊ុយក្រែន។

រដ្ឋាភិបាល​អូស្រ្តាលី​សន្យា​នឹង​បន្ត​ផ្តល់​ជំនួយ​ផ្នែក​យោធា​ទៅ​ឱ្យ​អ៊ុយក្រែន។ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ធ្វើ​ឱ្យ​ជម្លោះ​នេះកាន់​តែ​តានតឹង តាមរយៈ​ការ​គំរាម​ប្រើប្រាស់​គ្រប់​សព្វាវុធ និង​ការ​បញ្ជា​ឱ្យ​មាន​ការ​កេណ្ឌ​ទ័ព​បម្រុង​ទ្រង់ទ្រាយ​ធំ ដែល​ជា​ការ​កេណ្ឌ​ទ័ពលើក​ដំបូង​ចាប់តាំង​ពី​សង្រ្គាម​លោក​លើកទីពីរ​មក។

រដ្ឋមន្រ្តី​ការបរទេស​អូស្រ្តាលី​អ្នកស្រី Penny​ Wong បាន​ថ្កោលទោស​ភាព​គឃ្លើន​របស់​រុស្ស៊ី​នៅ​ក្នុង​សុន្ទរកថា​របស់​អ្នកស្រី កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២២ ខែ​កញ្ញា​កន្លង​ទៅ​នេះ។

​អ្នកស្រី​ថ្លែង​ថា៖ «ការ​គំរាមកំហែង​ទាំង​នេះ​ជា​រឿង​មិន​នឹកស្មានដល់ និង​ជា​រឿង​ខ្វះ​ភាព​ទទួល​ខុសត្រូវ។ ការ​អះអាង​របស់​លោក [Putin] ​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​របស់​លោក​គឺ មិន​ពិត​នោះ​ទេ។ គ្មាន​ការ​ធ្វើ​ប្រជាមតិ​បោកបញ្ឆោត​ណា​មួយ​នឹង​ធ្វើ​ឱ្យ​ការ​អះអាង​នេះ​ពិតនោះ​ទេ។​ រុស្ស៊ី​តែ​មួយ​គត់​គឺ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​សង្រ្គាម​ខុសច្បាប់ និង​ខុស​ក្រម​សីលធម៌​នេះ ហើយ​សន្តិភាព​គឺ​មាន​នៅ​ពេល​ដែល​រុស្ស៊ី​ដកទ័ព​ពី​ទឹកដី​អ៊ុយក្រែន»។

អូស្រ្តាលី​គឺ​ជាប្រទេស​ដែល​មិនមែន​ជា​សមាជិក​អង្គការ​អូតង់​ ដែល​ចូលរួម​ចំណែក​ច្រើនជាង​គេ​បង្អស់​ផ្នែក​ជំនួយ​យោធា​ទៅ​កាន់​អ៊ុយក្រែន។ ប្រទេស​នេះ​បាន​បញ្ជូន​គ្រាប់​មីស៊ីល និង​រថពាសដែក​ ក៏ដូចជា​ជំនួយ​មនុស្សធម៌ និង​បាន​ដាក់​ទណ្ឌកម្ម​លើ​អ្នកនយោបាយ មេបញ្ជាការ​យោធា និង​អ្នក​ជំនួញ​រុស្ស៊ី​រាប់រយ​នាក់។

មក​ទល់​នឹង​ពេល​នេះ ​រដ្ឋាភិបាល​អូស្ត្រាលី​បាន​ចំណាយ​ទឹកប្រាក់​ប្រមាណ ២៤០​លាន​ដុល្លារ​ដើម្បី​ផ្តល់ការ​គាំទ្រ​ផ្នែក​សព្វាវុធ​និង​យោធា​ទៅ​ដល់អ៊ុយក្រែន។ ហើយ​ចាប់តាំង​ពី​ខែ​កុម្ភៈ​មក​ អូស្រ្តាលី​បាន​ផ្តល់​ទិដ្ឋាការ​ឱ្យ​ជនភៀសខ្លួន​អ៊ុយក្រែន​ជិត ៩.០០០​នាក់។ ​
​សមាជិក​សភា​គណបក្ស​ប្រឆាំង​នៅ​អូស្ត្រាលី​ចង់​ឱ្យ​អូស្ត្រាលីធ្វើ​តាម​សហរដ្ឋ​អាមេរិក និង​បង្កើន​ជំនួយ​ទៅ​កាន់​អ៊ុយក្រែន។

មន្រ្តី​បក្ស​ប្រឆាំង​ទទួល​បន្ទុក​លើ​ផ្នែក​កិច្ចការ​ការបរទេស​នៅ​អូស្រ្តាលី​លោក Simon Birmingham បាន​និយាយ​ថា ពិភពលោក​ត្រូវ​បន្ត​ដាក់​សម្ពាធ​ឱ្យ​បាន​ខ្លាំង​បំផុត​ទៅ​លើ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​នាយក​រដ្ឋមន្រ្តី​អង់គ្លេស​អ្នកស្រី Liz Truss ក៏​បាន​ព្រមព្រៀង​ក្នុង​ការ​បន្ត​គាំទ្រ​ផ្នែក​សេដ្ឋកិច្ច​និង​យោធា​ចំពោះអ៊ុយក្រែន​ផង​ដែរ៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា