អូស្ត្រាលី​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ការពារ​ជាតិ​យ៉ាង​ធំ​​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​អាល្លឺម៉ង់​

  • Phil Mercer

​អធិការបតី​អាល្លឺម៉ង់​ លោក​ Olaf Scholz និង​នាយករដ្ឋមន្ត្រីអូស្ត្រាលី​លោក Anthony Albanese មកទីក្រុង​បែរឡាំង​ក្នុង​ប្រទេស​អាល្លឺម៉ង់​កាលពីថ្ងៃទី​១០ កក្កដា ឆ្នាំ២០២៣។

អូស្ត្រាលី​នឹង​ផ្គត់ផ្គង់​រថពាស​ដែក​ម៉ាក​ Boxer ​ផលិត​នៅ ​ទីក្រុង​ Brisbane​ ចំនួន​១០០​ គ្រឿង​ដល់​ប្រទេស​អាល្លឺម៉ង់​ចាប់ពី​ឆ្នាំ​២០២៥ ​តទៅ។

កិច្ចព្រមព្រៀង​នេះ​មាន​តម្លៃ​៦៦១​លាន​ដុល្លារ ​ហើយ​ត្រូវ​បានចុះ​ហត្ថលេខា​ជាផ្លូវការ​នៅ​ថ្ងៃទី​១១ ខែ​កក្កដា។ ក្រុម​អ្នកវិភាគ​បាន​និយាយ​ថា ​រថពាសដែក​វាយ​ប្រហារ​ធុន​ធ្ងន់​ម៉ាក​ Boxer ​ដែល​បំពាក់​ដោយ​កាណុង​កាំភ្លើង​ មាន​កេរ្តិ៍ឈ្មោះ​សម្រាប់​ភាព​ងាយស្រួល​ចល័ត​ កម្លាំង​បាញ់ខ្លាំង​ និង​ការ​ការពារ​ទល់​នឹង​ការ​បំផ្ទុះ​ដោយ​សារ​មានតួ​យាន​មាំ​ និង​កង់​មាន​ប្រអប់​ការពារ។ យាន​វាយ​ប្រហារ​ដែល​ផលិត​ដោយ​អូស្ត្រាលីនឹង​ត្រូវ​ប្រើ​ជំនួស​រថពាស​ដែក​បំពាក់​អាវុធ​ធុន​ធ្ងន់​ដែល​មាន​វ័យ​ចំណាស់​តាមកងអនុសេនា​តូច​របស់​កងទ័ព​អាល្លឺម៉ង់។

ក្រុមហ៊ុន​កិច្ចសន្យា​ផ្នែក​ការពារ​ជាតិ​អាល្លឺម៉ង់​ឈ្មោះ​ Rheinmetall ​បាន​ចាប់​ផ្តើម​ផលិត​រថពាស​ដែក​ Boxer Combat Reconnaissance នៅ​ក្នុង​រដ្ឋ​ Queensland​ ប្រទេស​អូស្ត្រាលី ​តាំង​ពី​ខែ​មីនា។ ក្រុមហ៊ុន​នេះមាន​កិច្ចសន្យា​ផ្គត់ផ្គង់​រថពាស​ដែក​ជាង​២០០​ គ្រឿង​ដល់​យោធា​អូស្ត្រាលី។

ការលុកលុយ​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​បាន​នាំ​ឲ្យ​បណ្តា​ប្រទេស​នៅ​អឺរ៉ុបបំពេញ​បន្ថែម​យុទ្ធោបករណ៍​ ដែល​ជា​ការ​ផ្តល់​ឱកាស​ឱ្យ​អូស្ត្រាលី​នាំចេញ​បច្ចេកវិទ្យា​យោធា​របស់​អាល្លឺម៉ង់​ត្រឡប់​ទៅ​ប្រទេស​អាល្លឺម៉ង់​វិញ។

នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​ លោក Anthony Albanese ​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​បែរឡាំង ​ប្រទេស​អាល្លឺម៉ង់​កាលពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ​ថា ​វាគឺ​ជា​កិច្ចព្រមព្រៀង​អាវុធ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេស​របស់​លោក។

លោក​ថ្លែង​ថា៖ «កិច្ចព្រមព្រៀង​នេះ​នឹង​ក្លាយ​ជា​ការនាំចេញ​ដ៏​ធំ​បំផុត​មួយ​ដែល​មិន​ធ្លាប់​មាន​របស់​យើង។ (វា) នឹង​ធានា​ថា​ការងារ​ ចំនួន​១.០០០​ ដែល​មាន​នៅ​ក្នុង​រដ្ឋ Queensland ​នឹង​ដំណើរការ​រហូត​ទៅដល់​អនាគត​ ហើយ​នឹង​មាន​ទឹកប្រាក់​លើស​ពី​១​ពាន់​លាន​ដុល្លារ​អូស្រ្តាលី​សម្រាប់​សេដ្ឋកិច្ច​អូស្ត្រាលី។ វានឹង​ជំរុញ​អធិបតេយ្យភាព​របស់​យើង​ បង្កើន​សមត្ថភាព​ការពារ​ជាតិ​របស់​យើង​ និង​ជំរុញ​សេដ្ឋកិច្ច​របស់​យើង»។

លោក​ Albanese ​ក៏​បាន​ជួប​អធិការបតី​អាល្លឺម៉ង់​ លោក​ Olaf Scholz ​កាលពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា ​ ដើម្បី​ពិភាក្សា​អំពី​សង្គ្រាម​នៅ​អ៊ុយក្រែន ​និង​សន្តិសុខ​នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។

អូស្ត្រាលី​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មិន​មែន​សមាជិក​អង្គការ​អូតង់ដែល​បាន​បរិច្ចាគ​ដ៏​ធំ​បំផុត​ដល់ទីក្រុង​កៀវ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើ​សង្គ្រាម។ ថ្មីៗ​នេះ ​ទីក្រុង​កង់បេរ៉ា (Canberra) ​បាន​អនុម័ត​បន្ថែម​ជំនួយ​យោធា​ចំនួន​៧៣,៣​លាន​ដុល្លារ​ជា​ជំនួយដល់​អ៊ុយក្រែន។

កាលពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ​កន្លង​ទៅនេះ​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ លោក Jason Clare​ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា ខណៈពេល​ដែល​មាន​ការរិះគន់​ថា ​ជំនួយ​របស់​អូស្ត្រាលី​ក្នុង​ការ​ទប់ទល់​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​ដែល​បាន​ចាប់​ផ្តើម​តាំង​ពីខែកុម្ភៈ ​ឆ្នាំ​២០២២​ គឺ​មិន​គ្រប់គ្រាន់​នោះ​ទេ ​រដ្ឋាភិបាល​ទីក្រុងកង់បេរ៉ា​បាន​បង្ហាញ​ថា ​ការ​គាំទ្រ​នឹង​មាន​ច្រើន​ទៀត​ ទោះបីជា​លោក​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ណាមួយក៏ដោយ។

លោក ​Albanese​ ក៏​បាន​ជួប​នាយក​រដ្ឋមន្ត្រី​នូវែលសេឡង់ ​លោក Chris Hipkins ​ក្នុង​ដំណើរ​របស់​លោកទៅកាន់​អឺរ៉ុប​ផងដែរ​ដោយ​ រួម​មាន​ជាមួយ​នឹង​មេដឹកនាំ​ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​ ដែល​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​អូតង់កាល​ពី​សប្តាហ៍​មុនផង​ដែរ៕

ប្រែ​សម្រួល​ដោយ​ លោក ម៉ែន គឹមសេង