ឧបករណ៍ចំនួន ៨ ដែលធ្វើពីឆ្អឹងសត្វកង់ហ្គូរូ ត្រូវបានគេជីកចេញពីល្អាងភ្នំ Riwi នៅភាគខាងត្បូង តំបន់ Kimberley នៃរដ្ឋអូស្ត្រាលីខាងលិច ដោយក្រុមបុរាណវិទូ កាលពីដើមទសវត្សរ៍ ១៩៩០។ ការងារនោះត្រូវបានគាំទ្រដោយសហគមន៍មូលដ្ឋាន Mimbi Aboriginal។
បច្ចេកទេសកំណត់ពេលវេលាទំនើបឥឡូវនេះបានប៉ាន់ស្មានថា ឧបករណ៍ដែលត្រូវបានគេច្នៃឡើងនោះ មានអាយុកាលចន្លោះពី ៣៥.០០០ ឆ្នាំ និង ៤៦.០០០ ឆ្នាំ។ វាបានក្លាយជាវត្ថុបុរាណដែលមានវ័យចំណាស់ជាងគេ ដែលត្រូវបានរកឃើញក្នុងប្រទេសអូស្ត្រាលី។
ឧបករណ៍ទាំងនោះត្រូវបានច្នៃពីឆ្អឹងសត្វកង់ហ្គូរូ ដើម្បីបង្កើតជាឧបករណ៍ជាច្រើនរួមមាន លំពែងដើម្បីបរបាញ់សត្វបក្សីនិងត្រី។ ឆ្អឹងនោះក៏ប្រហែលត្រូវបានប្រើធ្វើជ័រកៅស៊ូ ដើម្បីបិទដងជាប់នឹងឧបករណ៍ផងដែរ។
បញ្ញវន្តនានាជឿថា វាជារឿងដ៏កម្រដែលវត្ថុបុរាណអាចទប់ទល់នឹងអាកាសធាតុដ៏អាក្រក់របស់តំបន់នេះបាន ដែលសីតុណ្ហភាពក្នុងរដូវក្តៅអាចឡើងដល់៣៨អង្សាសេរ។
អ្នកស្រី Michelle Langley នៃមជ្ឈមណ្ឌលស្រាវជ្រាវអូស្ត្រាលីសម្រាប់ការវិវត្តរបស់មនុស្សនៃសាកលវិទ្យាល័យ Griffith បានប្រាប់សាជីវកម្មផ្សព្វផ្សាយអូស្ត្រាលីថា ការស្រាវជ្រាវនោះបានផ្តល់ព័ត៌មានថ្មីអំពីជីវិតរបស់ប្រជាជនដើមអូស្ត្រាលី។
«បើយើងមើលលើស្នាមដ៏តូចៗ និងការខូចខាតលើឧបករណ៍ទាំងនេះ យើងអាចកំណត់បានថាឧបករណ៍មួយចំនួនប្រហែលត្រូវបានប្រើជាចុងលំពែង និងផ្សេងទៀត សម្រាប់ចាក់កន្ត្រក ឬធ្វើស្បែកផ្សេងៗ។ មានមនុស្សជាច្រើននិយាយថា មិនមានអ្នកណាប្រើឧបករណ៍ធ្វើពីឆ្អឹងនៅភាគខាងជើងទេកាលពី ២០.០០០ ឆ្នាំមុន ប៉ុន្តែឥឡូវយើងដឹងហើយថា វាមិនពិតឡើយ។ ពួកគេបានប្រើវា។ យើងគ្រាន់តែរកមិនទាន់ឃើញប៉ុណ្ណោះ»។
ការសិក្សានោះក៏មានចំណែករបស់សាកលវិទ្យាល័យជាតិអូស្ត្រាលី និងត្រូវបានផ្សាយក្នុងទិនានុប្បវត្តិអន្តរជាតិនៃការសិក្សាបុរាណវិទ្យាផ្នែកឆ្អឹង (International Journal of Osteoarchaeology)។
ក្រុមជនជាតិដើមបានមកតាំងទីលំនៅក្នុងប្រទេសអូស្ត្រាលី កាលពី ៦៥.០០០ ឆ្នាំមុន។ ប្រហែល ៣ ភាគរយនៃជនជាតិអូស្ត្រាលីសរុប ជាជនជាតិដើម៕
ប្រែសម្រួលដោយ ទុំ ម្លិះ