លោកស្រី អង់សាន ស៊ូជី នឹង​មិន​ចូលរួម​ក្នុង​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ

លោក​ស្រី អង់សាន ស៊ូជី​ ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា Narendra Modi នៅ​ក្នុង​ក្រុង Naypyitaw ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧។

មេដឹកនាំ​ប្រទេស​មីយ៉ាន់ម៉ា​លោកស្រី អង់សាន ស៊ូជី បាន​លុបចោល​គម្រោង​ចូលរួម​នៅ​ក្នុង​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ក្នុង​ខែ​នេះ ស្រប​ពេល​ដែល​មាន​ការ​កើន​ឡើង​នូវ​ការ​រិះគន់​ពី​អន្តរជាតិ​ទៅ​លើ​ការ​ដោះស្រាយ​របស់​លោកស្រី​ជាមួយ​នឹង​អំពើ​ហិង្សា​នៅ​ក្នុង​តំបន់​ភាគ​ខាង​លិច​ប្រទេស​មីយ៉ាន់ម៉ា។ អំពើ​ហិង្សា​នេះ​បាន​បង្ខំ​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម ប្រហែល ៣ សែន ៧ ម៉ឺន​នាក់ ឲ្យ​រត់​គេច​ឆ្លង​ព្រំដែន​ទៅ​កាន់​ប្រទេស​បង់ក្លាដែស។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​លោក Zaw Htay បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា លោកស្រី អង់សាន ស៊ូជី ដែល​ជា​អ្នក​ជ័យ​លាភី​ពាន​រង្វាន់​ណូបែល​សន្តិភាព នឹង​ស្ថិត​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដើម្បី​ដោះស្រាយ​ជាមួយ​ស្ថានការណ៍​សន្តិសុខ​ដែល​កំពុង​តែ​បន្ត​កើត​ឡើង។

លោកស្រី អង់សាន ស៊ូជី ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​និមិត្តរូប​នៃ​លទ្ធិ​ប្រជាធិបតេយ្យ ដោយសារតែ​លោកស្រី​ត្រូវ​បាន​អតីត​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ឃុំ​ខ្លួន​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍។ ប៉ុន្តែ ការណ៍​ដែល​លោកស្រី​ច្រាន​ចោល​សេចក្ដី​រាយការណ៍​នានា​អំពី​ស្ថានការណ៍​យ៉ាប់យ៉ឺន​របស់​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​រដ្ឋ Rakhine ថា​ជា «ព័ត៌មាន​ប្រឌិត» ដែល​ធ្វើ​ឡើង​ដើម្បី​គាំទ្រ​ផល​ប្រយោជន៍​របស់ «ពួក​ភេរវជន» នោះ បាន​ទទួល​រង​ការ​រិះគន់​ពី​សំណាក់​រដ្ឋាភិបាល និង​សកម្មជន​សិទ្ធិ​មនុស្ស​នានា ដែល​ក្នុង​នោះ​រួម​ទាំង​អ្នក​ជ័យ​លាភី​ពាន​រង្វាន់​ណូបែល​សន្តិភាព​ដូច​លោកស្រី​ផង​ដែរ។

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​គ្រោង​នឹង​បើក​កិច្ច​ប្រជុំ​បន្ទាន់​មួយ​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​អំពើ​ហិង្សា និង​វិបត្តិ​មនុស្សធម៌​ជា​បន្តបន្ទាប់​នៅ​ក្នុង​រដ្ឋ Rakhine។ កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​ចក្រភព​អង់គ្លេស និង​ប្រទេស​ស៊ុយអែត​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ បន្ទាប់ពី​ប្រធាន​ឧត្ដម​ស្នងការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​លោក Zeid Ra'ad al-Hussein បាន​ហៅ​ទង្វើ​ដែល​ធ្វើ​ទៅ​លើ​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា​ថា​ជា «ឧទាហរណ៍​នៃ​ការ​បោស​សម្អាត​ជាតិ​សាសន៍‍»៕