លោក Sessions ត្រូវ​បាន​គេ​អំពាវនាវ​ឲ្យ​ដក​ខ្លួន​ចេញ​ពី​ការ​ស៊ើបអង្កេត ឬ​លាលែង​ចេញ​ពី​តំណែង

លោក Jeff Sessions ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​សមាគម National Association of Attorneys General កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ពួក​ប្រជាធិបតេយ្យ​នៅ​ក្នុង​សភា​ស.រ.អា.​បាន​អំពាវនាវ​ដល់​លោក Jeff Sessions រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ឱ្យ​ដក​ខ្លួន​ចេញ​ពី​ការ​ស៊ើបអង្កេត​មួយ​ស្តី​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អា. ឬ​មួយ​លាលែង​ចេញ​ពី​តំណែង​ ក្រោយពួក​គេ​ដឹង​ថា​លោក Sessions បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ស.រ.អា.​កាលពី​ឆ្នាំ​ទៅ។

លោក Sessions បាន​គាំទ្រ​ដល់​ការ​ឈរ​ឈ្មោះរបស់​លោក Donald Trump ជា​បេក្ខជន​ប្រធានាធិបតី​ ហើយ​លោកបាន​បម្រើ​ការ​ជា​ទីប្រឹក្សា​ម្នាក់​សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ផង​ដែរ​នៅ​ពេល​លោក​កាន់​តំណែង​ជា​សមាជិក​ព្រឹទ្ធសភា​ស.រ.អា.។

នៅ​ក្រោយ​បាន​ត្រូវ​ជ្រើសរើស​ឱ្យ​ដឹកនាំ​ក្រសួង​យុត្តិធម៌​ លោក Sessions បាន​ត្រូវ​សួរ​នៅ​ក្នុង​សវនាការ​សម្រាប់​ការ​តែងតាំង​កាលពី​ខែ​មករា​ថា​តើ​លោក​នឹង​ធ្វើ​បែប​ណា​ប្រសិន​បើ​មាន​ភស្តុតាង​ថា​មាន​នរណា​ម្នាក់​ពី​ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឱ្យ​លោក Trump បាន​ទាក់ទង​ជាមួយ​ពួក​រុស្ស៊ី​នោះ។​

លោក Sessions បាន​ឆ្លើយ​ថា «គេ​បាន​ហៅ​ខ្ញុំ​ម្តង ឬ​ពីរ​ដង​ថា​ជា​អ្នក​តំណាង​នៅ​ក្នុងការ​ឃោសនា​បោះឆ្នោត​នោះ​ ហើយ​ខ្ញុំ​មិន​បាន​ទាក់ទង​ជាមួយ​ពួក​រុស្ស៊ី​ទេ។ ​ខ្ញុំ​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​អំពី​បញ្ហា​នេះ​បាន​ឡើយ»។

លោក Sessions បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី Sergei Kislyak កាល​ពីខែកក្កដា​នៅ​ក្នុង​ពិធី​មួយ​នៅ​ខាងក្រៅ​មហា​សន្និបាត​ជាតិ​នៃ​គណបក្ស​សាធារណរដ្ឋ​ហើយ​បានជួប​លោក​ទៀត​កាល​ពី​ខែ​កញ្ញានៅ​ក្នុង​ការិយាល័យលោក​ក្នុង​វិមាន​សភា​ស.រ.អា.។

អ្នកស្រី​ Sarah Isgur Flores អ្នកនាំ​ពាក្យ​នៃ​ក្រសួង​យុត្តិធម៌​បាន​និយាយ​ថា «គ្មាន​អ្វី​នាំ​ឱ្យ​យល់​ខុស​ជា​ដាច់​ខាត» អំពី​សេចក្តី​ថ្លែងការណ៍​ដែល​លោក Sessions បាន​ធ្វើ​នៅ​ក្រោម​ការ​ស្បថ​ក្នុង​សវនាការ​សម្រាប់​ការ​តែង​តាំង​នោះ។​ អ្នកស្រី​បាន​ថ្លែង​ថា ​លោក Sessions បាន​ត្រូវ​សួរ​អំពី​ការ​ទាក់ទង​រវាង​ពួក​រុស្ស៊ី​ និង​ពួក​អ្នក​ធ្វើ​ការ​ឃោសនា​បោះឆ្នោត​ឱ្យ​លោក​Trump មិន​មែន​អំពី​ជំនួប​ដែល​លោក​មាន​ក្នុង​ឋានៈ​លោក​ជា​សមាជិក​ព្រឹទ្ធសភា​ទេ៕